ជំពូក ៣

ពាក្យ​អង្វរ​របស់​លោក​តូប៊ីត

1 ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​ថ្ងូរ ហើយ​សម្រក់​ទឹក‌ភ្នែក។ បន្ទាប់​មក ខ្ញុំ​ចាប់​ផ្ដើម​ទូល​អង្វរ​ព្រះ‌ជាម្ចាស់ ទាំង​សោក​សៅ​ថា៖ 2 «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ពិត​ជា​សុច‌រិត ស្នា​ព្រះ‌ហស្ត​ទាំង​អស់​របស់​ព្រះ‌អង្គ ពិត​ជា​ត្រឹម‌ត្រូវ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​ទាំង​អស់ ដោយ​ព្រះ‌ហឫទ័យ​អាណិត‌មេត្តា ដោយ​ស្មោះ‌ត្រង់។ គឺ​ព្រះ‌អង្គ​ហើយ ដែល​វិនិច្ឆ័យ​ពិភព​ទាំង​មូល។ 3 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌អង្គ​កុំ​បំភ្លេច​ទូល​បង្គំ! សូម​ទត​មើល​មក​ទូល​បង្គំ! សូម​កុំ​ដាក់​ទោស​ទូល​បង្គំ! ព្រោះ​តែ​អំពើ​បាប​របស់​ទូល‌បង្គំ និង អំពើ​បាប​ដែល​ដូន‌តា​របស់​ទូល​បង្គំ បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ 4 ដូន‌តា​របស់​ទូល‌បង្គំ មិន​បាន​គោរព​ប្រណិ‌ប័តន៍​តាម​បញ្ជា​របស់​ព្រះ‌អង្គ​ទេ ហេតុ​នេះ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​រឹប​អូស យក​ទ្រព្យ‌សម្បត្តិ ព្រម​ទាំង​កៀរ​យើង‌ខ្ញុំ​ទៅ​ជា​ឈ្លើយ និង​ប្រហារ​ជីវិត​យើង‌ខ្ញុំ​ផង។ ប្រជា‌ជាតិ​នានា​ចំ​អក​ឡកឡឺយ ជេរ‌ប្រមាថ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​យើង​ខ្ញុំ​ឲ្យ​ទៅ​នៅ។ 5 ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ពិត​ជា​ត្រឹម​ត្រូវ ព្រះ‌អង្គ​ដាក់​ទោស​ទូល​បង្គំ ព្រោះ​តែ​អំពើ​បាប​របស់​ទូល​បង្គំ និង​អំពើ​បាប​ដូន‌តា​របស់​ទូល​បង្គំ។ យើង​ខ្ញុំ ពុំ​បាន គោរព​ប្រណិ‌ប័តន៍​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ ហើយ​ក៏​មិន​បាន​ដើរ​តាម​សេចក្ដី​សុចរិត នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អង្គ​ដែរ។ 6 ឥឡូវ​នេះ សូម​ប្រព្រឹត្ត​ចំពោះ​ទូល​បង្គំ​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ចុះ! សូម​ដក​យក​ខ្យល់​ដង្ហើម​របស់​ទូល​បង្គំ​ត្រឡប់​ទៅ​វិញ! សូម​ព្រះ‌អង្គ​មេត្តា​ផ្ដាច់​ជីវិត​ទូល​បង្គំ ឲ្យ​ទូល​បង្គំ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ចុះ។ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់ ប្រសើរ​ជាង​រស់​នៅ​តទៅ​ទៀត ដ្បិត​ទូល​បង្គំ​ឮ​តែ​ពាក្យ​ជេរ‌ប្រមាថ ហើយ​ទូល​បង្គំ​មាន​ទុក្ខ​ព្រួយ​ជា​ពន់‌ពេក! ឱ​ព្រះ‌អម្ចាស់​អើយ! សូម​មេត្តា​ជួយ​រំដោះ​ទូល​បង្គំ​ឲ្យ​រួច​ពី​ទុក្ខ​វេទនា​នេះ​ផង សូម​រំដោះ​ទូល​បង្គំ ឲ្យ​បាន​សម្រាក​អស់​កល្ប‌ជា‌និច្ច! ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​បែរ​ព្រះ‌ភ័ក្រ្ត​ចេញ​ពី​ទូល​បង្គំ​ឡើយ! ពិត​មែន​ហើយ ទូល​បង្គំ​សុខ​ចិត្ត​ស្លាប់​ប្រសើរ​ជាង​រង​ទុក្ខ​វេទនា​បែប​នេះ​អស់​មួយ​ជីវិត ហើយ​ចៀស​ផុត​ពី​ការ​ជេរ‌ប្រមាថ​ទៀត​ផង!»។

