ជំពូក ១៤

1(១៣.១៦) អ្នក​ក្រុង​សាម៉ារី​នឹង​ទទួល​ទោស

ព្រោះ​គេ​បាន​បះ‌បោរ

ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន។

ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ

ខ្មាំង​នឹង​ជាន់​កម្ទេច​កូន​ក្មេង

ហើយ​វះ​ពោះ​ស្ត្រី​មាន​គភ៌។

ព្រះ‌បន្ទូល​សន្យា

2(១) អ៊ីស្រា‌អែល​អើយ! ចូរ​វិល​ត្រឡប់​មក​រកព្រះ‌អម្ចាស់

ជា​ព្រះ​របស់​អ្នក​វិញ

ដ្បិត​អំពើ​បាប​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ដួល។

3(២) ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រក​ព្រះ‌អម្ចាស់​វិញ

ដោយ​រៀប‌ចំ​ពាក្យ​សម្ដី ហើយ​ទូល​ព្រះ‌អង្គ​ថា:

សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ

សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ

ទុក​ជា​យញ្ញ‌បូជា​ជំនួស​គោ​បា។

4(៣) ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ

យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ

យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ

ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា

“ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។

មាន​តែ​ព្រះ‌អង្គ​ទេ ដែល​មាន​ព្រះ‌ហឫទ័យ

អាណិត‌អាសូរ​ដល់​ជន​កំព្រា។

5(៤) «យើង​នឹង​ព្យាបាល​ចិត្ត​ក្បត់​របស់​ពួក​គេ

ឲ្យ​បាន​ជា​សះ‌ស្បើយ

គឺ​យើង​នឹង​ស្រឡាញ់​គេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត

ដ្បិត​យើង​លែង​ខឹង​នឹង​គេ​ទៀត​ហើយ។

6(៥) យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជាជន​អ៊ីស្រា‌អែល

ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក

ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ

ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ​ស្រុក​លីបង់។

7(៦) ពួក​គេ​បែក​មែក​សាខា ល្អ​ដូច​ដើម​អូលីវ

និង​មាន​គន្ធ‌ពិដោរ​ក្រអូប

ដូច​ព្រៃ​នៅ​ស្រុក​លីបង់។

8(៧) អស់​អ្នក​ដែល​ធ្លាប់​ជ្រក​នៅ​ក្រោម

ម្លប់​ដើម​ឈើ​នេះ នឹង​វិល​ត្រឡប់​មក​វិញ។

ពួក​គេ​នឹង​ធ្វើ​ស្រែ​ចម្ការ​សា​ជា​ថ្មី

ពួក​គេ​នឹង​ចម្រុង‌ចម្រើន​ដូច​ដើម​ទំពាំង‌បាយ‌ជូរ

ហើយ​មាន​ឈ្មោះ​ល្បី‌ល្បាញ​ដូច​ស្រា

នៅ​ស្រុក​លីបង់។

9(៨) អេប្រា‌អ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង

ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ?

គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប

និង​មើល​ថែ‌រក្សា​អ្នក។

យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី

យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។

10(៩) តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ

អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន?

មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់

មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ

រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល

ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។