ជំពូក ២២

ទំនុក‌តម្កើង​របស់​ព្រះ‌បាទ​ដាវីឌ

(ទំនុក‌តម្កើង ១៨)

1 ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សាអ៊ូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

2 «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការ‌ពារ​ខ្ញុំ

ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ

ជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។

3 ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រក

ព្រះ‌អង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ

និង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។

ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។

4 ពេល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ

ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំ

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់!

5 សេចក្ដី​ស្លាប់​រួប‌រឹត​ខ្ញុំ

រីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំ

ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

6 សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជា

សំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

7 នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់

ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ

ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ

ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ

ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់

ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

8 នៅ​ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ

ផែន‌ដី​កក្រើក​ញាប់‌ញ័រ

ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។

9 មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសា

របស់​ព្រះ‌អង្គ

ព្រះ‌អង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក

ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពី

ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

10 ព្រះ‌អង្គ​ផ្អៀង​ផ្ទៃ​មេឃ ព្រះ‌អង្គ​យាង​ចុះ​មក

ដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោម

ព្រះ‌បាទា​ផង។

11 ព្រះ‌អង្គ​យាង​គង់​លើ​ខេរូប៊ីម* ហើយ​ហោះ​មក

ព្រះ‌អង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើ

វាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។

12 ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួន

ហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក

ធ្វើ​ជា​ព្រះ‌ពន្លា។

13 មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះ‌អង្គ

ហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

14 ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃ

ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង

មក​ពី​លើ។

15 ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ

ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។

ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ

ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

16 ដោយ‌សារ​ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អម្ចាស់

និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពី

ព្រះ‌នាសា​របស់​ព្រះ‌អង្គ

បាត​សមុទ្រ​លេច​ចេញ​មក

ហើយ​គ្រឹះ​របស់​ផែន‌ដី​ក៏​លេច​មក​ដែរ។

17 ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ

ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

18 ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ

ដ៏​ខ្លាំង​ពូកែ

និង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ

ហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។

19 នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា

អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ

ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។

20 ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់

ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

21 ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ

ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ

ព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញ

ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

22 ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់

ហើយ​ខ្ញុំ​មិន​បាន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំ

ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

23 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន

របស់​ព្រះ‌អង្គ

ខ្ញុំ​មិន​បាន​បំពាន​លើ​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទេ។

24 ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មង

ហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួន

មិន​ឲ្យ​មាន​កំហុស​ឡើយ។

25 ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំ

ស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត

ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្ត

អំពើ​បរិសុទ្ធ។

26 ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ

ស្មោះ‌ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់

ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ​សរ

ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។

27 ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ

ព្រះ‌អង្គ​ក៏​សម្ដែង​ថា ព្រះ‌អង្គ​បរិសុទ្ធ​ដែរ

ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញ

ព្រះ‌អង្គ​សម្ដែង​ថា​ព្រះ‌អង្គ​ឈ្លាស‌វៃ។

28 ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាប

ព្រះ‌អង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ

ដើម្បី​បន្ទាប​ពួក​គេ។

29 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ពន្លឺ​របស់​ទូល‌បង្គំ

ហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់

ទូល‌បង្គំ​ដែរ។

30 ព្រះ‌អង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូល‌បង្គំ​វាយ​លុក

ខ្មាំង​សត្រូវ និង​ឲ្យ​ទូល‌បង្គំ​អាច​លោត​រំលង

កំពែង​ក្រុង​របស់​ពួក​គេ។

31 មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ

ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុង

ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក

ជ្រក​កោន​នឹង​ព្រះ‌អង្គ។

32 មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត

ជា​ព្រះ‌ជាម្ចាស់

មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ

ដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។

33 ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ

ព្រះ‌អង្គ​រៀប‌ចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បាន

ល្អ​ឥត​ខ្ចោះ។

34 ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន

ដូច​សត្វ​ក្តាន់

ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

35 ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក

និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

36 ព្រះ‌អង្គ​ការ‌ពារ និង​សង្គ្រោះ​ទូល‌បង្គំ

ព្រះ‌អង្គ​គាំ‌ទ្រ​ទូល‌បង្គំ

ហើយ​ព្រះ‌អង្គ​លើក​ទូល‌បង្គំ​ឡើង

ដោយ​ព្រះ‌ហឫទ័យ​មេត្តា។

37 ព្រះ‌អង្គ​ការ‌ពារ​ទូល‌បង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវ

ដេញ​ទាន់

មិន​ឲ្យ​ទូល‌បង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

38 ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ

និង​បំផ្លាញ​ពួក​គេ

ហើយ​ទូល‌បង្គំ​មិន​ត្រឡប់​មក​វិញ​ទេ

ដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។

39 ទូល‌បង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេ

មិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ

ពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូល‌បង្គំ។

40 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កម្លាំង

ធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។

41 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់

នៅ​មុខ​ទូល‌បង្គំ

ហើយ​ទូល‌បង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល

ស្អប់​ទូល‌បង្គំ​វិនាស​សូន្យ​អស់​ទៅ។

42 ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយ

តែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយ

គេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់

តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

43 ទូល‌បង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដី

ទូល‌បង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

44 ព្រះ‌អង្គ​បាន​រំដោះ​ឲ្យ​ទូល‌បង្គំ​រួច​ពី

ការ​បះ‌បោរ​របស់​ប្រជាជន

ហើយ​ទុក​ឲ្យ​ទូល‌បង្គំ​ធ្វើ​ជា​មេ​ដឹក​នាំ

លើ​ប្រជា‌ជាតិ​នានា

ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ធ្លាប់​ស្គាល់

បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។

45 ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូល‌បង្គំ

ហើយ​ពេល​ទូល‌បង្គំ​និយាយ​តែ​មួយ​ម៉ាត់

គេ​ក៏​ធ្វើ​តាម​ភ្លាម។

46 ជន​បរទេស​បាក់​ទឹក​ចិត្ត

ហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មក

ទាំង​ភ័យ​ញាប់​ញ័រ។

47 ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អង្គ

ដែល​ជា​ថ្ម‌ដា​របស់​ទូល‌បង្គំ!

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ថ្ម‌ដា

ដែល​បាន​សង្គ្រោះ​ទូល‌បង្គំ!

48 ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូល‌បង្គំ​មាន​ជ័យ‌ជម្នះ

លើ​ខ្មាំង​សត្រូវ

ព្រះ‌អង្គ​បាន​បន្ទាប​ប្រជាជន​នានា

ឲ្យ​មក​នៅ​ក្រោម​អំណាច​ទូល‌បង្គំ

49 ហើយ​ព្រះ‌អង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពី

កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!

ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង​ខ្ពស់​ជាង

បច្ចា‌មិត្ត​របស់​ទូល‌បង្គំ

និង​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស

ឃោរ‌ឃៅ។

50 ហេតុ​នេះ​ហើយ​បាន​ជា​ទូល‌បង្គំ​សរសើរ​តម្កើង

ព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា

ឱ​ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​នឹង​ច្រៀង

លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

51 ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ‌ធេង

ដល់​ស្តេច​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង។

ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​ចំពោះ

ស្តេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក

គឺ​ចំពោះ​ស្តេច​ដាវីឌ និង​ពូជ‌ពង្ស

រៀង​រហូត​ត​ទៅ»។