ជំពូក ១៧
ភាពវិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
កន្លែងដែលត្រូវថ្វាយយញ្ញបូជា
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់អរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា ព្រះអម្ចាស់បានបង្គាប់ដូចតទៅ:
3 ក្នុងចំណោមកូនចៅអ៊ីស្រាអែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ 4 ត្រូវតែនាំសត្វនោះមក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះអង្គ នៅមុខព្រះពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។ 5 ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រាអែលមិនអោយសម្លាប់សត្វធ្វើយញ្ញបូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជាចារ្យ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយថ្វាយដល់ព្រះអម្ចាស់ទុកជាយញ្ញបូជាមេត្រីភាព។ 6 បូជាចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 7 ធ្វើដូច្នេះ ពួកគេនឹងលែងក្បត់យើង ដោយថ្វាយយញ្ញបូជាទៅព្រះក្លែងក្លាយ ដែលមានរូបរាងដូចពពែឈ្មោលទៀតហើយ។ នេះជាច្បាប់ដែលពួកគេ និងពូជពង្សរបស់ពួកគេ ត្រូវកាន់រហូតតទៅ ឥតប្រែប្រួលឡើយ។ 8 ចូរប្រាប់ពួកគេថា ក្នុងចំណោមកូនចៅអ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់ថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាអ្វីមួយ 9 តែមិននាំសត្វនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ទេ ត្រូវដកបុរសនោះចេញពីចំណោមប្រជាជនរបស់ខ្លួន»។
ការហាមឃាត់បរិភោគឈាម
10 «ក្នុងចំណោមកូនចៅ អ៊ីស្រាអែល ឬជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើមានបុរសណាម្នាក់បរិភោគឈាមអ្វីក៏ដោយ យើងនឹងដាក់ទោសអ្នកដែលបរិភោគនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន 11 ដ្បិតជីវិតរបស់សត្វ លោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងអោយអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។ 12 ហេតុនេះ យើងហាមជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវអោយនរណាម្នាក់បរិភោគឈាមជាដាច់ខាត។ 13 ក្នុងចំណោមជនជាតិ អ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសំរក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។ 14 ជីវិតរបស់សត្វលោក ទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
15 មនុស្ស ទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសំអាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធ រហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។ 16 ប្រសិនបើគេមិនលាងសម្លៀក បំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។