ជំពូក ២៣
ពាក្យបណ្តាំរបស់ព្រះបាទដាវីឌ
1 នេះជាពាក្យបណ្តាំចុងក្រោយបង្អស់
របស់ព្រះបាទដាវីឌ។
នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់
ថ្លែងដោយព្រះបាទដាវីឌ
ជាបុត្ររបស់លោកយេសាយ
ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង
យ៉ាងខ្ពស់បំផុត
ជាស្តេចដែលព្រះរបស់លោកយ៉ាកុប
បានចាក់ប្រេងអភិសេក ជាស្តេចដែល
ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។
2 ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូល
តាមរយៈខ្ញុំ
ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។
3 ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល
ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត
គឺស្តេចដែលគ្រប់គ្រងប្រជាជន
ដោយគោរពកោតខ្លាចព្រះជាម្ចាស់
4 ស្តេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង
នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ
ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី
ក្រោយពេលភ្លៀង។
5 ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ
យ៉ាងនោះដែរ
ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ
ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច
ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ
មិនអាចប្រែប្រួលបានឡើយ។
មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ
ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
6 រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា
ដែលគេបោះចោល
គឺមិនដែលមាននរណាយកដៃពាល់ឡើយ។
7 ជនដែលចង់ពាល់វា
ត្រូវតែកាន់ទំពក់ដែក ឬដងលំពែង
ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
ទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១១.១០-៤៧)
8 នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ព្រះបាទដាវីឌ: លោកយ៉ូសែប-បាសេបេត ជាកូនរបស់លោកថាកេម៉ូន និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។
9 បន្ទាប់មក គឺលោកអេឡាសារជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូហ៊ី។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងព្រះបាទដាវីឌ ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រាអែលដកថយ។ 10 ពេលនោះ មានតែលោកអេឡាសារទេ ដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្តាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រាអែល រីឯកងទ័ពវិលមករកលោកវិញ គ្រាន់តែប្រមូលយកជ័យភ័ណ្ឌប៉ុណ្ណោះ។
11 បន្ទាប់មកទៀត គឺលោកសាំម៉ា ជាកូនរបស់លោកអកេ ពីអំបូរហារ៉ា។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្តុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្តែក។ ទាហានអ៊ីស្រាអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ 12 ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្ដាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្ដើមយកចម្ការនោះមកវិញ។ ព្រះអម្ចាស់ប្រោសប្រទានជ័យជម្នះដ៏ធំធេង។
13 ថ្ងៃមួយ នៅរដូវចម្រូត នាយទាហានបីរូបក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលគាល់ព្រះបាទដាវីឌក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ពនៅជ្រលងភ្នំរេផាអ៊ីម។ 14 ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ 15 ព្រះបាទដាវីឌស្រេកទឹក ស្តេចក៏មានរាជឱង្ការថា៖ «តើនរណាអាចដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។ 16 ពេលនោះ ទាហានដ៏អង់អាចទាំងបីរូបនាំគ្នាសម្រុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្ដូងនៅមាត់ទ្វារភូមិបេថ្លេហិម យកមកថ្វាយព្រះបាទដាវីឌ។ ប៉ុន្តែ ស្តេចមិនព្រមសោយទេ ព្រះអង្គយកទឹកនោះទៅច្រួចលើដី ថ្វាយព្រះអម្ចាស់។ 17 ស្តេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ស្តេចមិនព្រមសោយទឹកនោះទេ។
នេះហើយជាស្នាដៃដែលទាហានអង់អាចទាំងបីរូបបានប្រព្រឹត្ត។
18 លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ 19 ក្នុងចំណោមមេទ័ពទាំងបី លោកទទួលកិត្តិយសខ្លាំងជាងគេ លោកជាប្រមុខលើមេទ័ពទាំងបី តែលោកពុំអាចប្រៀបស្មើនឹងក្រុមមេទ័ពបីរូបទៀតឡើយ។
20 លោកបេណាយ៉ា អ្នកស្រុកកាបសេល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចមួយរូប។ លោកបានបញ្ចេញស្នាដៃយ៉ាងច្រើន គឺលោកហើយដែលបានវាយពួកអរីអែលពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្ដៅ ដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។ 21 លោកក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ លោកទៅប្រយុទ្ធនឹងគេ ដោយមានតែដំបងប៉ុណ្ណោះ លោកដណ្ដើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ 22 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីរូប។ 23 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ លោកទទួលកិត្តិយសច្រើនជាងគេ តែលោកពុំអាចប្រៀបស្មើនឹងមេទ័ពទាំងបីរូបបានឡើយ។ ព្រះបាទដាវីឌបានតែងតាំងលោកជាមេបញ្ជាការកងអង្គរក្ស។
24 ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណនជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម 25 លោកសាំម៉ាជាអ្នកស្រុកហារ៉ូដ លោកអេលីកាជាអ្នកស្រុកហារ៉ូដ 26 លោកហេលេសជាអ្នកស្រុកពេលេត លោកអ៊ីរ៉ា អ្នកក្រុងតេកា ជាកូនរបស់លោកអ៊ីកែស 27 លោកអប៊ីយេស៊ែរ អ្នកស្រុកអាណាតូត លោកមេបូណៃ អ្នកស្រុកហ៊ូសា 28 លោកសាលម៉ូន អ្នកស្រុកអាហូអា លោកម៉ាហារ៉ៃ អ្នកស្រុកនេតូផា 29 លោកហេលែបជាកូនរបស់លោកបាណា អ្នកស្រុកនេតូផា លោកអ៊ីតតាយជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន 30 លោកបេណាយ៉ា អ្នកស្រុកពីរ៉ាតូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាស 31 លោកអាប៊ី-អាល់បូន អ្នកស្រុកអារ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហារូម 32 លោកអេលីយ៉ាបា អ្នកស្រុកសាលបូន លោកបេនេយ៉ាសេន លោកយ៉ូណាថាន 33 លោកសាំម៉ា អ្នកស្រុកហារ៉ា លោកអហ៊ីយ៉ាមជាកូនរបស់លោកសារ៉ា អ្នកស្រុកហារ៉ា 34 លោកអេលីផាលេតជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាមជាកូនរបស់លោកអហ៊ីតូផែល អ្នកស្រុកគីឡូ 35 លោកហេស្រាយ អ្នកស្រុកកាម៉ិល លោកបារ៉ាយ អ្នកស្រុកអារ៉ាប់ 36 លោកយីកាលជាកូនរបស់លោកណាថាន អ្នកស្រុកសូបា លោកបានី អ្នកស្រុកកាដ 37 លោកសេឡេកជាជនជាតិអាំម៉ូន លោកណារ៉ៃ អ្នកស្រុកបេរ៉ូដ ដែលជាអ្នកកាន់គ្រឿងសាស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា 38 លោកអ៊ីរ៉ា អ្នកស្រុកយេទែរ លោកការេប អ្នកស្រុកយេទែរ 39 លោកអ៊ូរីជាជនជាតិហេត។ សរុបទាំងអស់មានសាមសិបប្រាំពីររូប។