ជំពូក ៩

ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​នឹង​បាត់‌បង់​អ្វីៗ​ទាំង​អស់

1 អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ

និង​សប្បាយ​រីក‌រាយ

ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ

ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ដោយ​បោះ‌បង់​ចោល​ព្រះ​របស់​ខ្លួន

អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ

ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម

លាន​បោក​ស្រូវ។

ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ

ដែល​គេ​បោក‌បែន ឬ​ប្រេង​ដែល​គេ​កៀប

ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។

3 ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់

អេប្រា‌អ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ

ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ

នៅ​ស្រុក​អាស្ស៊ីរី។

4 ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់

យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ

របស់​ព្រះ‌អង្គ​ឡើយ។

សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ

ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ

អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ

នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។

អាហារ​របស់​គេ​បាន​ត្រឹម​តែ

ចម្អែត​ក្រពះ​ប៉ុណ្ណោះ

គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់

ព្រះ‌អម្ចាស់​បាន​ឡើយ។

5 តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ

សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?

6 មើល​ចុះ! ពួក​គេ​ចាក‌ចេញ​ទៅ

ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។

ស្រុក​អេស៊ីប​ទទួល​ពួក​គេ

ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប

ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ

ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។

7 អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថា

គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ

គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ

ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ

ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង

ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី

ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់

និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។

8 អ្នក​យាម‌ល្បាត​ឲ្យ​អេប្រា‌អ៊ីម គឺ​ព្យាការី

ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។

គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី

ហើយ​គេ​ប្រឆាំង​នឹង​គាត់

នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។

9 ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ

កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបា​ដែរ

ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ

ហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេ

តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

10 «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល

ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​វាល​រហោ‌ស្ថាន

យើង​បាន​ឃើញ​ដូន‌តា​របស់​អ្នក​រាល់​គ្នា

ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។

ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ

ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់

ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម

ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

11 កិត្តិ‌យស​របស់​អេប្រា‌អ៊ីម​នឹង​ចាក‌ចេញ​ពី​គេ

ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ

គឺ​គ្មាន​ទារក​កើត​ទៀត​ទេ

ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ

ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ

យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ

មុន​ពេល​វា​ធំ​ពេញ​វ័យ។

កាល​ណា​យើង​នឹង​ចាក‌ចេញ​ពី​ពួក​គេ

ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

13 យើង​ឃើញ​ថា អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង

ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល

តែ​អេប្រា‌អ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន

ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។

14ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ

តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?

គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ

មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។

15 «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ

លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់

គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្តើម

ស្អប់​ខ្ពើម​ពួក​គេ។

ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់

យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី

ដំណាក់​របស់​យើង។

យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ

មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ

សុទ្ធ​តែ​ជា​ជន​បះ‌បោរ។

16 អេប្រា‌អ៊ីម​ត្រូវ​បណ្ដាសា​ហើយ

ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់

ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។

ប្រសិន​បើ​ពួក​គេ​បង្កើត​កូន

នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់

របស់​ពួក​គេ​បាត់‌បង់​ជីវិត»។

17 ព្រះ​របស់​ខ្ញុំ​នឹង​បោះ‌បង់​ចោល​ពួក​គេ

ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះ‌អង្គ​ទេ។

ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់‌ព្រាត់​ទៅ​នៅ

ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។