ជំពូក ៦
ច្បាប់សំរាប់បូជាចារ្យ:
ការថ្វាយតង្វាយដុតទាំងមូល
1(៨) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2(៩) «ចូរបង្គាប់អរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:
នេះជាវិន័យស្ដីអំពីតង្វាយដុតទាំងមូល: ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងអោយឆេះរហូត។ 3(១០) បូជាចារ្យត្រូវពាក់អាវវែង និងស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកវាទៅដាក់នៅក្បែរអាសនៈ។ 4(១១) បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ។ 5(១២) ត្រូវអោយភ្លើងនៅលើ អាសនៈឆេះរហូត គឺមិនត្រូវអោយរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។ 6(១៣) ត្រូវទុកភ្លើងអោយឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវអោយរលត់ឡើយ»។
ការថ្វាយតង្វាយម្សៅ
7(១៤) «នេះជាវិន័យស្ដីអំពីតង្វាយម្សៅ: កូនៗរបស់អរ៉ុនត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។ 8(១៥) បូជាចារ្យមួយរូបយក ម្សៅម៉ដ្ដមួយក្ដាប់ ព្រមទាំងប្រេង និងគ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈ ទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 9(១៦) រីឯម្សៅដែលនៅសល់ ត្រូវបានទៅអរ៉ុន និងកូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំបុ័ងធ្វើពីម្សៅនេះ ដោយឥតមានមេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈ ក្នុងទីលានពន្លាជួបព្រះអម្ចាស់។ 10(១៧) មិនត្រូវដុតនំបុ័ង នេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សំរាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធបំផុត ដូចយញ្ញបូជារំដោះបាប និងយញ្ញបូជាលោះបាបដែរ។ 11(១៨) មានតែប្រុសៗក្នុង ចំណោមកូនចៅរបស់អរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសំរាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។ 12(១៩) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 13(២០) «នៅពេលអរ៉ុន និងកូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្ដទម្ងន់មួយភាគដប់នៃអេផាមកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្ដាលថ្វាយពេលព្រឹក ហើយពាក់កណ្ដាលទៀតថ្វាយពេលល្ងាច។ 14(២១) ត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអង្គ។
15(២២) កូន របស់អរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យ*បន្តពីគាត់ ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ ជារៀងរហូត។ 16(២៣) នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅ ត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។
ការថ្វាយយញ្ញបូជារំដោះបាប
17(២៤) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 18(២៥) «ចូរប្រាប់អរ៉ុន និងកូនៗរបស់គាត់ដូចតទៅ:
នេះជាវិន័យស្ដីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសំរាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ 19(២៦) បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាប ត្រូវបរិភោគតង្វាយនេះ នៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។ 20(២៧) អ្វីៗដែលប៉ះនឹង សាច់របស់សត្វនោះនឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។
21(២៨) ប្រសិនបើគេចំអិន សាច់ក្នុងថ្លាងដី ក្រោយពីចំអិនរួច ត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចំអិនរួច ត្រូវតែយកថ្លាងទៅដុស និងលាងក្នុងទឹក។ 22(២៩) ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។ 23(៣០) រីឯសាច់របស់សត្វដែល គេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់ សំរាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។