ជំពូក ១០

ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល

1 ពី​ដើម ប្រជាជន​អ៊ីស្រា‌អែល

ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយ‌ជូរ

ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។

ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា

ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ

ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។

ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា

គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ

កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។

2 ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ

ពួក​គេ​ត្រូវ​តែ​ទទួល​ទោស

គឺ​ព្រះ‌អម្ចាស់​នឹង​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ

ព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។

3 ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:

«យើង​គ្មាន​ស្តេច​ទេ ព្រោះ​យើង​មិន​បាន

គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។

(ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្តេច

តើ​ស្តេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។

4 ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ

និយាយ​ស្បថ​បំពាន

ហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។

ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិ‌ធម៌​ប្រៀប​បាន​នឹង

ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល

ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។

5 អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត

ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព

នៅ​បេត-‌អាវេន

ប្រជាជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា

រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។

ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ

ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ

ពី​ចំណោម​ពួក​គេ។

6 គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី

ថ្វាយ​ព្រះ‌ចៅ​អធិរាជ។

អេប្រា‌អ៊ីម​នឹង​ត្រូវ​អាម៉ាស់

អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ

ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន។

7 អ្នក​ក្រុង​សាម៉ារី និង​ស្តេច​របស់​គេ​ប្រៀប​បី​ដូច

កម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក។

8 ចំណែក​ឯ​ទី​សក្ការៈ​ទាំង‌ឡាយ​នៅ​អាវេន

ជា​កន្លែង​ដែល​ប្រជាជន​អ៊ីស្រា‌អែល

ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។

រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។

ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា:

ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង!

ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា:

ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។

9 ចាប់​តាំង​ពី​គ្រា​នៅ​គីបា អ៊ីស្រា‌អែល​ចេះ​តែ

ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។

ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបា

សម្រាប់​ដាក់​ទោស​ជន‌ពាល!

10 យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង

ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ

ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស

ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។

11 អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​គោ​ញី

ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ

ពេល​យើង​ឃើញ ក​របស់​អេប្រា‌អ៊ីម​មាំ​ល្អ​ដូច្នេះ

យើង​ទឹម​អេប្រា‌អ៊ីម

យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។

12 ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ

ចូរ​នាំ​គ្នា​សាប‌ព្រោះ​សេចក្ដី​សុចរិត

អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្តី‌ភាព​យ៉ាង​បរិបូណ៌!

ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី!

ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ហើយ

គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះ‌អង្គ​យាង​មក

ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។

13 អ្នក​រាល់​គ្នា​សាប‌ព្រោះ​អំពើ​អាក្រក់

នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត

ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក‌ប្រាស់។

អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង

និង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។

14 ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮ

ក្នុង​កង‌ទ័ព​របស់​អ្នក

ទី‌ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក

នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្តេច​សាល់‌ម៉ន

បាន​បំផ្លាញ​ក្រុង​បេត-‌អាបិល

នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម

គេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

15 នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ

ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។

នៅ​ពេល​ថ្ងៃ​រះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវ

វិនាស​សូន្យ។