ជំពូក ១២
ពិធីជំរះកាយស្ត្រីក្រោយពេលឆ្លងទន្លេ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរ ប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ 3 នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីកាត់ស្បែក អោយកូនប្រុសនោះ។ 4 បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជំរះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសំរាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជំរះកាយអោយបរិសុទ្ធ។ 5 ប្រសិនបើនាងសំរាលបាន កូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជំរះកាយ ដោយសារការធ្លាក់ឈាមក្នុងឱកាសសំរាលកូន។ 6 លុះផុតពេលកំណត់ដែល នាងធ្វើពិធីជំរះកាយអោយបរិសុទ្ធ ព្រោះតែការសំរាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដោយនាំកូនចៀមអាយុមួយខួប សំរាប់ថ្វាយជាតង្វាយដុតទាំងមូល និងព្រាបជំទើរមួយ ឬលលកមួយ សំរាប់ថ្វាយជាយញ្ញបូជារំដោះបាប។ 7 បូជាចារ្យថ្វាយសត្វទាំងនេះចំពោះព្រះភក្ត្រព្រះអម្ចាស់ រួចធ្វើពិធីជំរះកាយអោយនាងរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មង ដោយសារការធ្លាក់ឈាម នៅពេលសំរាលកូន។ នេះជាវិន័យសំរាប់ស្ត្រីដែលសំរាលកូនប្រុស ឬកូនស្រី។
8 ប្រសិនបើ នាងគ្មានលទ្ធភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសំរាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសំរាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ក្រោយពីបូជាចារ្យធ្វើពិធីជំរះកាយអោយនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។