ជំពូក ១១
ការរមិលគុណរបស់ជនជាតិអ៊ីស្រាអែល
1 «កាលអ៊ីស្រាអែលនៅពីក្មេង
យើងបានស្រឡាញ់អ៊ីស្រាអែល
យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។
2 យើងបានហៅគេមកយ៉ាងណា
គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា
សែនព្រះបាលទាំងឡាយ
ហើយដុតគ្រឿងក្រអូបជាសក្ការបូជា
ចំពោះរូបបដិមា។
3 យើងនេះហើយដែលបានកាន់ដៃ
និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ
តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
4 យើងបានណែនាំគេដោយចិត្តអាណិតអាសូរ
និងដោយចិត្តស្រឡាញ់។
យើងបានថ្នាក់ថ្នមគេ
ដូចឪពុកលើកកូនមកបីថើប
ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។
5 ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ
ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ
ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក
យើងវិញទេ។
6 សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ
ព្រមទាំងរំលំកំពែងការពារក្រុង
ហើយកម្ទេចអ្វីៗទាំងអស់។
នេះហើយជាលទ្ធផលនៃនយោបាយ
របស់អ៊ីស្រាអែល។
7 ប្រជាជនរបស់យើងនៅតែរឹងចចេស
បោះបង់ចោលយើងរហូត
យើងហៅពួកគេឲ្យងើបមើលមកយើង
តែគ្មាននរណារវីរវល់តម្កើងយើងទេ។
8 អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ
អ្នកយ៉ាងដូចម្ដេច?
អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?
តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច
ក្រុងអាដម៉ាឬ?
តើយើងគួរធ្វើឲ្យអ្នកបានដូច
ក្រុងសេបូអ៊ីមឬ?
ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ
យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
9 យើងមិនអាចប្រព្រឹត្ត
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម
ព្រោះយើងជាព្រះជាម្ចាស់
មិនមែនជាមនុស្សទេ!
យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក
យើងមិនមែនមក ដោយកំហឹងឡើយ។
10 ពួកគេនឹងដើរតាមព្រះអម្ចាស់
ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ
ពេលឮព្រះអង្គបន្លឺព្រះសូរសៀង
កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ
ពីស្រុកខាងលិច ទាំងញ័ររន្ធត់។
11 ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប
ដូចហ្វូងចាបទាំងញ័ររន្ធត់
ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប
យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន
របស់ខ្លួនវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។