ជំពូក ១៦

វិន័យ​ស្ដី​អំពី​ពិធី​រំដោះ​បាប​ប្រចាំ​ឆ្នាំ

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ព្រះ អម្ចាស់។
2 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អរ៉ុន​ជា​បង​របស់​អ្នក កុំ​អោយ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធមេត្រី បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។
3 ពេល​ អរ៉ុន​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ 4 គាត់​ត្រូវ​ពាក់​អាវ​វែង​ សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀកបំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន។ 5 គាត់​ត្រូវ​ទទួល​ពពែ​ ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រាអែល សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ 6 អរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញបូជា​រំដោះ​បាប សំរាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ 7 គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។ 8 អរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ព្រះអម្ចាស់ មួយ​ទៀត​អោយ​អាសាអែល​។ 9 ពេល​ចាប់​ឆ្នោត​រួច​ហើយ អរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ព្រះអម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញបូជា​រំដោះ​បាប។ 10 រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសាអែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ សំរាប់​លោះ​បាប ហើយ​ប្រគល់​អោយ​អាសាអែល នៅ​វាល​រហោស្ថាន។ 11 អរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សំរាប់​រំដោះ​បាប​របស់​ខ្លួន។ 12 គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។ 13 គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គំរប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ 14 គាត់​ត្រូវ​យក​ឈាម​គោ​ បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គំរប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធី​ប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ ចំនួន​ប្រាំពីរ​ដង។ 15 គាត់​ត្រូវ​ចាក់​ក​ពពែ​ ឈ្មោល សំរាប់​រំដោះ​បាប​របស់​ប្រជាជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំងនន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅ​លើ​គំរប​ហិប និង​ផ្នែក​ខាង​មុខ​គំរប​ហិប ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។ 16 គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជំរះ​ទីសក្ការៈ​អោយ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅហ្មង​របស់​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះអម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។ 17 ពេល​​​​គាត់​ចូល​ទៅ​ធ្វើ​ ពិធី​ជំរះ​បាប​នៅ​ក្នុង​ទីសក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​អោយ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​អោយ​ខ្លួន​គាត់​ផ្ទាល់ អោយ​ក្រុម​គ្រួសារ​របស់​គាត់ និង​អោយ​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល។ 18 គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ធ្វើ​ពិធី​ជំរះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំវិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។ 19 គាត់​ត្រូវ​យក​ម្រាម​ដៃ ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំពីរ​ដង។ គាត់​ជំរះ​អាសនៈ​អោយ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅហ្មង​របស់​ជន​ជាតិ​អ៊ីស្រាអែល រួច​ញែក​អាសនៈ​អោយ​បាន​វិសុទ្ធ។

20 ពេល​ គាត់​ធ្វើ​ពិធី​ជំរះ​ទីសក្ការៈ ជំរះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​ជំរះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក។ 21 អរ៉ុន​ត្រូវ​ដាក់​ដៃ​ ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​អោយ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោស្ថាន។ 22 ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោស្ថាន​ផុត​ហើយ 23 អរ៉ុន​ត្រូវ​ចូល​ទៅ​ ក្នុង​ពន្លា​ជួប​ព្រះអម្ចាស់​វិញ រួច​ដោះ​សម្លៀកបំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សំរាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ​នោះ​ទុក​នៅ​ក្នុង​ ទីសក្ការៈ។ 24 គាត់​យក​ទឹក​លាង​ដៃ ជំរះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀកបំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជាជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជាជន។ 25 គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។
26 រីឯ​ បុរស​ដែល​ដេញ​ពពែ​ទៅ​អោយ​អាសាអែល​នៅ​វាល​រហោ​ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជំរះ​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ។ 27 រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ សំរាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។ 28 អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជំរះ​សម្លៀកបំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។ 29 នេះ​ជា​ ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា 30 ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជំរះ​អ្នក​រាល់​គ្នា​អោយ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។ 31 ថ្ងៃ​នោះ​ជា​ថ្ងៃ​ សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សំរាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ។
32 មាន​តែ​ បូជាចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែងតាំង អោយ​បំពេញ​មុខងារ​ជា​បូជាចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជាចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក​បំ​ពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀកបំពាក់​សក្ការៈ។ 33 គាត់​ត្រូវ​ធ្វើ​ពិធី​ ជំរះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជំរះ​ពន្លា​ជួប​ព្រះអម្ចាស់ និង​ជំរះ​អាសនៈ អោយ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជាចារ្យ និង​ប្រជាជន​ទាំង​អស់​ក្នុង​សហគមន៍។
34 នេះ​ជា​ ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែប្រួល​ឡើយ ដើម្បី​អោយ​រៀង​រាល់​ឆ្នាំ ជន​ជាតិ​អ៊ីស្រាអែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។
គេ​ក៏​ធ្វើ​តាម​ព្រះបន្ទូល ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។