ជំពូក ៩
ព្រះបាទដាវីឌទទួលម៉េភីបូសែតចូលវាំង
1 ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសាអ៊ូលនៅរស់ឬទេ? យើងចង់សម្ដែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្តេចយ៉ូណាថាន»។ 2 ក្នុងចំណោមអ្នកបម្រើរបស់ព្រះបាទសាអ៊ូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ 3 ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសាអ៊ូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្ដែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្តេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ 4 ស្តេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមីអែល នៅក្រុងឡូដាបា»។ 5 ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកម៉េភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមីអែល នៅក្រុងឡូដាបា។ 6 កាលលោកម៉េភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសាអ៊ូល បានមកជួបព្រះបាទដាវីឌ លោកឱនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្តេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះម៉េភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ 7 ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នក ដោយសប្បុរស ព្រោះយើងគិតដល់សម្តេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសាអ៊ូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
8 លោកម៉េភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាព្រះអង្គយកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
9 ពេលនោះ ស្តេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសាអ៊ូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសាអ៊ូល និងព្រះញាតិវង្ស ឲ្យម៉េភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ 10 ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យម៉េភីបូសែត ហើយប្រមូលភោគផលជាស្បៀងអាហារ ទុកសម្រាប់បុត្ររបស់ម្ចាស់អ្នកផង។ រីឯម៉េភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។ 11 គាត់ទូលស្តេចថា៖ «បពិត្រព្រះរាជា ទូលបង្គំនឹងប្រព្រឹត្តតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណាជាអម្ចាស់ តែលោកម៉េភីបូសែតមានទម្លាប់ពិសាបាយរួមតុជាមួយទូលបង្គំ ដ្បិតលោកជាពូជពង្សរបស់ស្តេច»។
12 លោកម៉េភីបូសែតមានកូនប្រុសម្នាក់ឈ្មោះមីកា ហើយមនុស្សទាំងប៉ុន្មានក្នុងគ្រួសាររបស់ស៊ីបា សុទ្ធតែជាអ្នកបម្រើរបស់លោក។ 13 ដោយលោកម៉េភីបូសែតបរិភោគរួមតុជាមួយព្រះបាទដាវីឌរៀងរាល់ថ្ងៃ លោកត្រូវស្នាក់នៅក្រុងយេរូសាឡឹម។ លោកម៉េភីបូសែតខ្វិនជើងទាំងពីរ។