ជំពូក ៦

ប្រជាជន​ពិត​ជា​វិល​មក​រក​ព្រះ‌អម្ចាស់​មែន​ឬ?

1 អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក!

ពួក​យើង​វិល​ទៅ​រក​ព្រះ‌អម្ចាស់​វិញ។

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស

ព្រះ‌អង្គ​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ

ព្រះ‌អង្គ​បាន​ប្រហារ​ពួក​យើង

ព្រះ‌អង្គ​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។

2 ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត

មក​ពួក​យើង​វិញ។

នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ

ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ព្រះ‌អង្គ។

3 យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់​ព្រះ‌អម្ចាស់

ឲ្យ​បាន​ច្បាស់

ព្រះ‌អង្គ​ប្រាកដ​ជា​យាង​មក​ជួយ​ពួក​យើង

គឺ​ពិត​ដូច​ថ្ងៃ​រះ។

ព្រះ‌អង្គ​នឹង​យាង​មក​ប្រោស​ពួក​យើង

ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែន‌ដី

តាម​រដូវ​កាល”។

4 «អេប្រា‌អ៊ីម​អើយ!

តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន?

យូដា​អើយ!

តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន

បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង

ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម

និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក

ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!

5 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ព្យាការី

ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។

យើង​ប្រហារ​អ្នក​រាល់​គ្នា

ដោយ​ពាក្យ​សម្ដី​ដែល​យើង​ថ្លែង​ប្រាប់។

ការ​វិនិច្ឆ័យ​របស់​យើងមក​ដល់​ដូច​ផ្លេក‌បន្ទោរ

6 ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្តី​ប៉ុណ្ណោះ

គឺ​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ

យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង

ជា​ជាង​យក​តង្វាយ​ដុត​មក​ឲ្យ​យើង។

7 ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ

សម្ពន្ធ‌មេត្រី* ដូច​អដាំ

គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។

8 កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។

9 ក្រុម​បូជា‌ចារ្យ*​ប្រហារ​ជីវិត​មនុស្ស

នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម

ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ

ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត!

10 ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល

យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម

គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រា‌អ៊ីម

បាន​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ‌ហ្មង។

11 យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ

យើង​ប្រុង‌ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។

លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ដ្រ

របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