ជំពូក ៤
យញ្ញបូជារំដោះបាបរបស់មហាបូជាចារ្យ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទបញ្ជាណាមួយដែលព្រះអម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ:
3 ប្រសិនបើ មហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលអោយប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។ 4 លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 5 លោកមហាបូជាចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះអម្ចាស់ 6 រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការៈ។ 7 លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 8 លោកយកខ្លាញ់ទាំងអស់ របស់គោឈ្មោល ដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន 9 ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 10 បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ 11 រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក 12 ពោលគឺគោទាំងមូល ត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សំរាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។
យញ្ញបូជារំដោះបាបរបស់សហគមន៍
13 «ប្រសិនបើសហគមន៍ អ៊ីស្រាអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលអោយខ្លួនមានទោស 14 នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាបនៅមុខពន្លាជួបព្រះអម្ចាស់។ 15 អស់លោកព្រឹទ្ធាចារ្យរបស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 16 លោកមហាបូជាចារ្យយកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះអម្ចាស់។ 17 លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។ 18 លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
19 លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។ 20 លោកធ្វើពិធីថ្វាយ យញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសំរាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។ 21 បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសំរាប់រំដោះបាបដែរ។ នេះជាយញ្ញបូជារំដោះបាបរបស់សហគមន៍អ៊ីស្រាអែល»។
យញ្ញបូជារំដោះបាបរបស់មេដឹកនាំ
22 «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់គាត់ ដែលបណ្ដាលអោយខ្លួនមានទោស 23 នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់។ 24 គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។ 25 លោកបូជាចារ្យយកម្រាម ដៃជ្រលក់ក្នុងឈាមសត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈ សំរាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។ 26 លោកដុតខ្លាញ់ទាំង អស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
យញ្ញបូជារំដោះបាបរបស់ប្រជាជនធម្មតា
27 ប្រសិនបើប្រជាជនណាម្នាក់ ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបទបញ្ជារបស់ព្រះអម្ចាស់ ដែលបណ្ដាលអោយខ្លួនមានទោស 28 នៅពេលគាត់ដឹងពី កំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមអោយរួចពីបាប។ 29 គាត់ដាក់ដៃលើក្បាល សត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល។ 30 លោកបូជាចារ្យយកម្រាម ដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ 31 លោកពន្លះខ្លាញ់ទាំង អស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើអោយមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
32 ប្រសិនបើអ្នកនោះចង់ថ្វាយចៀមជាតង្វាយរំដោះបាប គេត្រូវថ្វាយចៀមញីល្អឥតខ្ចោះ។ 33 គាត់ដាក់ដៃលើក្បាល សត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល។ 34 លោកបូជាចារ្យយកម្រាម ដៃជ្រលក់ក្នុងឈាមរបស់សត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈ សំរាប់ថ្វាយតង្វាយដុតទាំងមូល ហើយលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ 35 លោកពន្លះខ្លាញ់ទាំង អស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។