ជំពូក ៨

អ៊ីស្រា‌អែល​មាន​ទោស ព្រោះ​តែ​គោរព​ព្រះ​ក្លែង‌ក្លាយ

ចូរ​ផ្លុំ​ស្នែង​ប្រកាស​ភាព​អាសន្ន!

ខ្មាំង​សត្រូវ​បោះ‌ពួយ​ដូច​សត្វ​ឥន្ទ្រី

មក​លើ​ទឹក​ដី​របស់​យើង ជា​ព្រះ‌អម្ចាស់

ដ្បិត​ប្រជាជន​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី

របស់​យើង

ពួក​គេ​ប្រព្រឹត្ត​បំពាន​លើ​ច្បាប់​របស់​យើង។

2 ពួក​គេ​ស្រែក​រក​យើង​ថា “ព្រះ​នៃ​ទូល‌បង្គំ​អើយ

យើង​ខ្ញុំ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល

យើង​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ”។

3 អ៊ីស្រា‌អែល​បាន​បោះ‌បង់​ការ​ល្អ

ហេតុ​នេះ​បាន​ជា​សត្រូវ​ដេញ​តាម​ពួក​គេ។

4 ពួក​គេ​តែង​តាំង​ស្តេច ដោយ​ឥត​សាក‌សួរ​យើង

ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។

ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន

ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ

ដែល​បណ្តាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។

5 អ្នក​ក្រុង​សាម៉ារី​អើយ

ចូរ​យក​រូប​ព្រះ‌គោ​របស់​អ្នក​បោះ​ចោល​ទៅ!។

កំហឹង​របស់​យើង​ឆាប‌ឆេះ​ទៅ​លើ

អ្នក​ក្រុង​សាម៉ារី

តើ​ដល់​ពេល​ណា​ទើប​ពួក​គេ​អាច​រស់​នៅ

ដោយ​ឥត​សៅ‌ហ្មង?

6 រូប​គោ​នោះ​កើត​ចេញ​មក​ពី​អ៊ីស្រា‌អែល

មាន​ជាង​ឆ្លាក់​វា គឺ​វា​មិន‌មែន​ជា​ព្រះ​ទេ

ហេតុ​នេះ​ហើយ​បាន​ជា​រូប​គោ​របស់​សាម៉ារី

នឹង​ត្រូវ​បាក់‌បែក​ខ្ទេច‌ខ្ទី​ជា​ពុំ‌ខាន។

7 ពួក​គេ​សាប‌ព្រោះ​ខ្យល់

ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។

ស្រូវ​ស្កក គ្មាន​បាយ​ហូប

ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស

មក​លេប​យក​ទៅ​បាត់​ដែរ។

8 អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​លេប​បាត់​ហើយ!

ឥឡូវ​នេះ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម

ប្រជា‌ជាតិ​នានា

ដូច​អំបែង​ដែល​គ្មាន​នរណា​ចង់​បាន។

9 សត្វ​លា​ព្រៃ​តែ​នៅ​ដាច់​ពី​គេ

តែ​អេប្រា‌អ៊ីម​បែរ​ជា​លក់​ខ្លួន​ឲ្យ

ស្រុក​អាស្ស៊ីរី ដែល​ជា​សហាយ​របស់​គេ។

10 ទោះ​បី​ពួក​គេ​យក​ជំនូន​ទៅ​ឲ្យ

ប្រជា‌ជាតិ​នានា​ក្តី

ក៏​ពេល​នេះ​យើង​ប្រមូល​ផ្តុំ​ពួក​គេ

ហើយ​បន្តិច​ទៀត ពួក​គេ​នឹង​រង​ទុក្ខ​វេទនា

ក្រោម​អំណាច​ព្រះ‌ចៅ​អធិរាជ។

11 អេប្រា‌អ៊ីម​បាន​សង់​អាសនៈ​កាន់​តែ​ច្រើន​ឡើងៗ

ដើម្បី​ឲ្យ​រួច​ពី​បាប

តែ​អាសនៈ​ទាំង​នោះ​ក្លាយ​ទៅ​ជា​កន្លែង

ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​វិញ!

12 ទោះ​បី​យើង​បាន​ចែង​វិន័យ​ទុក​ឲ្យ​គេ

ច្រើន​យ៉ាង​ណា​ក្តី

ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។

13 ពួក​គេ​យក​សត្វ​មក​ធ្វើ​យញ្ញ‌បូជា​ឲ្យ​យើង

ព្រោះ​ពួក​គេ​ចូល​ចិត្ត​បរិភោគ​សាច់។

ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់

មិន​ពេញ​ចិត្ត​នឹង​តង្វាយ​របស់​ពួក​គេ​ទេ

យើង​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ

ហើយ​រាប់​ចំនួន​អំពើ​បាប​ដែល​ពួក​គេ​ប្រព្រឹត្ត។

ពួក​គេ​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។

14 អ៊ីស្រា‌អែល​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក

ហើយ​គេ​នាំ​គ្នា​សង់​វិមាន​ផ្សេងៗ។

រីឯ​យូដា​វិញ គេ​សង់​ទី‌ក្រុង

ដែល​មាន​កំពែង​រឹង‌មាំ​កាន់​តែ​ច្រើន

តែ​យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ក្រុង​របស់​គេ

ព្រម​ទាំង​ឆេះ​កម្ទេច​វិមាន​របស់​ពួក​គេ​ផង។