ជំពូក ៨
ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(១របាក្សត្រ ១៨.១-១៣)
1 ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដកអំណាចពីពួកគេ លែងឲ្យត្រួតត្រាលើតំបន់នោះទៀតផង។ 2 ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្តេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ 3 ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដាដេស៊ែរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្តេចស្រុកសូបា ក្នុងពេលព្រះបាទហាដាដេស៊ែរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។ 4 ព្រះបាទដាវីឌចាប់បានទ័ពសេះរបស់ព្រះបាទហាដាដេស៊ែរចំនួនមួយពាន់ប្រាំពីររយនាក់ និងកងពលថ្មើរជើងចំនួនពីរម៉ឺននាក់។ ស្តេចបានយកសេះមួយរយក្បាលទុក ក្រៅពីនោះ ស្តេចកាត់សរសៃកែងជើងទាំងអស់។ 5 ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។ 6 ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។ 7 ព្រះបាទដាវីឌរឹបអូសខែលមាសពីពួកបរិវាររបស់ព្រះបាទហាដាដេស៊ែរ ហើយនាំយកមកក្រុងយេរូសាឡឹម។ 8 ព្រះបាទដាវីឌក៏រឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេតា និងក្រុងបេរ៉ូតៃ ដែលជាក្រុងរបស់ព្រះបាទហាដាដេស៊ែរ។
9 កាលព្រះបាទតូអ៊ី ជាស្តេចក្រុងហាម៉ាត់ ជ្រាបថាព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ែរ 10 ព្រះអង្គក៏ចាត់សម្តេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ និងអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដាដេស៊ែរ ព្រោះព្រះបាទតូអ៊ីធ្វើសឹកសង្គ្រាមជាមួយព្រះបាទហាដាដេស៊ែរដែរ។ សម្តេចយ៉ូរ៉ាមនាំយកវត្ថុធ្វើអំពីមាស ប្រាក់ និងលង្ហិនមកថ្វាយព្រះបាទដាវីឌ។ 11 ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចស្តេចថ្វាយមាស ប្រាក់ យកបានពីប្រជាជាតិទាំងប៉ុន្មានដែលស្តេចវាយឈ្នះដែរ 12 គឺជនជាតិស៊ីរី ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។ ព្រះបាទដាវីឌក៏យកជ័យភ័ណ្ឌដែលរឹបអូសបានពីព្រះបាទហាដាដេស៊ែរ ជាបុត្ររបស់ព្រះបាទរេហូប ស្តេចស្រុកសូបា ទៅថ្វាយព្រះអម្ចាស់ដែរ។ 13 ពេលព្រះបាទដាវីឌវិលមកពីច្បាំងឈ្នះជនជាតិស៊ីរីវិញ ព្រះអង្គប្រហារជនជាតិអេដុមអស់មួយម៉ឺនប្រាំបីពាន់នាក់ នៅជ្រលងភ្នំអំបិល ដែលធ្វើឲ្យកិត្តិនាមរបស់ស្តេចរឹតតែល្បីល្បាញថែមទៀត។
14 ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះនៅគ្រប់កន្លែងដែលស្តេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(១របាក្សត្រ ១៨.១៤-១៧)
15 ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ព្រះអង្គគ្រប់គ្រងលើប្រជារាស្ដ្រ ដោយសុចរិត និងយុត្តិធម៌។ 16 លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា មានមុខងារជាមេបញ្ជាការកងទ័ព។ លោកយ៉ូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ 17 លោកសាដុកជាកូនរបស់លោកអហ៊ីទូប និងលោកអហ៊ីមេឡេកជាកូនរបស់លោកអប៊ីយ៉ាថា មានមុខងារជាបូជាចារ្យ*។ 18 លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្តេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេទី និងក្រុមពេលេទី។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។