ជំពូក ១០

សង្គ្រាម​ជា​មួយ​ជន​ជាតិ​អាំម៉ូន និង​ជន​ជាតិ​ស៊ីរី

(១​របាក្សត្រ ១៩.១-១៩)

1 ក្រោយ​មក ស្តេច​របស់​ជន​ជាតិ​អាំម៉ូន​សោយ​ទិវង្គត ហើយ​បុត្រា​ព្រះ‌នាម​ហានូន ឡើង​សោយ​រាជ្យ​ជំនួស។ 2 ព្រះ‌បាទ​ដាវីឌ​ព្រះ‌អង្គ​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្ដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ហានូន ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្តេច​បាន​សម្ដែង​ចំពោះ​យើង​ដែរ»។ ព្រះ‌បាទ​ដាវីឌ​ក៏​ចាត់​មន្ត្រី​ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន 3 មេ​ដឹក​នាំ​នៃ​ជន​ជាតិ​អាំម៉ូន ទូល​ព្រះ‌បាទ​ហានូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្តេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត‌ការណ៍​ទី‌ក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។ 4 ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ឲ្យ​គេ​កោរ​ពុក​ចង្កា​មួយ​ចំហៀង ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្តេញ​ឲ្យ​ទៅ​វិញ។ 5 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ព្រះ‌អង្គ​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​មន្ត្រី ដែល​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​នោះ។ ស្តេច​ត្រាស់​បង្គាប់​ដល់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។

6 កាល​ជន​ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ពួក​គេ​ក៏​ទៅ​ជួល​ពល‌ទាហាន​ស៊ីរី​ចំនួន​ពីរ‌ម៉ឺន​នាក់​ពី​ក្រុង​បេត‌រេហូប និង​ស្រុក​សូបា មួយ​ពាន់​នាក់​ទៀត​ពី​កង‌ទ័ព​របស់​ស្តេច​ស្រុក​ម៉ាកា ព្រម​ទាំង​មួយ‌ម៉ឺន​ពីរ‌ពាន់​នាក់​ទៀត​ពី​ស្រុក​តូប។ 7 ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។ 8 ទ័ព​អាំម៉ូន​បាន​ចេញ​មក​ត្រៀម​នៅ​មាត់​ទ្វារ​ក្រុង រីឯ​ទ័ព​ស៊ីរី​មក​ពី​ស្រុក​សូបា និង​ក្រុង​បេត‌រេហូប ព្រម​ទាំង​ទ័ព​ស្រុក​តូប និង​ស្រុក​ម៉ាកា ចេញ​មក​ត្រៀម​នៅ​តាម​ទី​វាល។ 9 លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ​ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ លោក​ជ្រើស‌រើស​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។ 10 រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ីសាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន​ជាតិ​អាំម៉ូន។ 11 លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។ 12 ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជាជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ»។

13 លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។ 14 កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ីសាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

15 ជន​ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រា‌អែល គេ​ក៏​ប្រមូល​ផ្តុំ​កង‌ទ័ព។ 16 ព្រះ‌បាទ​ហាដា‌ដេស៊ែរ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ កង‌ទ័ព​ស៊ីរី​បាន​មក​ដល់​ហេឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ‌បញ្ជា‌ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ជា​អ្នក​ដឹក​នាំ។ 17 មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ព្រះ‌អង្គ​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះ‌បាទ​ដាវីឌ ហើយ​វាយ​សម្រុក។ 18 ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំ​ពីរ‌រយ​នាក់ និង​ពល‌ទ័ព‌សេះ​អស់​បួន‌ម៉ឺន​នាក់ ស្តេច​ក៏​បាន​ប្រហារ​លោក​សូបាក់ ជា​មេ‌បញ្ជា‌ការ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។ 19 កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌ដេស៊ែរ ឃើញ​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល​ដូច្នេះ ក៏​នាំ​គ្នា​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ស្តេច។ ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ស៊ីរី​មិន​ហ៊ាន​មក​ជួយ​ជន​ជាតិ​អាំម៉ូន​ទៀត​ឡើយ។