ទុក្ខ​វេទនា​របស់​នាង​សារ៉ា

7 នា​ថ្ងៃ​នោះ​ដែរ នៅ​ក្រុង​អែក‌បាថាន​ក្នុង​ស្រុក​ម៉ែដ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ‌អែល ឮ​ស្រី​បម្រើ​របស់​ឪពុក​ជេរ‌ប្រមាថ​នាង។ 8 នាង​សារ៉ា​ធ្លាប់​រៀប​អាពាហ៍‌ពិពាហ៍​ចំនួន​ប្រាំពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ អារក្ខ​កំណាច​ម្នាក់​ឈ្មោះ​អា‌ស្មូដេ បាន​សម្លាប់​ស្វាមី​ទាំង​ប្រាំពីរ​របស់​នាង​ជា​រៀង​រាល់​លើក មុន​ពេល​រួម​បវេណី​ជាមួយ​នាង។ ហេតុ​នេះ ស្រី​បម្រើ​នោះ​ចោទ​ប្រកាន់​នាង​សារ៉ា​ថា៖ «គឺ​នាង​ហើយ​ដែល​សម្លាប់​ប្ដី​ទាំង​ប្រាំពីរ​នាក់! គេ​លើក​នាង​ឲ្យ​មាន​ប្ដី​ប្រាំពីរ​លើក ប៉ុន្តែ នាង​គ្មាន​ឈ្មោះ ជា​ប្រពន្ធ​របស់​បុរស​ណា​ម្នាក់​ឡើយ! 9 ហេតុ​អ្វី​បាន​ជា​នាង​ធ្វើ​បាប​យើង ព្រោះ​តែ​ប្ដី​ទាំង​ប្រាំពីរ​នាក់​ស្លាប់​ដូច្នេះ? ចូរ​នាង​ទៅ​នៅ​ជា​មួយ​ប្ដី​នាង​ចុះ! កុំ​ឲ្យ​នាង​មាន​កូន​ប្រុស ឬ​កូន​ស្រី​ឡើយ!»។ 10 នៅ​ថ្ងៃ​នោះ នាង​សារ៉ា​កើត​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង នាង​យំ ហើយ​ឡើង​ទៅ​បន្ទប់​ខាង​លើ​របស់​ឪពុក​នាង ដោយ​មាន​បំណង​ចង​ក​សម្លាប់​ខ្លួន។ ប៉ុន្តែ ក្រោយ​មក នាង​បាន​រិះ​គិត​ពិចារណា​ថា បើ​ខ្ញុំ​ចង​ក​សម្លាប់​ខ្លួន​មែន​នោះ គេ​មុខ​ជា​ប្រមាថ​ឪពុក​ខ្ញុំ​ថា៖ «លោក​មាន​កូន​ស្រី​ជា​ទី​ស្រឡាញ់​តែ​ម្នាក់​គត់ នាង​ចង​ក ព្រោះ​តែ​កើត​ទុក្ខ​ខ្លាំង​ពេក។ ធ្វើ​ដូច្នេះ ឪពុក​របស់​ខ្ញុំ​ដែល​កាន់​តែ​ចាស់​ជរា​ហើយ​នេះ មុខ​ជា​លា​ចាក​លោក​នេះ ទាំង​កើត​ទុក្ខ​ជា​មិន​ខាន។ ហេតុ​នេះ ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​គួរ​ចង​ក​ទេ ប៉ុន្តែ ខ្ញុំ​ត្រូវ​អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​ដក​ជីវិត​ខ្ញុំ​ចុះ ដើម្បី​កុំ​ឲ្យ​គេ​ជេរ‌ប្រមាថ​ខ្ញុំ​អស់​មួយ​ជីវិត​ដូច្នេះ»។

