ជំពូក ១
1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេ ជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអសារីយ៉ា ព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។
អាពាហ៍ពិពាហ៍របស់លោកហូសេ
2 ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកហូសេ ចាប់ផ្តើមដូចតទៅ:
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។
3 លោកហូសេក៏ទៅយកនាងកូមែរ ជាកូនរបស់លោកឌីបឡាអ៊ីម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យីសរេអែល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយីសរេអែល។ យើងនឹងលែងឲ្យមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ 5 ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយីសរេអែល»។
6 នាងកូមែរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7 ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
8 ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។