ជំពូក ២
តង្វាយធញ្ញជាតិ
1 «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់ គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង 2 ហើយយកតង្វាយនោះមកជូន ពួកបូជាចារ្យ* ជាកូនលោកអរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់ យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំលឹក។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 3 រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុត នៃយញ្ញបូជាដែលគេថ្វាយចំ ពោះព្រះអម្ចាស់។ 4 ប្រសិនបើ តង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។ 5 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតដាក់មេ។ 6 ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។ 7 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង។ 8 អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចំអិនហើយនោះ មកថ្វាយព្រះអម្ចាស់ គឺលើកជូនបូជាចារ្យ ហើយបូជាចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។ 9 លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 10 រីឯតង្វាយនៅសល់ត្រូវបានទៅលោកអរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជា ដែលគេថ្វាយចំពោះព្រះអម្ចាស់។
11 មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយព្រះអម្ចាស់ មិនត្រូវដាក់មេ ឬទឹកឃ្មុំឡើយ។ 12 អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះព្រះអម្ចាស់ ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។ 13 ត្រូវលាយអំបិលជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះអម្ចាស់។ កុំភ្លេចលាយអំបិលជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជា មួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។
14 ប្រសិនបើអ្នកយកផលដំបូងនៃចំរូតរបស់អ្នកមកថ្វាយព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះទុកជាតង្វាយផលដំបូង។ 15 ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។ 16 បូជាចារ្យយកអំបុកមួយ ចំណែក ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់ ទៅដុតនៅលើអាសនៈទុកជាទីរំលឹក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់»។