ពាក្យ​ទូល‌អង្វរ​របស់​នាង​សារ៉ា

11 ពេល​នោះ នាង​សារ៉ា លើក​ដៃ​បែរ​ទៅ​រក​បង្អួច ហើយ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ថា៖ 12 «បពិត្រ​ព្រះ‌អម្ចាស់ ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា! នាង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ! សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​អស់​កល្ប​ជា​អង្វែង​តរៀង​ទៅ! សូម​ឲ្យ​ស្នា​ព្រះ‌ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ លើក​តម្កើង​រហូត​តរៀង​ទៅ​ផង។ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​បែរ​មុខ​ទៅ​រក​ព្រះ‌អង្គ នាង​ខ្ញុំ​សូម​បែរ​ភ្នែក​ទៅ​រក​ព្រះ‌អង្គ! 13 សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ឲ្យ​នាង​ខ្ញុំ​លា​ចាក​លោក​នេះ កុំ​ឲ្យ​នាង​ខ្ញុំ​ឮ​ពាក្យ គេ​ជេរ‌ប្រមាថ​ទៀត​ឡើយ!។ 14 បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ខ្ញុំ​ម្ចាស់​នៅ​ព្រហ្មចារី​នៅ​ឡើយ ដោយ​មិន​បាន​ខូច​ខ្លួន​នឹង​បុរស​ណា​ម្នាក់​ទេ 15 ខ្ញុំ‌ម្ចាស់​ពុំ​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍‌ឈ្មោះ​របស់​ខ្ញុំ‌ម្ចាស់ ឬ ឈ្មោះ​របស់​ឪពុក​ខ្ញុំ‌ម្ចាស់​មាន​សៅ‌ហ្មង នៅ​ក្នុង​ស្រុក ដែល​ខ្មាំង​សត្រូវ​កៀរ​យើង​ខ្ញុំ​ឲ្យ​មក​រស់​នៅ​នោះ​ទេ ឪពុក​ខ្ញុំ‌ម្ចាស់​មាន​កូន​ស្រី​តែ​ម្នាក់​គត់ គាត់​គ្មាន​កូន​ណា​ទៀត​ដែល​អាច​ទទួល​មត៌ក​ស្នង​ពី​គាត់​ឡើយ ហើយ​គាត់​ក៏​គ្មាន​បង‌ប្អូន​ញាតិ‌សន្តាន​ឯណា​ទៀត​ដែល​អាច​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ខ្ញុំ‌ម្ចាស់​ដែរ។ ប្ដី​ខ្ញុំ‌ម្ចាស់​ទាំង​ប្រាំពីរ​នាក់ បាត់‌បង់​ជីវិត​អស់​ហើយ ដូច្នេះ តើ​ខ្ញុំ‌ម្ចាស់​រស់​នៅ​តទៅ​ទៀត​ដើម្បី​អ្វី? បពិត្រ​ព្រះ‌អម្ចាស់! ប្រសិន​បើ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដក​ជីវិត​ខ្ញុំ‌ម្ចាស់​ទេ សូម​ព្រះ‌អង្គ​មេត្តា​សណ្ដាប់​ពាក្យ​ដែល​គេ​ជេរ​មក​រក​ខ្ញុំ‌ម្ចាស់​ផង!»។

ព្រះ‌ជាម្ចាស់​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​អ្នក​ទាំង​ពីរ

16 ពេល​ដដែល​នោះ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី​រុង‌រឿង ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​អ្នក​ទាំង​ពីរ 17 ហើយ​ចាត់​ទេវ​ទូត​រ៉ាផា‌អែល ទៅ​ព្យាបាល​អ្នក​ទាំង​ពីរ​ឲ្យ​ជា​សះ‌ស្បើយ គឺ​ដក​ស្បែក​ស​ចេញ​ពី​ភ្នែក​របស់​លោក​តូប៊ីត ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ពន្លឺ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដេញ​អា‌ស្មូដេ ជា​អារក្ខ​កំណាច​ចេញ​ពី​នាង​សារ៉ា ជា​កូន​របស់​លោក​រ៉ាគូ‌អែល ដើម្បី​លើក​នាង​ឲ្យ​រៀប​អាពាហ៍‌ពិពាហ៍​ជាមួយ​លោក​តូប៊ីយ៉ា ជា​កូន​ប្រុស​របស់​លោក​តូប៊ីត។ ក្នុង​ចំណោម​សាច់‌ញាតិ​ទាំង​អស់ មាន​តែ​លោក​តូប៊ីយ៉ា​នេះ​ទេ ដែល​មាន​សិទ្ធិ​ដណ្ដឹង​នាង​មុន​គេ។ ពេល​នោះ លោក​តូប៊ីត​ដើរ​ពី​ទី​ធ្លា ចូល​មក​ក្នុង​ផ្ទះ​គាត់ រីឯ​នាង​សារ៉ា​ជា​កូន​ស្រី​របស់​លោក​រ៉ាគូ‌អែល ក៏​ចុះ​ពី​បន្ទប់​ខាង​លើ​មក​ដែរ។