ជំពូក ២
ប្រជាជនស្រុកយូដាអភិសេកលោកដាវីឌ ជាស្តេចនៅក្រុងហេប្រូន
1 ក្រោយព្រឹត្តិការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ ព្រះអម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ 2 លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណូអាំ ជាអ្នកស្រុកយីសរេអែល និងនាងអប៊ីកាអ៊ីល ជាភរិយារបស់សពលោកណាបាលនៅភូមិកាម៉ិល។ 3 លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។
4 ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។
មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសាអ៊ូល។ 5 ព្រះបាទដាវីឌក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសម្ដែងភក្តីភាពចំពោះព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នា ដោយបានបញ្ចុះសពស្តេច។ 6 ឥឡូវនេះ សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ 7 ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ព្រះបាទសាអ៊ូល ជាម្ចាស់របស់អ្នករាល់គ្នាបានសោយទិវង្គតផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានចាក់ប្រេងអភិសេកខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។
លោកអាប់នែរតែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចស្រុកអ៊ីស្រាអែល
8 លោកអាប់នែរ ជាកូនរបស់លោកនែរ ដែលជាមេទ័ពរបស់ព្រះបាទសាអ៊ូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល ឆ្លងទៅក្រុងម៉ាហាណាអ៊ីម។ 9 នៅទីនោះ លោកអាប់នែរ តែងតាំងសម្តេចអ៊ីសបូសែតជាស្តេច គ្រប់គ្រងលើស្រុកកាឡាដ ស្រុកអស៊ែរ ស្រុកយីសរេអែល ស្រុកអេប្រាអ៊ីម ស្រុកបេនយ៉ាមីន ពោលគឺស្រុកអ៊ីស្រាអែលទាំងមូល។ 10 ពេលព្រះបាទអ៊ីសបូសែតជាបុត្ររបស់ព្រះបាទសាអ៊ូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ព្រះអង្គមានព្រះជន្មសែសិបវស្សា ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទដាវីឌ។ 11 ព្រះបាទដាវីឌសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។
សង្គ្រាមរវាងយូដា និងអ៊ីស្រាអែល នៅកាបូន
12 លោកអាប់នែរជាកូនរបស់លោកនែរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសាអ៊ូល បានចាកចេញពីក្រុងម៉ាហាណាអ៊ីមឆ្ពោះទៅក្រុងកាបូន។ 13 លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងរាជបម្រើរបស់ព្រះបាទដាវីឌក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងកាបូន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ 14 លោកអាប់នែរមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើងប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។ 15 យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធបេនយ៉ាមីន ខាងព្រះបាទអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជារាជបម្រើព្រះបាទដាវីឌ។ 16 ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងកាបូននោះថា «ហេលកាត់-ហាត់ស៊ូរីម»។ 17 ការប្រយុទ្ធមួយយ៉ាងសាហាវបានផ្ទុះឡើង នៅថ្ងៃនោះ។ លោកអាប់នែរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ព្រះបាទដាវីឌ។ 18 កូនប្រុសទាំងបីរូបរបស់អ្នកស្រីសេរូយ៉ានៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអសាអែល។ លោកអសាអែលរត់លឿនដូចប្រើស 19 លោកដេញតាមលោកអាប់នែរយ៉ាងប្រកិត ឥតងាកឆ្វេង ឬស្តាំឡើយ។ 20 លោកអាប់នែរងាកក្រោយសួរថា៖ «តើអ្នក ជាអសាអែលឬ?»។ លោកអសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ 21 លោកអាប់នែរមានប្រសាសន៍ថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្តាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអសាអែលមិនព្រមឈប់ដេញតាមលោកអាប់នែរទេ។ 22 លោកអាប់នែរពោលមកកាន់លោកអសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្ដេចបាន?»។ 23 ប៉ុន្តែ លោកអសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអាប់នែរក៏បុកលោកអសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ 24 ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយ នៅតែដេញតាមលោកអាប់នែរ ហើយទៅដល់ជម្រាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានកាបូន នៅពេលថ្ងៃលិច។ 25 ពលទាហានបេនយ៉ាមីនប្រមូលគ្នាមកនៅពីក្រោយលោកអាប់នែរ។ គេផ្តុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ 26 លោកអាប់នែរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ 27 លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ 28 លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។
29 លោកអាប់នែរ និងពលទាហានរបស់លោក នាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីតរ៉ូន ហើយទៅដល់ក្រុងម៉ាហាណាអ៊ីមវិញ។ 30 កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអាប់នែរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ព្រះបាទដាវីឌ ចំនួនដប់ប្រាំបួននាក់ និងលោកអសាអែលម្នាក់ទៀត។ 31 ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអាប់នែរ អស់បីរយហុកសិបនាក់។ 32 គេបាននាំយកសពលោកអសាអែលទៅបញ្ចុះក្នុងផ្នូរ ដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។