ជំពូក ១៥
វិន័យស្ដីអំពីភាពមិនបរិសុទ្ធផ្នែកភេទរបស់បុរស
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ 2 «ចូរប្រាប់ជនជាតិ អ៊ីស្រាអែលដូចតទៅ: កាលណាបុរសម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះហូរចេញមក បណ្ដាលអោយគាត់ទៅជាមិនបរិសុទ្ធ។ 3 ខ្ទុះដែលហូរចេញមក ឬក៏ស្ទះមិនព្រមហូរចេញមកក្ដី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្ដាលអោយមនុស្សមិនបរិសុទ្ធដែរ។ 4 ដូច្នេះ គ្រែបុរសនោះដេក ឬកន្លែងបុរសនោះអង្គុយនឹងក្លាយទៅជាមិនបរិសុទ្ធ។ 5 អ្នកប៉ះនឹងគ្រែនោះ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 6 អ្នកដែលអង្គុយលើកៅអី ដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 7 អ្នកដែលប៉ះអ្នកជំងឺ ត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 8 ប្រសិនបើអ្នកជំងឺ ស្ដោះទឹកមាត់ទៅលើមនុស្សបរិសុទ្ធ អ្នកដែលបរិសុទ្ធនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 9 រីឯកែបសេះ ឬកែបលាដែលអ្នកជំងឺជិះ ក៏ក្លាយទៅជាមិនបរិសុទ្ធដែរ។ 10 អ្នកណាប៉ះពាល់វត្ថុ ដែលគេដាក់នៅក្រោមអ្នកជំងឺ អ្នកនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ អ្នកកាន់វត្ថុនេះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 11 បើអ្នកជំងឺពុំបាន លាងដៃ ហើយទៅពាល់នរណាម្នាក់ អ្នកនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 12 ផើងធ្វើអំពីដីដែលអ្នកជំងឺប៉ះពាល់ ត្រូវតែបំបែកចោលទាំងអស់ តែបើជាផើងធ្វើពីឈើវិញ នោះត្រូវតែយកទឹកមកលាងសំអាត។
13 កាលណា ខ្ទុះរបស់អ្នកកើតជំងឺកាមរោគនោះឈប់ហូរ គាត់ត្រូវរង់ចាំប្រាំពីរថ្ងៃ ទើបគាត់អាចធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយដងទឹកជ្រោះយកមកលាងសំអាតខ្លួនប្រាណ រួចហើយទើបគាត់បរិសុទ្ធ។ 14 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅថ្វាយនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ គាត់ត្រូវជូនសត្វនោះទៅបូជាចារ្យ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 15 បូជាចារ្យយកសត្វមួយ ថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជំរះបាបអោយបុរសដែលមានកាមរោគនោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
16 ប្រសិនបើបុរសម្នាក់ហូរទឹកកាម គេត្រូវលាងសំអាតខ្លួនប្រាណទាំងមូល ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 17 សម្លៀកបំពាក់ ឬកំរាលដែលប្រឡាក់ទឹកកាមនោះ ត្រូវតែបោកសំអាត ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
18 កាលណា បុរសម្នាក់ និងស្ត្រីម្នាក់រួមរ័កជាមួយគ្នា នោះគេទាំងពីរនាក់ត្រូវលាងសំអាតខ្លួនប្រាណ ហើយនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច»។
វិន័យស្ដីអំពីភាពមិនបរិសុទ្ធផ្នែកភេទរបស់ស្ត្រី
19 «កាលណាស្ត្រីម្នាក់ ធ្លាក់ឈាម ដោយមានរដូវ នាងត្រូវនៅក្នុងភាពមិនបរិសុទ្ធ អស់រយៈពេលប្រាំពីរថ្ងៃ។ អ្នកដែលប៉ះនាងនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ 20 ពេលមានរដូវនោះគ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ ក៏ទៅជាមិនបរិសុទ្ធដែរ។ 21 អ្នកដែលប៉ះនឹងគ្រែ នោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 22 អ្នកប៉ះនឹងកៅអីដែល នាងបានអង្គុយត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 23 ប្រសិនបើមាននរណា ម្នាក់ប៉ះនឹងវត្ថុអ្វីមួយនៅលើគ្រែ ឬកៅអីដែលនាងអង្គុយ អ្នកនោះត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 24 ប្រសិនបើមានបុរស ម្នាក់រួមដំណេកជាមួយនាង ក្នុងអំឡុងពេលនាងមានរដូវ បុរសនោះក៏ទៅជាមិនបរិសុទ្ធ អស់រយៈប្រាំពីរថ្ងៃ ហើយគ្រែដែលគេដេកនោះក៏មិនបរិសុទ្ធដែរ។
25 កាលណា ស្ត្រីម្នាក់ធ្លាក់ឈាមខុសពីធម្មតា ឬធ្លាក់ឈាមច្រើនថ្ងៃជាងពេលមានរដូវ នាងត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ ក្នុងអំឡុងពេលធ្លាក់ឈាមនោះ ដូចគ្រានាងមានរដូវដែរ។ 26 ពេលនោះ គ្រែដែលនាងដេក ឬកៅអីដែលនាងអង្គុយ នឹងទៅជាមិនបរិសុទ្ធដូចពេលនាងមានរដូវដែរ។ 27 អ្នកដែលប៉ះនឹងគ្រែ នោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសំអាតខ្លួនប្រាណ ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
28 កាលណានាងឈប់ធ្លាក់ឈាមហើយ នាងត្រូវរង់ចាំអស់រយៈពេលប្រាំពីរថ្ងៃទៀត ទើបនាងអាចធ្វើពិធីជំរះកាយអោយបរិសុទ្ធ។ 29 នៅថ្ងៃទីប្រាំបី នាងត្រូវយកលលកពីរ ឬព្រាបជំទើរពីរ ទៅជូនបូជាចារ្យនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 30 បូជាចារ្យយកសត្វមួយ ថ្វាយជាយញ្ញបូជារំដោះបាប និងសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល។ បន្ទាប់មក បូជាចារ្យធ្វើពិធីជំរះបាបអោយស្ត្រីធ្លាក់ឈាម ដែលបណ្ដាលអោយនាងទៅជាមិនបរិសុទ្ធនោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
31 ចូរ ប្រាប់ជនជាតិអ៊ីស្រាអែលអោយនៅដាច់ឆ្ងាយពីយើង ក្នុងពេលដែលពួកគេស្ថិតនៅក្នុងភាពមិនបរិសុទ្ធ។ ធ្វើដូច្នេះ ពួកគេនឹងរួចផុតពីស្លាប់ ព្រោះតែភាពមិនបរិសុទ្ធ គឺពួកគេមិនធ្វើអោយដំណាក់របស់យើងដែលស្ថិតនៅក្នុងចំណោមពួកគេ ទៅជាសៅហ្មងឡើយ។
32 នេះជាច្បាប់ស្ដីអំពីបុរសដែលមានជំងឺកាមរោគ ឬហូរទឹកកាមបណ្ដាលអោយខ្លួនទៅជាមិនបរិសុទ្ធ 33 និងស្ដីអំពីស្ត្រី ដែលធ្លាក់ឈាមក្នុងពេលមានរដូវ ព្រមទាំងបុរស និងស្ត្រីដែលរួមដំណេកជាមួយគ្នា នៅពេលស្ត្រីស្ថិតក្នុងភាពមិនបរិសុទ្ធ»។