ជំពូក ៨

ការ​តែងតាំង​ក្រុម​បូជាចារ្យ​ដំបូង​បង្អស់

ពិធី​តែងតាំង​បូជាចារ្យ

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ចូរ​នាំ​អរ៉ុន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀកបំពាក់​បូជាចារ្យ ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង ព្រម​ទាំង​គោ​បា​សំរាប់​យញ្ញបូជា​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ 3 រួច​ប្រមូល​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​អោយ​មក​ជួបជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់»។ 4 លោក​ម៉ូសេ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអម្ចាស់ គឺ​លោក​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល អោយ​មក​ជួបជុំ​គ្នា​នៅ​ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ​អម្ចាស់។

5 លោក​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែល​ព្រះ​អម្ចាស់​បង្គាប់​អោយ​ធ្វើ»។ 6 លោក​នាំ​លោក​អរ៉ុន និង​កូន​ៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​ពួក​គេ។
7 លោក​ពាក់​អាវ​វែង​ជូន​លោក ​អរ៉ុន យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ពាក់​អាវ​ធំ ហើយ​ពាក់​អាវ​អេផូដ​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។ 8 លោក​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​លោក​អរ៉ុន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​អ៊ូរីម និង​ទូមីម។ 9 លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។

10 លោក​ ម៉ូសេ​យក​ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះពន្លា ទុក​ជា​សក្ការៈ។ 11 លោក​ប្រោះ​ប្រេង​ ប្រាំពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។ 12 លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អរ៉ុន ដើម្បី​ញែក​លោក​អោយ​វិសុទ្ធ*។ 13 លោក​ម៉ូសេ​បាន​នាំ​កូន​ៗ​របស់​លោក​អរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​អោយ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​អោយ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14 លោក​ម៉ូសេ​នាំ​គោ​បា​សំរាប់​ធ្វើ​យញ្ញបូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។ 15 ​លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជំរះ​អាស​នៈ​​​អោយ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។ 16 លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះវៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។ 17 រីឯ​ស្បែក​គោ សាច់ និង​លាមក លោក​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

18 លោក​នាំ​ចៀម​ឈ្មោល​សំរាប់​ធ្វើ​តង្វាយ​ដុត ​ទាំង​មូល​ចូល​មក ហើយ​លោក​អរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ 19 លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ 20 លោក​ម៉ូសេ​កាប់​ចៀម​ជា​ដុំ​ៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។ 21 លោក​យក​ទឹក​លាង​ពោះវៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ​អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

22 លោក​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សំរាប់​ធ្វើ​ពិធី​តែងតាំង​បូជាចារ្យ។ លោក​អរ៉ុន និង​កូន​ៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។ 23 លោក​ម៉ូសេ​ចាក់​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​លោក​អរ៉ុន។ 24 បន្ទាប់​មក លោក​ក៏​នាំ​កូន​ៗ​លោក​អរ៉ុន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គេ។ លោក​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។ 25 លោក​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​ជាប់​នឹង​ពោះវៀន អ្វី​ៗ​ដែល​ជាប់​នឹង​ថ្លើម ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន និង​ភ្លៅ​ស្ដាំ 26 រួច​យក​នំបុ័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្ដាំ។ 27 លោក​ម៉ូសេ​យក​តង្វាយ​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​លោក​អរ៉ុន និង​កូន​ៗ រួច​បង្គាប់​អោយ​ពួក​គេ​លើក​តង្វាយ​នោះ ថ្វាយ​ព្រះអម្ចាស់។ 28 បន្ទាប់​មក លោក​ទទួល​តង្វាយ​ពី​ដៃ​របស់​ពួក​គេ យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​តង្វាយ​ដុត​ទាំង​មូល។ នេះ​ជា​យញ្ញបូជា​សំរាប់​តែងតាំង​បូជា​ចារ្យ ជា​យញ្ញបូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះ​អម្ចាស់។
29 លោក​ម៉ូសេ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​យញ្ញបូជា​សំរាប់​តែងតាំង​បូជាចារ្យ លើក​ថ្វាយ​ព្រះអម្ចាស់។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​លោក ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
30 លោក​ ម៉ូសេ​យក​ប្រេង​សំរាប់​ធ្វើ​ពិធី​តែងតាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ ប្រោះ​លើ​លោក​អរ៉ុន ព្រម​ទាំង​សម្លៀកបំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូន​ៗ​របស់​លោក​អរ៉ុន ព្រម​ទាំង​សម្លៀកបំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ លោក​ញែក​លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក រួម​ទាំង​សម្លៀកបំពាក់​របស់​ពួក​គេ អោយ​​​​​ទៅ​ជា​វិសុទ្ធ។

31 លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​អរ៉ុន និង​កូន​ៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នំបុ័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សំរាប់​ពិធី​តែងតាំង​ជា​បូជាចារ្យ ដូច​ខ្ញុំ​បាន​បង្គាប់​អោយ​អ្នក​រាល់​គ្នា​បរិភោគ។ 32 សាច់ និង​នំបុ័ង ដែល​នៅ​សល់​ត្រូវ​ដុត​ចោល។ 33 អ្នក​រាល់​គ្នា​ត្រូវ​ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែងតាំង​អ្នក​រាល់​គ្នា​ឡើយ។ 34 ព្រះអម្ចាស់​ផ្ទាល់​បញ្ជា​អោយ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។ 35 អ្នក​រាល់​គ្នា​ត្រូវ​ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នៅ​បំរើ​ព្រះអម្ចាស់ ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះជាម្ចាស់»។
36 លោក​អរ៉ុន និង​កូន​ប្រុស​របស់​លោក ធ្វើ​តាម​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។