ជំពូក ១២

ទោស​របស់​កូន​ចៅ​លោក​យ៉ាកុប

1 «អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក

បញ្ឆោត​យើង

កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង»

តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ

គេ​ស្មោះ‌ត្រង់​នឹង​ព្រះ​ដ៏‌វិសុទ្ធ។

2 អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ

គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។

រៀង‌រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក‌ប្រាស់

និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។

អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី

ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ

ស្រុក​អេស៊ីប។

3ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ

ព្រះ‌អង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប

ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ

ព្រះ‌អង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ

តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ

លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន

លុះ​ដល់​ពេល​ធំ​ពេញ​វ័យ

គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។

គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវទូត

គាត់​បាន​ឈ្នះ​ទេវទូត​នោះ

រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។

គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល

គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គ​មាន

មាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។

6 ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល

ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់។

7 ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក

ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិ‌ធម៌

ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។

8 ប្រជាជន​កាន់​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​នៅ​ដៃ

ដូច​កាណានដែរ

គេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។

9 អេប្រា‌អ៊ីម​ពោល​ថា:

“ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន

ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង

គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។

10 «ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់

យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។

យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម

សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។

11 យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការី

យើង​នឹង​សម្ដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន

ហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នា

តាម‌រយៈ​ពួក​ព្យាការី​ដែរ»។

12 អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត

ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។

ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញ‌បូជា

នៅ​គីលកាល់

ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា

គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។

13 លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អារ៉ាម

លោក​អ៊ីស្រា‌អែល​បម្រើ​គេ

ព្រោះ​ចង់​បាន​ប្រពន្ធ

គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។

14ព្រះ‌អម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​ឲ្យ​នាំ

ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប

ហើយ​ព្រះ‌អង្គ​ប្រើ​ព្យាការី​ឲ្យ​មើល​ថែ​ទាំ

ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

15 អេប្រា‌អ៊ីម​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់

ខក​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ខ្លាំង

ព្រះ‌អម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ

ព្រោះ​គេ​បាន​បង្ហូរ​ឈាម។

ព្រះ‌អង្គ​ដាក់​ទោស​គេ

ព្រោះ​គេ​ព្រហើន​ដាក់​ព្រះ‌អង្គ។