ជំពូក ៥

1 បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!

ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត!

ញាតិ​វង្ស​របស់​ស្តេច​អើយ ចូរ​ត្រង់‌ត្រាប់​ស្ដាប់!

គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិ‌ធម៌

ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា

អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាប៊រ

2 អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម

យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។

3 យើង​ស្គាល់​អេប្រា‌អ៊ីម​យ៉ាង​ច្បាស់

យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។

អេប្រា‌អ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ‌ហ្មង។

4 អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត

រា‌រាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក

ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ

ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ

ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។

5 អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង

អ៊ីស្រា‌អែល និង​អេប្រា‌អ៊ីម ជំពប់​ដួល

ព្រោះ​តែ​កំហុស​របស់​ខ្លួន

ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។

6 ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់

ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ

ដើម្បី​ថ្វាយ​យញ្ញ‌បូជា

តែ​ពួក​គេ​រក​ព្រះ‌អង្គ​ពុំ​ឃើញ​ឡើយ

ព្រោះ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ពួក​គេ​ហើយ។

7 ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់

ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។

ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា

មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។

សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​អ៊ីស្រា‌អែល និង​យូដា

8 ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបា!

ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!

ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!

បេន‌យ៉ាមីន​ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!

9 នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោស

អេប្រា‌អ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។

យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា

នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។

10 មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ប្រៀប​បាន​នឹង

អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង

យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ

ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។

11 អេប្រា‌អ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស

ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន

ព្រោះ​អេប្រា‌អ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗ

ដែល​ឥត​បាន​ការ។

12 រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ

ដែល​ស៊ី​ពួក​អេប្រា‌អ៊ីម

ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។

13 អេប្រា‌អ៊ីម​ឃើញ​រោគ​របស់​ខ្លួន

យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ

ដូច្នេះ អេប្រា‌អ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី

គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​អធិរាជ

ប៉ុន្តែ ស្តេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា

ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា

ឲ្យ​ជា​សះ​បាន​ឡើយ។

14 យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រា‌អ៊ីម

និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី

គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ

រួច​យើង​ចាក‌ចេញ​ទៅ

ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ

ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។

15 យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ

រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស

ហើយ​ស្វែង​រក​យើង។

នៅ​ពេល​មាន​អាសន្ន

ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។