ជំពូក ១៩

វិន័យ​ផ្សេង​ៗ

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ចូរ​ប្រាប់​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។
3 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់​ៗ​ត្រូវ​គោរព​មាតាបិតា​របស់​ខ្លួន ត្រូវ​គោរព​បុណ្យ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
4 អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែងក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សំរាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
5 ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា​មេត្រីភាព​ថ្វាយ​ព្រះអម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះហឫទ័យ​ព្រះអង្គ។ 6 ត្រូវ​បរិភោគ​សាច់​របស់​ សត្វ ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញបូជា នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។ 7 ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដែរ។ 8 នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជាជន​របស់​ខ្លួន។
9 ពេល​ណា​ អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។ 10 មិន​ត្រូវ​បេះ​ផ្លែ​ ទំពាំង​បាយជូរ ដែល​នៅ​សេសសល់​ក្នុង​ចំការ​របស់​អ្នក​អោយ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​អោយ​ជន​ទុគ៌ត និង​ជន​បរទេស​រើស​បរិភោគ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
11 អ្នក​ រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ​។ 12 មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះនាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះអម្ចាស់​។
13 មិន​ ត្រូវ​ជិះជាន់​សង្កត់សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។ 14 មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​អោយ​គេ​ជំពប់​ដួល​ឡើយ​។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ​អម្ចាស់។
15 ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​អោយ​សោះ គឺ​កុំ​យោគយល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​អោយ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិធម៌។
16 មិនត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជាជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​អោយ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះអម្ចាស់។ 17 មិន​ត្រូវ​មាន​ចិត្ត​ ស្អប់​បង​ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ 18 កុំ​សងសឹក​អោយ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​​​​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​អោយ​បាន​ដូច​ស្រ​ឡាញ់​​ខ្លួន​ឯង។ យើង​ជា​ព្រះអម្ចាស់។
19 ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រ​ភេទ​ខុស​គ្នា មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀកបំពាក់ ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។

20 ប្រសិន​ បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បំរើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​អោយ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។ 21 បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 22 បូជាចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​បុរស​នោះ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះអម្ចាស់ គឺ​បូជាចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញបូជា​លោះ​បាប នោះ​ព្រះអម្ចាស់​នឹង​លើកលែង​ទោស​អោយ​គេ​រួច​ពី​បាប។

23 ពេល​ អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។ 24 នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ​អង្គ។ 25 នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
26 អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា ​ដែល​នៅ​មាន​ឈាម​ឡើយ។ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​មន្តអាគម ហើយ​ក៏​មិន​ត្រូវ​គន់គូរ​មើល​ជោគរាសី​ដែរ។ 27 កុំ​កាត់​ជើង​សក់​របស់​អ្នក​រាល់​គ្នា​អោយ​មាន​រាង​មូល កុំ​កោរ​ជាយ​ពុក​ចង្កា​របស់​អ្នក​ឡើយ។ 28 មិន​ត្រូវ​ធ្វើ​ពិធី​ ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះអម្ចាស់។
29 មិន​ ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​អោយ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​អោយ​ស្រុក​ទេស​ពោរពេញ​ទៅ​ដោយ​ភាព​ពេស្យាចារ និង​អំពើ​ថោក​ទាប។
30 ត្រូវ​គោរព​បុណ្យ​សប្ប័ទ និង​ទីសក្ការៈ​របស់​យើង។ យើង​ជា​ព្រះអម្ចាស់។
31 មិន​ត្រូវ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ឬ​គ្រូ​ទាយ​ឡើយ កុំ​ស្វែង​រក​ពួក​គេ​អោយ​សោះ ក្រែង​លោ​អ្នក​រាល់​គ្នា​ប្រែ​ជា​សៅហ្មង​រួម​ជា​មួយ​ពួក​គេ​ដែរ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
32 ត្រូវ​ចេះ​អោន​លំទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​ចាស់​ព្រឹទ្ធាចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះអម្ចាស់។ 33 ប្រសិន​បើ​មាន​ជន​បរទេស​មក​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក​រាល់​គ្នា កុំ​ជិះជាន់​គេ​ឡើយ។ 34 ចូរ​ប្រព្រឹត្ត​ចំពោះ​ ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជាម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរទេស​នោះ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរទេស នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
35 ទោះ​បី​ក្នុង​ការ​កាត់​ក្ដី ឬ​ក្នុង​ការ​វាស់ ការ​ថ្លឹង និង​ការ​វាល់​ក្ដី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។ 36 ចូរ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កូន​ជញ្ជីង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជា​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។
37 ចូរ​ប្រតិបត្តិ​តាម ​ក្រឹត្យវិន័យ និង​ច្បាប់ ​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម។ យើង​ជា​ព្រះអម្ចាស់»។