ជំពូក ២៤
ស្តេចដាវីឌជំរឿនប្រជាជនអ៊ីស្រាអែល
(១របាក្សត្រ ២១.១-៦)
1 ព្រះអម្ចាស់ព្រះអង្គពិរោធសាជាថ្មី ទាស់នឹងជនជាតិអ៊ីស្រាអែល។ ព្រះអង្គជំរុញព្រះបាទដាវីឌឲ្យបង្កវិបត្តិមួយដល់ពួកគេ ដោយបង្គាប់ស្តេចឲ្យធ្វើជំរឿនប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា។
2 ពេលលោកយ៉ូអាប់ ជាមេបញ្ជាការកងទ័ពនៅ ជាមួយស្តេច ព្រះអង្គក៏មានរាជឱង្ការទៅលោកថា៖ «ចូរលោកធ្វើដំណើរទៅគ្រប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល គឺចាប់ពីក្រុងដាន់រហូតទៅដល់ក្រុងបៀរសេបា ហើយធ្វើជំរឿនប្រជាជន ដ្បិតយើងចង់ដឹងថា ពួកគេមានចំនួនប៉ុន្មាន»។ 3 លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។ 4 ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗ ត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីព្រះរាជា ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រាអែល។ 5 ពួកគេឆ្លងទន្លេយ័រដាន់ ហើយបោះជំរំនៅខាងត្បូងក្រុងអារ៉ូអ៊ែរ ដែលស្ថិតនៅកណ្ដាលជ្រលងភ្នំកាដ រួចទៅក្រុងយ៉ាស៊ែរ។ 6 បន្ទាប់មក ពួកគេទៅដល់ស្រុកកាឡាដ និងស្រុកតាទីម-ហុដស៊ី រួចទៅស្រុកដាន់យ៉ាអន និងតំបន់ស៊ីដូន។ 7 ពួកគេនាំគ្នាបន្តដំណើរទៅដល់បន្ទាយក្រុងទីរ៉ុស និងក្រុងនានារបស់ជនជាតិហេវី និងជនជាតិកាណាន រួចតម្រង់ទៅក្រុងបៀរសេបា ដែលនៅប៉ែកខាងត្បូងស្រុកយូដា។ 8 ក្រោយពីបានធ្វើដំណើរកាត់ស្រុកទាំងមូលអស់រយៈពេលប្រាំបួនខែម្ភៃថ្ងៃមក ពួកគេក៏វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ 9 លោកយ៉ូអាប់ចូលទៅទូលស្ដេចអំពីចំនួនប្រជាជន គឺនៅស្រុកអ៊ីស្រាអែល មានពលទាហានដែលអាចប្រដាប់អាវុធធ្វើសឹកបាន៨០០ ០០០ នាក់ និងនៅស្រុកយូដាមានចំនួន ៥០០ ០០០ នាក់។
ព្រះជាម្ចាស់ដាក់ទោសជនជាតិអ៊ីស្រាអែល
(១របាក្សត្រ ២១.៧-១៧)
10 ព្រះបាទដាវីឌដឹងខ្លួនប្រព្រឹត្តខុសដោយបានជំរឿនប្រជាជនដូច្នេះ ស្តេចទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
11 នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖ 12 «ចូរទៅប្រាប់ស្តេចដាវីឌថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងមានទណ្ឌកម្មបីយ៉ាងសម្រាប់អ្នក ចូរជ្រើសរើសយកមួយចុះ យើងនឹងដាក់ទោសអ្នកតាមនោះ!”»។
13 លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគកើតឡើងនៅក្នុងស្រុកអស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំឲ្យមក»។
14 ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកកាដថា៖ «យើងតប់ប្រមល់ខ្លាំងណាស់! សូមឲ្យយើងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ព្រះអម្ចាស់ ជាជាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង»។
15 ព្រះអម្ចាស់បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។ 16 កាលទេវទូតលើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម ព្រះអម្ចាស់ប្រែព្រះហឫទ័យអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ទេវទូត ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ូណា ជាជនជាតិយេប៊ូស។
17 កាលព្រះបាទដាវីឌឃើញទេវទូតប្រហារជីវិតប្រជាជនដូច្នេះ ស្ដេចទូលព្រះអម្ចាស់ថា៖ «ទូលបង្គំទេតើដែលបានប្រព្រឹត្តអំពើបាប! ទូលបង្គំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមព្រះអង្គដាក់ទោសទូលបង្គំ និងក្រុមគ្រួសារទូលបង្គំចុះ!»។
ស្តេចដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់
(១របាក្សត្រ ២១.១៨-២៦)
18 នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ូណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។ 19 ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។ 20 កាលលោកអរ៉ូណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្តេច ឱនមុខដល់ដី។ 21 លោកអរ៉ូណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ព្រះអង្គយាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។ 22 លោកអរ៉ូណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។ 23 បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា ឲ្យតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហឫទ័យទទួលតង្វាយនេះ!»។ 24 ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ូណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។ 25 ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។