ជំពូក ១៤
ពិធីជំរះកាយមនុស្សឃ្លង់
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «នេះជាច្បាប់សំរាប់ ពិធីជំរះកាយមនុស្សឃ្លង់អោយបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជំរះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបបូជាចារ្យ។ 3 បូជាចារ្យត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ 4 បូជាចារ្យត្រូវបញ្ជា អោយគេយកសត្វស្លាបពីរក្បាលនៅរស់ ហើយបរិសុទ្ធ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប*។ 5 បូជាចារ្យត្រូវអោយគេអារកសត្វស្លាបមួយ ពីលើផើងធ្វើអំពីដី ដែលដាក់ទឹកជ្រោះ។ 6 បូជាចារ្យយកសត្វស្លាប មួយទៀត ដែលនៅរស់ ព្រមទាំងយកឈើតាត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារក នៅពីលើផើងទឹកជ្រោះនោះ។ 7 បន្ទាប់មក លោកត្រូវប្រោះចំនួនប្រាំពីរដងទៅលើមនុស្សទទួលពិធីជំរះកាយ។ បូជាចារ្យប្រកាសថា មនុស្សឃ្លង់នោះបានបរិសុទ្ធហើយ រួចលែងសត្វស្លាបដែលនៅរស់អោយហើរទៅវាល។ 8 អ្នកទទួលពិធីជំរះកាយ នោះត្រូវបោកសម្លៀកបំពាក់ ហើយកោររោមទាំងអស់ រួចងូតទឹកជំរះកាយ ទើបគាត់បានបរិសុទ្ធ។ បន្ទាប់មក គាត់ចូលទៅក្នុងជំរំវិញ តែត្រូវស្នាក់នៅក្រៅទីលំនៅរបស់ខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ 9 នៅថ្ងៃទីប្រាំពីរ គាត់ត្រូវកោរសក់ ពុកចង្កា រោមចិញ្ចើម និងរោមទាំងអស់របស់ខ្លួនសាជាថ្មីម្ដងទៀត។ គាត់ត្រូវបោកសម្លៀកបំពាក់ ហើយងូតទឹក ទើបគាត់បានបរិសុទ្ធ។ 10 នៅថ្ងៃទីប្រាំបី គាត់ត្រូវយកកូនចៀមពីរល្អឥតខ្ចោះ និងចៀមញីអាយុមួយខួបល្អឥតខ្ចោះ ព្រមទាំងម្សៅម៉ដ្ដបីរង្វាល់លាយជាមួយប្រេង និងយកប្រេងកន្លះលីត្រទៀតមក។ 11 បូជាចារ្យដែលធ្វើពិធីជំរះកាយនាំសាមីខ្លួន និងតង្វាយរបស់គាត់ចូលទៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 12 បូជាចារ្យយកកូនចៀមមួយ និងប្រេងកន្លះលីត្រ មកថ្វាយជាយញ្ញបូជាលោះបាប រួចលើកថ្វាយព្រះអម្ចាស់។ 13 បូជាចារ្យចាក់កកូន ចៀមត្រង់កន្លែងដែលគេចាក់កសត្វ សំរាប់ថ្វាយយញ្ញបូជារំដោះបាប ឬតង្វាយដុតទាំងមូល នៅក្នុងទីសក្ការៈ ដ្បិតយញ្ញបូជាលោះបាបក៏ដូចជាយញ្ញបូជារំដោះបាបដែរ សាច់របស់វាត្រូវបានជាចំណែករបស់បូជាចារ្យ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ 14 បូជាចារ្យយកឈាមសត្វ ដែលថ្វាយជាយញ្ញបូជាលោះបាប លាបលើស្លឹកត្រចៀកស្ដាំ លើមេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជំរះកាយនោះ។ 15 បូជាចារ្យយកប្រេងចាក់ក្នុងបាតដៃឆ្វេងរបស់លោក 16 រួចយកម្រាមដៃស្ដាំ របស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 17 បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅសល់ក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជំរះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។ 18 រីឯប្រេងដែលនៅសល់ ក្នុងបាតដៃរបស់បូជាចារ្យ លោកត្រូវចាក់ទៅលើក្បាលអ្នកទទួលពិធីជំរះកាយ ហើយធ្វើពិធីរំដោះបាបអោយគេនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 19 បូជាចារ្យថ្វាយ យញ្ញបូជារំដោះបាប ហើយធ្វើពិធីលោះគេអោយរួចផុតភាពសៅហ្មង។ បន្ទាប់មក លោកចាក់កសត្វ ថ្វាយជាតង្វាយដុតទាំងមូល។ 20 បូជាចារ្យថ្វាយតង្វាយ ដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈ បន្ទាប់មក លោកធ្វើពិធីរំដោះបាបម្ដងទៀត ទើបអ្នកនោះបានបរិសុទ្ធ។ 21 ប្រសិនបើសាមីខ្លួន ជាអ្នកក្រ គ្មានលទ្ធភាពនឹងថ្វាយតង្វាយគ្រប់ចំនួនទេ គាត់ត្រូវយកកូនចៀមមួយថ្វាយជាយញ្ញបូជាលោះបាប ដើម្បីអោយបូជាចារ្យលើកថ្វាយព្រះអម្ចាស់ សំរាប់លោះបាបគាត់។ គាត់ត្រូវយកម្សៅម៉ដ្ដតែមួយរង្វាល់លាយជាមួយប្រេង ទុកជាតង្វាយម្សៅ និងយកប្រេងកន្លះលីត្រទៀត។ 22 គាត់ត្រូវយកលលកពីរ ឬព្រាបជំទើរពីរ តាមលទ្ធភាពរបស់គាត់ គឺមួយសំរាប់ថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល ។ 23 នៅថ្ងៃទីប្រាំបី គាត់ត្រូវនាំយកតង្វាយទាំងនោះមកជូនបូជាចារ្យ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ គឺនៅចំពោះព្រះភក្ត្រព្រះអង្គ ដើម្បីធ្វើពិធីជំរះកាយអោយបរិសុទ្ធ។ 24 បូជាចារ្យយកកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប និងយកប្រេងលើកថ្វាយព្រះអម្ចាស់។ 25 បូជាចារ្យចាក់កកូន ចៀមដែលត្រូវថ្វាយជាយញ្ញបូជាលោះបាបនោះ ហើយយកឈាមសាច់នោះលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជំរះកាយ។ 26 បូជាចារ្យចាក់ប្រេងក្នុងបាតដៃឆ្វេងរបស់លោក 27 ហើយយកម្រាមដៃស្ដាំ របស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក រួចប្រោះចំនួនប្រាំពីរដងនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 28 បន្ទាប់មក បូជាចារ្យយកប្រេងដែលនៅក្នុងដៃ លាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អ្នកទទួលពិធីជំរះកាយ គឺលាបពីលើឈាមរបស់សត្វដែលថ្វាយជាយញ្ញបូជាលោះបាប។ 29 រីឯប្រេងនៅសល់ក្នុង បាតដៃ បូជាចារ្យត្រូវចាក់ទៅលើក្បាលរបស់អ្នកទទួលពិធីជំរះកាយ ហើយធ្វើពិធីរំដោះបាបអោយគេ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 30 បន្ទាប់មក បូជាចារ្យយកលលកមួយ ឬព្រាបជំទើរមួយ តាមលទ្ធភាពដែលសាមីខ្លួនអាចរកបាន 31 ថ្វាយជាយញ្ញបូជា រំដោះបាប រួចលោកយកសត្វមួយទៀតថ្វាយជាតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ។ បន្ទាប់មក បូជាចារ្យធ្វើពិធីរំដោះបាបអោយសាមីខ្លួន នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។
32 នេះជាច្បាប់សំរាប់ធ្វើពិធីជំរះកាយអោយអ្នកដែលមានរោគឃ្លង់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់»។
ករណីស្លែនៅលើជញ្ជាំងផ្ទះ
