ជំពូក ៧

1 គឺ​នៅ​ពេល​យើង​ចង់​ប្រោស

អ៊ីស្រា‌អែល​ឲ្យ​បាន​ជា

នោះ​កំហុស​របស់​អេប្រា‌អ៊ីម និង​អំពើ​ទុច្ចរិត

របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក

ដ្បិត​ពួក​គេ​បោក‌ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក

ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។

2 ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី

អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។

ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ

ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ

យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។

3 ពួក​គេ​ធ្វើ​ឲ្យ​ស្តេច​សប្បាយ​ចិត្ត

ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់

ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត

ដោយ​ពួក​គេ​បោក‌ប្រាស់។

4 ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់

ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ

ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស

ចាប់​ពី​ពេល​គាត់​រៀប‌ចំ​ម្សៅ

រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។

5 នៅ​ថ្ងៃ​បុណ្យ​របស់​ស្តេច

ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង

ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។

6 ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង

រៀប‌ចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់

ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់

ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ

ដូច​អគ្គី‌ភ័យ។

7 ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង

ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។

ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់‌បង់​ជីវិត

ជា​បន្ត​បន្ទាប់​គ្នា

តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។

8 អេប្រា‌អ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ

អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ

9 ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ

គេ​នៅ​តែ​មិន​ដឹង​ខ្លួន

គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ

នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។

10 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង

តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់

ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ

គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្តី

ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។

11 អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ

គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ

ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ

ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។

12 ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ

យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ

យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប

យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា

ពួក​គេ​ជួប‌ជុំ​គ្នា។

13 ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន

ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង

ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ

ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។

តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន

បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក

ដាក់​យើង​ដូច្នេះ?

14 ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ

ពួក​គេ​ចូល​ដំណេក ទាំង​សោក‌សង្រេង

ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន

ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី

ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។

15 យើង​បាន​បណ្តុះ‌បណ្តាល

និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ

ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះ‌គិត​គម្រោង​អាក្រក់

ប្រឆាំង​នឹង​យើង។

16 ពួក​គេ​វិល​មក​វិញ តែ​មិន‌មែន​មក​រក​យើង​ទេ

ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។

មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ

ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង‌កាច​របស់​ខ្លួន។

ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប

សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។