ជំពូក ៩
លោកអរ៉ុន និងកូនៗថ្វាយយញ្ញបូជាលើកដំបូង
1 នៅថ្ងៃទីប្រាំបី លោកម៉ូសេកោះហៅលោកអរ៉ុន កូនប្រុសរបស់លោក និងអស់លោកព្រឹទ្ធាចារ្យអ៊ីស្រាអែលអោយមក។ 2 លោកមានប្រសាសន៍ទៅកាន់ លោកអរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សំរាប់ធ្វើយញ្ញបូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយព្រះអម្ចាស់។ 3 បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រាអែលថា: “ចូរនាំយកពពែឈ្មោល សំរាប់ធ្វើជាយញ្ញបូជារំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយ ដែលមានអាយុមួយខួប ល្អឥតខ្ចោះ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល 4 ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាមេត្រីភាព រួមជាមួយតង្វាយម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ ព្រះអម្ចាស់នឹងបង្ហាញព្រះអង្គនៅចំពោះមុខអ្នករាល់គ្នា”»។
5 ជនជាតិ អ៊ីស្រាអែលនាំយកតង្វាយទាំងប៉ុន្មានដែលលោកម៉ូសេបានបង្គាប់ មកដាក់នៅខាងមុខពន្លាជួបព្រះអម្ចាស់។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ 6 លោកម៉ូសេមានប្រសាសន៍ថា៖ «អ្វីៗដែលព្រះអម្ចាស់បង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះព្រះអម្ចាស់នឹងសំដែងសិរីរុងរឿងអោយអ្នករាល់គ្នាឃើញ»។ 7 លោកម៉ូសេមានប្រសាសន៍ ទៅកាន់លោកអរ៉ុនថា៖ «ចូរទៅជិតអាសនៈធ្វើយញ្ញបូជារំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយថ្វាយតង្វាយដុតទាំងមូល ដើម្បីសូមព្រះអង្គលើកលែងទោសបង និងប្រជាជន អោយបានរួចពីបាបដែរ។ ចូរថ្វាយតង្វាយរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបអោយពួកគេ ស្របតាមបញ្ជារបស់ព្រះអម្ចាស់»។
8 លោកអរ៉ុនក៏ចូលទៅជិតអាសនៈ ហើយចាក់កកូនគោ សំរាប់រំដោះបាបរបស់លោកផ្ទាល់។ 9 កូនរបស់លោកលើកឈាម សត្វជូនលោក ហើយលោកក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក លោកចាក់ឈាមដែលនៅសល់ត្រង់ជើងអាសនៈ។ 10 លោកដុតខ្លាញ់ ក្រលៀន និងអ្វីៗដែលជាប់នឹងថ្លើមរបស់សត្វ សំរាប់ធ្វើយញ្ញបូជារំដោះបាបនោះ នៅលើអាសនៈ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ 11 រីឯសាច់ និងស្បែក លោកយកទៅដុតនៅក្រៅជំរំ។
12 លោកអរ៉ុនចាក់កចៀមឈ្មោល ដែលជាតង្វាយដុតទាំងមូល។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 13 ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាល មកជូនលោក ហើយលោកដុតវានៅលើអាសនៈ។ 14 លោកលាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈ ពីលើតង្វាយដុតទាំងមូល។
15 បន្ទាប់មក លោកយកតង្វាយរបស់ប្រជាជនថ្វាយព្រះអម្ចាស់ គឺលោកយកពពែឈ្មោលដែលប្រជាជនថ្វាយជាយញ្ញបូជារំដោះបាបមក ហើយចាក់កវា ថ្វាយដូចយញ្ញបូជារំដោះបាបមុនដែរ។ 16 លោកថ្វាយតង្វាយដុតទាំងមូល តាមក្បួនច្បាប់។ 17 លោកថ្វាយតង្វាយម្សៅ ដោយយកម្សៅមួយក្ដាប់ដុតនៅលើអាសនៈ បន្ថែមពីលើតង្វាយដុតទាំងមូល ដែលគេថ្វាយនៅពេលព្រឹក។ 18 លោកចាក់កគោបា និងចៀមឈ្មោល ដែលប្រជាជនយកមកថ្វាយជាយញ្ញបូជាមេត្រីភាព។ កូនរបស់លោកយកឈាមជូនលោក ហើយលោកក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 19 ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោល ព្រមទាំងកន្ទុយ ខ្លាញ់ដែលជាប់នឹងពោះវៀន ក្រលៀន និងថ្លើម 20 ដាក់នៅលើសាច់ទ្រូង ហើយលោកអរ៉ុនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ 21 បន្ទាប់មក លោកអរ៉ុនលើកសាច់ទ្រូង និងភ្លៅស្ដាំ ថ្វាយព្រះអម្ចាស់ ដូចលោកម៉ូសេបានបង្គាប់។ 22 ក្រោយពីបានថ្វាយ យញ្ញបូជារំដោះបាបតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព ចប់សព្វគ្រប់ហើយ លោកអរ៉ុនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។
23 លោកម៉ូសេ និងលោកអរ៉ុន នាំគ្នាចូលក្នុងពន្លាជួបព្រះអម្ចាស់ រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់ លេចមកអោយប្រជាជនទាំងមូលឃើញ 24 គឺមានភ្លើងចេញពីព្រះអម្ចាស់ ឆេះតង្វាយដុតទាំងមូល និងដុំខ្លាញ់ នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។