33 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ 34 «ពេលអ្នករាល់គ្នា ចូលទៅដល់ទឹកដីកាណាន ដែលយើងប្រគល់អោយអ្នករាល់គ្នាទុកជាកម្មសិទ្ធិ ប្រសិនបើយើងធ្វើអោយមានស្លែនៅតាមផ្ទះ ក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់ 35 នោះម្ចាស់ផ្ទះត្រូវតែទៅប្រាប់បូជាចារ្យថា: “ខ្ញុំបានឃើញដូចជាមានស្នាមម្យ៉ាងនៅផ្ទះរបស់ខ្ញុំ”។ 36 បូជាចារ្យត្រូវបញ្ជា អោយគេរើឥវ៉ាន់ចេញពីក្នុងផ្ទះ មុនពេលលោកចូលទៅពិនិត្យស្នាមនៅផ្ទះនោះ។ ធ្វើបែបនេះ អ្វីៗដែលនៅក្នុងផ្ទះ នៅតែបរិសុទ្ធដដែល។ បន្ទាប់មក បូជាចារ្យចូលទៅក្នុងផ្ទះ ដើម្បីពិនិត្យមើល។ 37 ប្រសិនបើលោកឃើញ ស្នាមនៅតាមជញ្ជាំងផ្ទះនោះ មានសភាពខូងពណ៌បៃតង ឬក្រហមព្រឿងៗ ឬប្រសិនបើស្នាមនោះរូងចូលទៅក្នុងជញ្ជាំងផ្ទះ 38 បូជាចារ្យត្រូវចេញពីផ្ទះ។ ពេលមកដល់មាត់ទ្វារ លោកត្រូវបិទទ្វារផ្ទះនោះ ក្នុងរយៈពេលប្រាំពីរថ្ងៃ។ 39 នៅថ្ងៃទីប្រាំពីរ បូជាចារ្យត្រឡប់មកពិនិត្យសាជាថ្មី។ បើស្នាមនោះរាលលើជញ្ជាំងផ្ទះថែមទៀត 40 បូជាចារ្យបញ្ជាអោយគេដកដុំថ្មដែលមានដុះស្លែនោះ យកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ 41 លោកត្រូវអោយគេកោសជញ្ជាំងខាងក្នុងផ្ទះ ហើយយកកំទេចទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ 42 បន្ទាប់មក ត្រូវយកដុំថ្មផ្សេងទៀតមកដាក់ជំនួស រួចយកបាយអ មកបូកសាជាថ្មី។
43 ក្រោយពីដកថ្ម កោសជញ្ជាំង និងបូកបាយអរួចហើយ ប្រសិនបើស្នាមស្លែលេចឡើងសាជាថ្មីនៅក្នុងផ្ទះនោះ 44 បូជាចារ្យត្រូវ ពិនិត្យម្ដងទៀត។ បើលោកឃើញស្នាមរាលដាលនៅក្នុងផ្ទះ បានសេចក្ដីថាជាស្លែដែលមិនអាចបំបាត់បាន ហើយផ្ទះនោះមិនបរិសុទ្ធ។ 45 គេត្រូវកំទេចផ្ទះនោះ ទាំងដុំថ្ម ទាំងឈើ ទាំងបាយអ រួចយកទៅបោះចោលនៅកន្លែងមិនបរិសុទ្ធ ខាងក្រៅទីក្រុង។ 46 អ្នកណាចូលផ្ទះនេះក្នុងអំឡុងពេលដែលគេបិទទ្វារ អ្នកនោះនឹងក្លាយទៅជាមនុស្សមិនបរិសុទ្ធ រហូតដល់ល្ងាច។ 47 អ្នកដេកនៅក្នុងផ្ទះ នោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយអ្នកបរិភោគអាហារនៅក្នុងផ្ទះនោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដែរ។
48 ផ្ទុយ ទៅវិញ ក្រោយពីគេបូកបាយអឡើងវិញហើយ ប្រសិនបើបូជាចារ្យចូលទៅពិនិត្យមើលឃើញថា ស្នាមមិនចេញមកទៀតទេ លោកត្រូវប្រកាសថាផ្ទះនោះបរិសុទ្ធ ព្រោះលែងដុះស្លែទៀតហើយ។ 49 បូជាចារ្យត្រូវយក សត្វស្លាបពីរក្បាល ឈើតាត្រៅ អំបោះរោមចៀមពណ៌ក្រហមទុំ និងមែកហ៊ីសុប* មកធ្វើពិធីជំរះបាបពីក្នុងផ្ទះនោះ។ 50 លោកត្រូវអារ កសត្វស្លាបមួយពីលើផើងធ្វើអំពីដី ដែលដាក់ទឹកជ្រោះ។ 51 បូជាចារ្យយកឈើតាត្រៅ មែកហ៊ីសុប អំបោះរោមចៀមពណ៌ក្រហមទុំ និងសត្វស្លាបមួយទៀតដែលនៅរស់ ជ្រលក់ក្នុងឈាមសត្វដែលគេបានអារ កលាយជាមួយទឹកជ្រោះ 52 ហើយប្រោះចំនួនប្រាំពីរដងទៅលើផ្ទះនោះ ដើម្បីជំរះអោយបរិសុទ្ធ ជ្រះស្រឡះពីអំពើបាប។ 53 បូជាចារ្យត្រូវលែង សត្វនៅរស់ អោយហើរពីទីក្រុងចេញទៅវាល។ លោកធ្វើពិធីរំដោះបាបចេញពីផ្ទះ ហើយផ្ទះនោះនឹងបានបរិសុទ្ធ។
54 នេះជាច្បាប់ស្ដីអំពីរោគឃ្លង់គ្រប់យ៉ាង រោគអង្គែស៊ី 55 ការកើតកន្ទួល កើតភ្លឺ និងកើតស្រែង 56 ស្ដីអំពីការដុះផ្សិតនៅលើសម្លៀកបំពាក់ និងដុះស្លែនៅតាមជញ្ជាំងផ្ទះ។ 57 ច្បាប់នេះអាចជួយអោយគេសន្មតអំពីមនុស្ស ឬវត្ថុដែលបរិសុទ្ធ ឬមិនបរិសុទ្ធ។ នេះជាច្បាប់ស្ដីអំពីរោគឃ្លង់»។