ជំពូក ១៩
វិន័យផ្សេងៗ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។
3 ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតាបិតារបស់ខ្លួន ត្រូវគោរពបុណ្យសប្ប័ទ*របស់យើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
4 អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែងក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសំរាប់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
5 ពេលណាអ្នករាល់គ្នាធ្វើយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់ ត្រូវថ្វាយតាមរបៀបគាប់ព្រះហឫទ័យព្រះអង្គ។ 6 ត្រូវបរិភោគសាច់របស់ សត្វ ដែលអ្នករាល់គ្នាធ្វើយញ្ញបូជា នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។ 7 ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ដែរ។ 8 នរណាបរិភោគសាច់នេះនៅថ្ងៃទីបី នឹងមានទោស ដ្បិតគេប្រមាថរបស់ដែលគេបានញែកជាសក្ការៈថ្វាយព្រះអម្ចាស់។ អ្នកប្រព្រឹត្តដូច្នេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។
9 ពេលណា អ្នករាល់គ្នាច្រូតស្រូវ នៅក្នុងស្រុករបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ 10 មិនត្រូវបេះផ្លែ ទំពាំងបាយជូរ ដែលនៅសេសសល់ក្នុងចំការរបស់អ្នកអោយសោះ ហើយផ្លែដែលជ្រុះលើដីក៏មិនត្រូវរើសដែរ គឺត្រូវទុកអោយជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
11 អ្នក រាល់គ្នាមិនត្រូវលួចទ្រព្យរបស់អ្នកដទៃ ហើយក៏មិនត្រូវបោកប្រាស់ និងបញ្ឆោតយកទ្រព្យជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ 12 មិនត្រូវយកនាមយើងទៅស្បថបំពានឡើយ ធ្វើដូច្នេះ អ្នករាល់គ្នាបន្ថោកព្រះនាមនៃព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
13 មិន ត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មករ រហូតដល់ថ្ងៃស្អែកដែរ។ 14 មិនត្រូវជេរប្រមាថមនុស្សថ្លង់ ហើយក៏កុំយកអ្វីទៅដាក់នៅពីមុខមនុស្សខ្វាក់ បណ្ដាលអោយគេជំពប់ដួលឡើយ។ ផ្ទុយទៅវិញ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។
15 ពេលវិនិច្ឆ័យទោស កុំកាត់ក្ដីដោយអយុត្តិធម៌ កុំរើសមុខនរណាអោយសោះ គឺកុំយោគយល់អ្នកតូច ឬអ្នកធំ តែត្រូវវិនិច្ឆ័យអោយជនរួមជាតិរបស់អ្នក ដោយយុត្តិធម៌។
16 មិនត្រូវដើរបរិហារកេរ្តិ៍ប្រជាជនរបស់អ្នកឡើយ ហើយក៏កុំចោទប្រកាន់អ្នកដទៃ ធ្វើអោយគេទទួលទោសប្រហារជីវិតដែរ។ យើងជាព្រះអម្ចាស់។ 17 មិនត្រូវមានចិត្ត ស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្ដីបន្ទោសជនរួមជាតិរបស់អ្នក ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះ ក្នុងការប្រព្រឹត្តអំពើបាបឡើយ។ 18 កុំសងសឹកអោយសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃអោយបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់។
19 ចូរប្រតិបត្តិតាមច្បាប់របស់យើង។ មិនត្រូវយកសត្វពីរប្រភេទខុសគ្នា មកបង្កាត់គ្នាឡើយ។ នៅក្នុងស្រែរបស់អ្នក ក៏មិនត្រូវយកពូជស្រូវពីរប្រភេទ មកព្រោះជាមួយគ្នាដែរ។ កុំស្លៀកសម្លៀកបំពាក់ ដែលត្បាញដោយអំបោះពីរប្រភេទខុសគ្នា។
