ជំពូក ៤

ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ

1 ជន​ជាតិ​អ៊ីស្រា‌អែល​អើយ

ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!

ព្រះ‌អម្ចាស់​កំពុង​តែ​ប្ដឹង​នឹង​អ្នក​ស្រុក​នេះ

ដ្បិត​នៅ​ក្នុង​ស្រុក​នេះ

គ្មាន​ការ​ស្មោះ‌ត្រង់ គ្មាន​ភក្តី‌ភាព

ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។

2 ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ដាក់​បណ្ដាសា​គ្នា

ការ​បោក‌ប្រាស់​គ្នា សម្លាប់​គ្នា

អំពើ​ចោរ‌កម្ម និង​ការ​ផិត​ក្បត់

ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ និង​ឃាត‌កម្ម

ជា​បន្ត​បន្ទាប់​គ្នា។

3 ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត

អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង

សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ

សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ

ជា​មួយ​ពួក​គេ​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​បូជា‌ចារ្យ

4 ប៉ុន្តែ បូជា‌ចារ្យ​អើយ មិន​ត្រូវ​ឲ្យ​នរណា​ជំទាស់

ឬ​ស្តី​បន្ទោស​ប្រជាជន​ឡើយ

ដ្បិត​យើង​ចោទ​ប្រកាន់​តែ​អ្នក។

5 នៅ​ពេល​ថ្ងៃ អ្នក​នឹង​ជំពប់​ដួល

នៅ​ពេល​យប់ ព្យាការី​ជំពប់​ដួល​ជា​មួយ​អ្នក

ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម្ដាយ​របស់​អ្នក

ត្រូវ​វិនាស​ដែរ។

6 ប្រជាជន​របស់​យើង​វិនាស

ព្រោះ​ពួក​គេ​មិន​ស្គាល់​យើង។

ដោយ​អ្នក​មិន​ទទួល​ស្គាល់​យើង

យើង​នឹង​បណ្តេញ​អ្នក​មិន​ឲ្យ​បំពេញ​មុខ‌ងារ

ជា​បូជា‌ចារ្យ​របស់​យើង​ទៀត​ដែរ។

ដោយ​អ្នក​បាន​បំភ្លេច​វិន័យ​នៃ​ព្រះ​របស់​អ្នក

យើង​នឹង​បំភ្លេច​កូន​ចៅ​របស់​អ្នក​ដែរ។

7 ពួក​បូជា‌ចារ្យ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ប្រព្រឹត្ត

អំពើ​បាប​ប្រឆាំង​នឹង​យើង

យើង​នឹង​ដូរ​កិត្តិ‌យស​របស់​ពួក​គេ

ឲ្យ​ទៅ​ជា​ភាព​អាម៉ាស់។

8 អ្នក​ទាំង​នោះ​បំប៉ន​ខ្លួន​ឲ្យ​ធំ​ធាត់ ដោយ‌សារ

តង្វាយ​លោះ​បាប​នៃ​ប្រជាជន​របស់​យើង

ហើយ​សប្បាយ​ចិត្ត

ដោយ​ឃើញ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់។

9 បូជា‌ចារ្យ​ក៏​ដូច​ជា​ប្រជាជន​ដែរ

យើង​នឹង​ដាក់​ទោស​ពួក​គេ

តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត

គឺ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា

យើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។

10 ពួក​គេ​បរិភោគ តែ​មិន​ចេះ​ឆ្អែត

ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

តែ​មិន​បាន​ចម្រុង‌ចម្រើន​ទេ

ដ្បិត​ពួក​គេ​បោះ‌បង់​ចោល​យើង

ដែល​ជា​ព្រះ‌អម្ចាស់ ទៅ​ប្រព្រឹត្ត

11 អំពើ​ពេស្យា‌ចារ ចិត្ត​ប្រាថ្នា​ចង់

បាន​ស្រា​ចាស់ និង​ស្រា​ថ្មី

បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង។

12 ប្រជា‌រាស្ដ្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ

ឲ្យ​ទស្សន៍‌ទាយ

ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង!

គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង

ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។

13 ពួក​គេ​តែង‌តែ​ធ្វើ​យញ្ញ‌បូជា​នៅ​តាម​កំពូល​ភ្នំ

ហើយ​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ទួល​ខ្ពស់

នៅ​ក្រោម​ដើម​ជ្រៃ ក្រោម​ដើម​ពោធិ

និង​ក្រោម​ដើម​ម៉ៃ‌សាក់

ដែល​មាន​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ!

ហេតុ​នេះ កូន​ស្រី​របស់​អ្នក​រាល់​គ្នា

ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

កូន​ប្រសា​ស្រី​របស់​អ្នក​រាល់​គ្នា

ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

14 យើង​មិន​ដាក់​ទោស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា

ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ហើយ​ក៏​មិន​ដាក់​ទោស​កូន​ប្រសា​ស្រី​របស់

អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ផិត​ក្បត់​របស់​គេ​ដែរ

ដ្បិត​អ្នក​រាល់​គ្នា​ផ្ទាល់​បាន​ដក​ខ្លួន

ទៅ​ជា​មួយ​ស្រី​ពេស្យា

និង​ធ្វើ​យញ្ញ‌បូជា​រួម​ជា​មួយ​ស្រី​ពេស្យា​សក្ការៈ។

ប្រជាជន​ដែល​មិន​ចេះ​គិត​ពិចារណា​បែប​នេះ

រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។

15 អ៊ីស្រា‌អែល​អើយ

ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ដូច្នេះ

មិន​គប្បី​ឲ្យ​យូដា​ធ្វើ​ខុស​ដូច​អ្នក​ទេ

កុំ​ទៅ​គីល‌កាល់ កុំ​ឡើង​ទៅ​បេតអា‌វេន

ឬ​ក៏​ស្បថ​ក្នុង​នាម

ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ដែរ។

16 អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ? 17 បើ​អេប្រា‌អ៊ីម​ចូល​រួម​ជា​មួយ​ព្រះ​ក្លែង‌ក្លាយ ទុក​ឲ្យ​គេ​ចូល​រួម​ទៅ! 18 ពួក​គេ​ផឹក​ស្រា​មិន​ទាន់​អស់​ចិត្ត​ផង នោះ​ពួក​គេ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ចូល​ចិត្ត​អំពើ​ដ៏​អាម៉ាស់។ 19 ខ្យល់​កំបុត​ត្បូង​នឹង​កួច​ពួក​គេ​យក​ទៅ ហើយ​ពួក​គេ​នឹង​ត្រូវ​ខ្មាស ព្រោះ​តែ​យញ្ញ‌បូជា​របស់​ខ្លួន។