ជំពូក ២២

តង្វាយដែល​មិន​អាច​បរិភោគ​បាន

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖ 2 «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ជា​សក្ការៈ​បូជា​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏វិសុទ្ធ​របស់​យើង។ យើង​ជា​ព្រះអម្ចាស់។
3 ចូរ​ ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះពាល់​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​ថ្វាយ​ជា​សក្ការៈបូជា​ដល់​ព្រះអម្ចាស់ ត្រូវ​ដក​អ្នក​នោះ​កុំ​អោយ​បំពេញ​មុខងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជា​ព្រះអម្ចាស់។
4 ក្នុង​ចំណោម​ពូជពង្ស​របស់​អរ៉ុន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ មិន​អាច​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះពាល់​នឹង​មនុស្ស​សៅហ្មង​ដោយសារ​ពាល់​សាកសព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​ដែរ។ 5 អ្នក​ប៉ះពាល់​សត្វ​លូន​ វារ ដែល​បណ្ដាល​អោយ​ខ្លួន​ទៅ​ជា​សៅហ្មង ឬ​ប៉ះពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្ដាល​អោយ​ខ្លួន​សៅហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។ 6 អ្នក​ប៉ះពាល់​មនុស្ស ឬ​សត្វ​មិន​បរិសុទ្ធ​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជំរះ​កាយ​ជា​មុន​សិន។ 7 លុះ​ថ្ងៃ​លិច​ផុត​ទៅ ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ ជា​អាហារ​របស់​ខ្លួន​បាន។ 8 បូជាចារ្យ​មិន​ត្រូវ​ បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​អោយ​ខ្លួន​ត្រូវ​សៅហ្មង ព្រោះ​តែ​សត្វ​នោះ។ យើង​ជា​ព្រះអម្ចាស់។
9 បូជាចារ្យ ​ត្រូវ​ប្រតិបត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​អោយ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង​ស្ដី​អំពី​អាហារ។ យើង​ជា​ព្រះអម្ចាស់​ដែល​ញែក​ពួក​គេ​អោយ​វិសុទ្ធ។ 10 មិន​ត្រូវ​អោយ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​បូជាចារ្យ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​អោយ​បូជាចារ្យ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដ៏វិសុទ្ធ​ដែរ។ 11 ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ដែល​បូជាចារ្យ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ​ដូច​អ្នក​បំរើ ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​បូជាចារ្យ​ដែរ។ 12 កូន​ស្រី​របស់​បូជាចារ្យ ដែល​រៀបការ​ជា​មួយ​អ្នក​មិន​មែន​ជា​បូជាចារ្យ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​តង្វាយ​ដ៏វិសុទ្ធ​ឡើយ។ 13 ប៉ុន្តែ កូន​ស្រី​របស់​បូជាចារ្យ​ដែល​ជា​ស្ត្រី​មេម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ​គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។ 14 ប្រសិន​បើ​នរណា​បរិភោគ​ តង្វាយ​ដ៏វិសុទ្ធ​ដោយ​មិន​ដឹង​ខ្លួន ត្រូវ​យក​អាហារ​មក​សង​បូជាចារ្យ ស្រប​តាម​តម្លៃ​តង្វាយ​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។ 15 បូជាចារ្យ​មិន​ត្រូវ​ធ្វើ​អោយ​តង្វាយ​ដ៏វិសុទ្ធ ដែល​ជន​ជាតិ​អ៊ីស្រាអែល​យក​មក​ថ្វាយ​ព្រះអម្ចាស់ ក្លាយ​ទៅ​ជា​សៅហ្មង​ឡើយ។ 16 ប្រសិន​បើ​បូជាចារ្យ​បរិភោគ​តង្វាយ​ដ៏វិសុទ្ធ*​ដោយ​មិន​សមរម្យ ពួក​គេ​នឹង​ធ្វើ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ទោស។ យើង​ជា​ព្រះអម្ចាស់ ដែល​ញែក​ពួក​គេ​អោយ​វិសុទ្ធ»។

ការ​ជ្រើស​រើស​សត្វ​សំរាប់​ធ្វើ​យញ្ញបូជា

17 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 18 «ចូរ​ប្រាប់​អរ៉ុន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រាអែល ឬ​ជន​បរទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល អ្នក​ណា​នាំ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះអម្ចាស់ ទោះ​បី​តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត​ក្ដី 19 ដើម្បី​អោយ​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ។ 20 មិន​ត្រូវ​ថ្វាយ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ទទួល​ពី​អ្នក​ទេ។ 21 ប្រសិន​បើ​នរ ណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ថ្វាយ​ព្រះអម្ចាស់ ជា​យញ្ញបូជា​មេ ត្រីភាព ដើម្បី​លា​បំណន់ ឬ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត សត្វ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ព្រះហឫទ័យ​ព្រះអង្គ គឺ​សត្វ​នោះ​មិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។ 22 មិន​ត្រូវ​ថ្វាយ​សត្វ​ ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​តង្វាយ​ដុត​លើ​អាសនៈ ថ្វាយ​ព្រះអម្ចាស់​អោយ​សោះ។ 23 អ្នក​អាច​យក​គោ ឬ​កូន​ចៀម ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ថ្វាយ​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​តង្វាយ​លា​បំណន់​វិញ ព្រះអម្ចាស់​មិន​គាប់​ព្រះហឫទ័យ​ទទួល​សត្វ​បែប​នេះ​ទេ។ 24 អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កំទេច កាត់ ឬ​ក្រៀវ​ពង មក​ថ្វាយ​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​អោយ​សោះ។ 25 អ្នក​រាល់​គ្នា​មិន​ ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរទេស មក​ថ្វាយ​ជា​អាហារ​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ ព្រះអង្គ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។ 26 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 27 «គោ ចៀម ឬ​ពពែ​ដែល​កើត​មក ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំបី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​តង្វាយ​ដុត ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ​នឹង​ទទួល។ 28 មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។ 29 ពេល​ណា​អ្នក​រាល់​គ្នា​យក​យញ្ញបូជា​មក​ថ្វាយ​ព្រះ អម្ចាស់ ដើម្បី​លើក​តម្កើង​ព្រះអង្គ ត្រូវ​ថ្វាយ​តាម​របៀប​ដែល​ព្រះ អង្គ​គាប់​ព្រះហឫទ័យ។ 30 ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ នៅ​ថ្ងៃ​ធ្វើ​យញ្ញបូជា គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជា​ព្រះអម្ចាស់។
31 អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។ យើង​ជា​ព្រះអម្ចាស់។
32 អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​នាម​ដ៏វិសុទ្ធ* ​របស់​យើង​ឡើយ តែ​ត្រូវ​អោយ​ប្រជាជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រាអែល​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ។ យើង​ជា​ព្រះអម្ចាស់ ដែល​ញែក​អ្នក​រាល់​គ្នា​អោយ​វិសុទ្ធ។ 33 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ យើង​ជា​ព្រះអម្ចាស់»។