ជំពូក ៣

យញ្ញបូជា​មេត្រីភាព

1 «ប្រសិន​បើ​នរណា​ម្នាក់​ យក​គោ​មក​ថ្វាយ​ជា​យញ្ញ​បូជា​មេត្រីភាព ទោះបី​គោ​នោះ​ឈ្មោល ឬ​ញី​ក្ដី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះអម្ចាស់។ 2 គេ​ត្រូវ​ដាក់​ដៃ​លើ​ ក្បាល​គោ​នោះ ហើយ​ចាក់​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ​អម្ចាស់។ ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន ប្រោះ​ឈាម​គោ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ 3 យញ្ញបូជា​មេត្រី​ភាព​មួយ​ចំ​ណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះអម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ​វៀន 4 ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ 5 បូជាចារ្យ​ជា​កូន​របស់​ លោក​អរ៉ុន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ រួម​ជា​មួយ​នឹង​តង្វាយ​​​​ដុត​ទាំង​មូល នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​​​​​​ជា​យញ្ញបូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫ​ទ័យ​ព្រះអម្ចាស់។
6 ប្រសិន​បើ​តង្វាយ​ដែល​គេ​យក​មក​ថ្វាយ​នោះ​ជា​ចៀម គេ​ត្រូវ​យក​ចៀម​ឈ្មោល ឬ​ញី​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ព្រះអម្ចាស់ ទុក​ជា​យញ្ញបូជា​មេត្រីភាព។ 7 ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​កូន​ចៀម គេ​ត្រូវ​យក​វា​មក​ថ្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ 8 គេ​ត្រូវ​ដាក់​ដៃ​លើ​ ក្បាល​សត្វ​ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ បន្ទាប់​មក ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ 9 យញ្ញបូជា​មេត្រីភាព​មួយ​ចំណែក ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះអម្ចាស់ គឺ​ខ្លាញ់ កន្ទុយ​ទាំង​មូល​ដែល​កាត់​ផ្ដាច់​ចេញ​ពី​ឆ្អឹង​ខ្នង ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន 10 ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម​ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ 11 បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដែល​គេ​ដុត​ថ្វាយ​ព្រះអម្ចាស់។
12 ប្រសិន​បើ​តង្វាយ​របស់​គេ​ជា​ពពែ​ញី គេ​ត្រូវ​យក​វា​មក​ថ្វាយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។ 13 គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ជា​តង្វាយ​របស់​ខ្លួន ហើយ​ចាក់​ក​វា​នៅ​មុខ​ពន្លា​ជួប​ព្រះអម្ចាស់។ បន្ទាប់​មក ពួក​បូជាចារ្យ​ដែល​ជា​កូន​របស់​លោក​អរ៉ុន យក​ឈាម​ប្រោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ 14 តង្វាយ​មួយ​ចំណែក​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះអម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះវៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះវៀន 15 ក្រ​លៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វី​ៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។ 16 បូជាចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ព្រះ​អម្ចាស់។
17 នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​​ណា​ក៏​ដោយ»។