ជំពូក ៥
ព្រះបាទដាវីឌគ្រងរាជ្យលើអ៊ីស្រាអែលទាំងមូល
(១របាក្សត្រ ១១.១-៣)
1 កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែលនាំគ្នាមកគាល់ព្រះបាទដាវីឌ នៅក្រុងហេប្រូន ហើយទូលថា៖ «ទូលបង្គំទាំងអស់គ្នាក៏ជាសាច់សាលោហិតរបស់ព្រះករុណាដែរ។ 2 កាលពីមុន នៅគ្រាដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 3 ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជា នៅក្រុងហេប្រូន។ ព្រះបាទដាវីឌបានចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅក្រុងហេប្រូន រួចហើយពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល។ 4 នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។ 5 នៅក្រុងហេប្រូន ព្រះអង្គសោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម ព្រះអង្គសោយរាជ្យបានសាមសិបបីឆ្នាំលើស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។
ព្រះបាទដាវីឌលើករាជធានីមកនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ១១.៤-៩, ១៤.១-២)
6 ព្រះបាទដាវីឌ ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថព្រះបាទដាវីឌថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ព្រះបាទដាវីឌមិនអាចដណ្ដើមយកទីក្រុងឡើយ។ 7 ព្រះបាទដាវីឌវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីព្រះបាទដាវីឌ”។ 8 នៅថ្ងៃនោះ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូស ត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និងពួកខ្វាក់ ដែលដាវីឌស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់ អ្នកខ្វិន គ្មានសិទ្ធិចូលក្នុងព្រះដំណាក់ទេ!»។ 9 ព្រះបាទដាវីឌគង់នៅក្នុងបន្ទាយ ដែលស្តេចហៅថា «បុរីព្រះបាទដាវីឌ»។ បន្ទាប់មក ស្តេចពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់ស្តេច។ 10 ព្រះបាទដាវីឌមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល គង់នៅជាមួយ។
11 ព្រះបាទហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកគាល់ព្រះបាទដាវីឌ ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយថ្វាយព្រះបាទដាវីឌ។ 12 ព្រះបាទដាវីឌឈ្វេងយល់ថា ព្រះអម្ចាស់តែងតាំងស្តេចឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយព្រះអង្គក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់ស្តេចបានចម្រុងចម្រើនឡើង ព្រោះតែអ៊ីស្រាអែលជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ។
បុត្ររបស់ព្រះបាទដាវីឌប្រសូតនៅក្រុងយេរូសាឡឹម
(១របាក្សត្រ ៣.៥-៩, ១៤.៣-៧)
13 ក្រោយបានចាកចេញពីក្រុងហេប្រូនមកគង់នៅក្រុងយេរូសាឡឹម ព្រះបាទដាវីឌមានស្នំឯក និងមហេសីផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនថ្វាយស្តេច។ 14 នេះជាបញ្ជីរាយនាមបុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមូអា សូបាប់ ណាថាន សាឡូម៉ូន 15 យីបហារ អេលីសួ នេផេក យ៉ាភីអា 16 អេលីសាម៉ា អេលីយ៉ាដា និងអេលីផេលេត។
ជ័យជម្នះរបស់ព្រះបាទដាវីឌលើជនជាតិភីលីស្ទីន
(១របាក្សត្រ ១៤.៨-១៦)
17 កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រាអែលបានអភិសេកព្រះបាទដាវីឌជាស្តេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌជ្រាបដំណឹងនេះ ស្តេចយាងទៅជ្រកក្នុងជម្រកមួយ។ 18 ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផាអ៊ីម។ 19 ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើព្រះអង្គប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំដែរឬ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកជាមិនខាន!»។ 20 ព្រះបាទដាវីឌក៏យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក ស្តេចមានរាជឱង្ការថា៖ «ព្រះអម្ចាស់បានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។ 21 ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ព្រះបាទដាវីឌ និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។
22 ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផាអ៊ីមសាជាថ្មី។ 23 ព្រះបាទដាវីឌទូលសួរព្រះអម្ចាស់ ហើយព្រះអង្គមានព្រះបន្ទូលមកស្តេចវិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។ 24 កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅ ដ្បិត គឺពេលនោះហើយ ដែលយើងជាព្រះអម្ចាស់នាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។
25 ព្រះបាទដាវីឌធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ព្រះអង្គវាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ែរ។