20 ប្រសិន បើបុរសម្នាក់រួមដំណេកជាមួយស្ត្រីម្នាក់ ហើយនាងនោះជាខ្ញុំបំរើដែលត្រូវជាគូដណ្ដឹងរបស់បុរសម្នាក់ទៀត តែមិនទាន់មាននរណាលោះនាងអោយទៅជាអ្នកជានៅឡើយ អ្នកទាំងពីរនឹងត្រូវទទួលពិន័យ តែមិនទទួលទោសដល់ស្លាប់ទេ ដ្បិតនាងនោះមិនទាន់ទៅជាអ្នកជានៅឡើយ។ 21 បុរសដែលបានប្រព្រឹត្តខុស ត្រូវនាំយកចៀមឈ្មោលមួយទៅថ្វាយជាតង្វាយលោះបាប នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 22 បូជាចារ្យត្រូវធ្វើពិធីរំដោះបាបអោយបុរសនោះ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ គឺបូជាចារ្យត្រូវថ្វាយចៀមឈ្មោលជាយញ្ញបូជាលោះបាប នោះព្រះអម្ចាស់នឹងលើកលែងទោសអោយគេរួចពីបាប។
23 ពេល អ្នករាល់គ្នាចូលទៅក្នុងស្រុក ហើយដាំដើមឈើស៊ីផ្លែគ្រប់មុខ ត្រូវចាត់ទុកផ្លែឈើទាំងនោះជាផ្លែមិនបរិសុទ្ធ ក្នុងអំឡុងពេលបីឆ្នាំ គឺកុំបរិភោគឡើយ។ 24 នៅឆ្នាំទីបួន ត្រូវញែកផ្លែឈើទាំងអស់ជាសក្ការៈថ្វាយព្រះអម្ចាស់ ដើម្បីសរសើរតម្កើងព្រះអង្គ។ 25 នៅឆ្នាំទីប្រាំ អ្នករាល់គ្នាអាចបរិភោគផ្លែឈើទាំងនេះ។ ធ្វើដូច្នេះ ភោគផលរបស់អ្នករាល់គ្នានឹងកើនចំនួនច្រើនឡើង។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
26 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វណា ដែលនៅមានឈាមឡើយ។ មិនត្រូវប្រព្រឹត្តអំពើមន្តអាគម ហើយក៏មិនត្រូវគន់គូរមើលជោគរាសីដែរ។ 27 កុំកាត់ជើងសក់របស់អ្នករាល់គ្នាអោយមានរាងមូល កុំកោរជាយពុកចង្ការបស់អ្នកឡើយ។ 28 មិនត្រូវធ្វើពិធី ឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាព្រះអម្ចាស់។
29 មិន ត្រូវបន្ថោកកូនស្រីរបស់អ្នក ដោយជំរុញនាងអោយធ្វើជាស្រីពេស្យាឡើយ ដើម្បីកុំអោយស្រុកទេសពោរពេញទៅដោយភាពពេស្យាចារ និងអំពើថោកទាប។
30 ត្រូវគោរពបុណ្យសប្ប័ទ និងទីសក្ការៈរបស់យើង។ យើងជាព្រះអម្ចាស់។
31 មិនត្រូវទៅរកគ្រូអន្ទងខ្មោច ឬគ្រូទាយឡើយ កុំស្វែងរកពួកគេអោយសោះ ក្រែងលោអ្នករាល់គ្នាប្រែជាសៅហ្មងរួមជាមួយពួកគេដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
32 ត្រូវចេះអោនលំទោននៅចំពោះមុខចាស់ជរា និងលើកកិត្តិយសចាស់ព្រឹទ្ធាចារ្យ។ ចូរគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់។ 33 ប្រសិនបើមានជនបរទេសមករស់នៅក្នុងស្រុកជាមួយអ្នករាល់គ្នា កុំជិះជាន់គេឡើយ។ 34 ចូរប្រព្រឹត្តចំពោះ ជនបរទេសដែលស្នាក់នៅជាមួយអ្នករាល់គ្នា ដូចប្រព្រឹត្តចំពោះអ្នកដែលជាម្ចាស់ស្រុកដែរ។ ត្រូវស្រឡាញ់ជនបរទេសនោះអោយបានដូចស្រឡាញ់ខ្លួនអ្នក ដ្បិតអ្នករាល់គ្នាក៏ធ្លាប់រស់ជាជនបរទេស នៅស្រុកអេស៊ីបដែរ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
35 ទោះបីក្នុងការកាត់ក្ដី ឬក្នុងការវាស់ ការថ្លឹង និងការវាល់ក្ដី មិនត្រូវប្រព្រឹត្តទុច្ចរិតឡើយ។ 36 ចូរប្រើជញ្ជីងត្រឹមត្រូវ កូនជញ្ជីងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
37 ចូរប្រតិបត្តិតាម ក្រឹត្យវិន័យ និងច្បាប់ ទាំងប៉ុន្មានរបស់យើង។ ចូរនាំគ្នាប្រតិបត្តិតាម។ យើងជាព្រះអម្ចាស់»។