ជំពូក ១៤
សម្តេចអាប់សាឡុមត្រឡប់មកក្រុងយេរូសាឡឹមវិញ
1 លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានព្រះហឫទ័យនឹករលឹកដល់សម្តេចអាប់សាឡុម 2 លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។ 3 បន្ទាប់មក នាងត្រូវចូលទៅគាល់ស្តេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។ 4 ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្តេច។ នាងក្រាបថ្វាយបង្គំស្តេច ដោយឱនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។ 5 ស្តេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល! 6 ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។ 7 ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្តីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។ 8 ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។ 9 ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។ 10 ស្តេចមានរាជឱង្ការថា៖ «ប្រសិនបើមាននរណាម្នាក់ស្តីបន្ទោសនាង ចូរនាំគេមកជួបយើង គេមុខជាមិនហ៊ានរករឿងនាងទៀតទេ»។ 11 នាងទូលទៀតថា៖ «បពិត្រព្រះករុណា! សូមមេត្តាសន្យានឹងខ្ញុំម្ចាស់ ក្នុងនាមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដើម្បីកុំឲ្យអ្នកដែលត្រូវសងសឹកជំនួសកូនប្រុសខ្ញុំម្ចាស់ ដែលស្លាប់ទៅហើយ ហ៊ានសម្លាប់កូនប្រុសខ្ញុំម្ចាស់ដែលនៅសល់នោះថែមទៀតឡើយ»។ ស្តេចមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា: យើងមិនឲ្យសក់មួយសរសៃរបស់កូនប្រុសនាងជ្រុះដល់ដីឡើយ»។
12 នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្តេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។ 13 នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអំបាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្តេចអាប់សាឡុម ដែលស្តេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។ 14 មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្តេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។ 15 ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ដ្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ប្រហែលជាស្តេចធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ករុណា។ 16 ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។ 17 ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវទូតរបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។ 18 ស្តេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។ 19 ស្តេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណាខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។ 20 លោកធ្វើដូច្នេះ ដើម្បីសម្រួលសភាពការណ៍។ ប៉ុន្តែ ព្រះករុណាជ្រាបអ្វីៗទាំងប៉ុន្មានដែលកើតមាននៅលើផែនដី ដ្បិតព្រះអង្គមានប្រាជ្ញាដូចទេវទូតរបស់ព្រះជាម្ចាស់ដែរ»។
21 ស្តេចមានរាជឱង្ការទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រមតាមសំណូមពររបស់លោកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។ 22 លោកយ៉ូអាប់ក្រាបថ្វាយបង្គំស្តេចឱនមុខដល់ដី ហើយអរព្រះគុណថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ថ្ងៃនេះ ទូលបង្គំដឹងថា ព្រះករុណានៅតែប្រណីសន្ដោសទូលបង្គំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ទូលបង្គំ»។ 23 លោកយ៉ូអាប់ក្រោកឡើង ចេញដំណើរទៅស្រុកកេសួរ ហើយនាំសម្តេចអាប់សាឡុមវិលមកក្រុងយេរូសាឡឹមវិញ។ 24 ស្តេចមានរាជឱង្ការថា៖ «ចូរឲ្យគេទៅដំណាក់របស់គេចុះ កុំឲ្យគេមកជួបមុខយើងឡើយ!»។ ដូច្នេះ សម្តេចអាប់សាឡុមក៏យាងទៅដំណាក់របស់ខ្លួនវិញ ដោយឥតបានឃើញព្រះភ័ក្ត្រស្តេចទេ។
ព្រះបាទដាវីឌលើកលែងទោសសម្តេចអាប់សាឡុម
25 នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្តេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។ 26 រៀងរាល់ឆ្នាំ សម្តេចអាប់សាឡុមតែងតែកាត់សក់នៅពេលចុងឆ្នាំ ព្រោះសក់នោះធ្ងន់ពេក។ គេថ្លឹងសក់នោះឃើញមានទម្ងន់ជាងពីរគីឡូក្រាម តាមរបៀបថ្លឹងរបស់ស្តេច។ 27 សម្តេចអាប់សាឡុមមានបុត្រាបីអង្គ និងបុត្រីមួយអង្គ។ បុត្រីនោះមាននាម ថាម៉ារ ដែលមានរូបឆោមស្រស់ស្អាតណាស់។
28 សម្តេចអាប់សាឡុមគង់នៅក្រុងយេរូសាឡឹមបានពីរឆ្នាំ ដោយឥតបានឃើញព្រះភ័ក្ត្រព្រះរាជាទេ។ 29 ថ្ងៃមួយ សម្តេចបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ូអាប់មក ដើម្បីនាំសម្តេចចូលទៅគាល់ព្រះរាជា ប៉ុន្តែ លោកយ៉ូអាប់មិនព្រមមកទេ។ សម្តេចអាប់សាឡុមចាត់គេឲ្យទៅជាលើកទីពីរ តែលោកយ៉ូអាប់នៅតែមិនព្រមដដែល។ 30 ហេតុនេះ សម្តេចអាប់សាឡុមបង្គាប់ពួកអ្នកបម្រើថា៖ «មើល៍! ស្រែលោកយ៉ូអាប់នៅជាប់នឹងស្រែយើង ចូរដុតចោលទៅ!»។ អ្នកបម្រើនាំគ្នាដុតស្រែរបស់លោកយ៉ូអាប់។ 31 ដូច្នេះ លោកយ៉ូអាប់ក៏អញ្ជើញទៅដំណាក់របស់សម្តេចអាប់សាឡុម ហើយសួរថា៖ «ហេតុអ្វីបានជាពួកអ្នកបម្រើរបស់សម្តេចដុតស្រែរបស់ទូលបង្គំចោល?»។ 32 សម្តេចអាប់សាឡុមឆ្លើយថា៖ «ពីព្រោះខ្ញុំសូមឲ្យលោកមកទីនេះ តែលោកបដិសេធ។ ខ្ញុំចង់ឲ្យលោកចូលទៅគាល់ស្តេច ហើយទូលថា ហេតុអ្វីបានជាព្រះអង្គហៅខ្ញុំឲ្យវិលមកពីស្រុកកេសួរ? ប្រសិនបើខ្ញុំនៅទីនោះ គឺប្រសើរជាង! ឥឡូវនេះ ខ្ញុំចង់ចូលទៅគាល់ស្តេចណាស់ ប្រសិនបើខ្ញុំមានកំហុសអ្វី សូមព្រះអង្គសម្លាប់ខ្ញុំចុះ!»។ 33 លោកយ៉ូអាប់នាំពាក្យរបស់សម្តេចអាប់សាឡុមទៅទូលព្រះរាជា។ ព្រះរាជាត្រាស់ហៅសម្តេចអាប់សាឡុម សម្តេចក៏ចូលទៅគាល់ព្រះរាជា ហើយក្រាបថ្វាយបង្គំឱនមុខដល់ដី រួចព្រះរាជាក៏ឱបសម្តេចអាប់សាឡុម។