ពាក្យលំនាំ
លោកតូប៊ីត
រឿងលោកតូប៊ីត ជារឿងមួយពីរោះស្តាប់ ដូចជារឿងប្រលោមលោកដែរ។ ក្នុងកណ្ឌនេះ មាននិទានអំពីក្រុមគ្រួសារជនជាតិយូដាពីរគ្រួសារ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ជានិច្ច។ ពួកគេត្រូវជនជាតិអាស្ស៊ីរីកៀរ មុនពេលក្រុងសាម៉ារីត្រូវវិនាសអន្តរាយ (គឺមុនឆ្នាំ ៧២២ មុន គ.ស.)។ ទោះបីគ្រួសារទាំងពីរនេះជួបប្រទះនឹងគ្រោះកាចផ្សេងៗក៏ដោយ ក៏គេនៅតែកាន់តាមធម្មវិន័យរបស់ព្រះជាម្ចាស់ជានិច្ច។ មានទេវទូតរ៉ាផាអែល ដែលនិមិត្តខ្លួនជាមនុស្សធម្មតា តាមជួយពួកគេឲ្យសម្រេចគម្រោងការរបស់ខ្លួន។
អ្នកនិពន្ធកណ្ឌនេះ មានគោលបំណងចង់ដាស់តឿនជនជាតិយូដា ដែលរស់នៅក្នុងចំណោមជនជាតិដទៃ ឲ្យគោរពប្រតិបត្តិតាមវិន័យរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ ដូចលោកតូប៊ីតដែរ គឺជឿ សង្ឃឹមលើព្រះជាម្ចាស់ជានិច្ច គោរពកោតខ្លាចឪពុកម្តាយ ចែកទាន និងធ្វើបុណ្យផ្សេងៗ រៀបអាពាហ៍ពិពាហ៍ស្របតាមព្រះហប្ញទ័យព្រះជាម្ចាស់ និងអធិដ្ឋានជានិច្ច។ ប្រសិនបើជនជាតិយូដា ដែលរស់នៅក្នុងចំណោមសាសន៍ដទៃប្រព្រឹត្តដូច្នេះ ពួកគេមុខជារក្សាទុកនូវលក្ខណៈរបស់ខ្លួនជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយព្រះអង្គមុខជាសង្រ្គោះគេ ដូចព្រះអង្គបានសង្គ្រោះមនុស្សសុចរិតពីដើមពុំខាន។ មនុស្សសុចរិតតែងតែរងទុក្ខវេទនាមែន ប៉ុន្តែ ព្រះជាម្ចាស់មើលថែរក្សាពួកគេ ហើយនឹងប្រទានឲ្យគេបានសុភមង្គល។ ក្នុងកណ្ឌនេះ មានបង្ហាញអំពីជំនឿលើទេវទូត តាមរបៀបជនជាតិយូដាធ្លាប់ចែងនៅជំនាន់នោះ។ គេរៀបរាប់អំពីទេវទូតដូច្នេះ ដើម្បីប្រកាសថា ព្រះជាម្ចាស់តាមថែរក្សាមនុស្សលោកជានិច្ច។
រឿងនេះប្រហែលនិពន្ធនៅឆ្នាំ ២០០ មុនគ.ស.។