ជំពូក ១

រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ

លោក​ដាវីឌ​ទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះ‌បាទ​សាអ៊ូល

1 កាល​ព្រះ‌បាទ​សាអ៊ូល​សោយ​ទិវង្គតផុត​ទៅ លោក​ដាវីឌ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។ 2 នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សាអ៊ូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។ 3 លោក​ដាវីឌ​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។ 4 លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។ 5 លោក​ដាវីឌ​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​សុគត?»។ 6 យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​បាទ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីលបោ​ដែរ។ ខ្ញុំ​បាទ​បាន​ឃើញ​ព្រះ‌បាទ​សាអ៊ូល​ច្រត់​នៅ​លើ​លំពែង​របស់​ស្តេច ហើយ​មាន​រទេះ​ចម្បាំង និង​ទ័ព‌សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។ 7 ព្រះ‌រាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះ‌ករុណា​ថ្លៃ​វិសេស!”។ 8 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​បាទ​ទូល​ថា “ទូល‌បង្គំ​ជា​ជន​ជាតិ​អាម៉ា‌ឡេក”។ 9 ពេល​នោះ ព្រះ‌រាជា​បង្គាប់​មក​ខ្ញុំ​បាទ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្តី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។ 10 ខ្ញុំ​បាទ​ចូល​ទៅ​ជិត ហើយ​ធ្វើ​គុត​ព្រះ‌រាជា​ទៅ ដ្បិត​ខ្ញុំ​បាទ​ដឹង​ច្បាស់​ថា ដោយ​ស្តេច​បរា‌ជ័យ​ដូច្នេះ ព្រះ‌អង្គ​មិន​អាច​រស់​ត​ទៅ​ទៀត​ឡើយ។ ខ្ញុំ​បាទ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្តេច ដែល​ខ្ញុំ​បាទ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។

11 លោក​ដាវីឌ​ទាញ​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក៏​ធ្វើ​ដូច​លោក​ដែរ។ 12 ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សាអ៊ូល សម្តេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​កង‌ទ័ព​របស់​ព្រះ‌អម្ចាស់ និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។

13 បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន​ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។ 14 លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​ធ្វើ​គុត​ស្តេច ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក?»។ 15 លោក​ដាវីឌ​ហៅ​ក្មេង​បម្រើ​ម្នាក់​របស់​លោក​មក រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បម្រើ​នោះ​ក៏​សម្លាប់​ជន​ជាតិ​អាម៉ា‌ឡេក។ 16 លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់ ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សម្ដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក»។

ទំនួញ​របស់​លោក​ដាវីឌ

17 លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​ជា​បុត្រ។ 18 លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។

19 អ៊ីស្រា‌អែល​អើយ!

ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក

ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ?

ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច

ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?

20 មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ

ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ

នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស្កាឡូន​ដែរ

ក្រែង​លោ​កូន​ស្រី​របស់​ជន​ជាតិ​ភីលីស្ទីន

នាំ​គ្នា​អរ​សប្បាយ

ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ

នាំ​គ្នា​ត្រេក‌អរ។

21 ជួរ​ភ្នំ​គីលបោ​អើយ!

សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង

ធ្លាក់​មក​លើ​អ្នក​ឡើយ

ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្តល់

ភោគ‌ផល​ទៀត​ដែរ។

ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន

បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច

ហើយ​ខែល​របស់​ព្រះ‌បាទ​សាអ៊ូល

ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។

22 ធ្នូ​របស់​សម្តេច​យ៉ូណាថាន​ឥត​រេ​ថយ​ឡើយ

ហើយ​ដាវ​របស់​ព្រះ‌បាទ​សាអ៊ូល

ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ

ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់

ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។

23 ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន

ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់

និង​គោរព​រាប់​អាន

ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា

ហើយ​ពេល​សោយ​ទិវង្គត

ក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។

ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី

ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។

24 ឱ​កូន​ស្រី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ!

ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សាអ៊ូល​ទៅ

ព្រោះ​ព្រះ‌អង្គ​តែង​ប្រទាន​ឲ្យ​ពួក​នាង

មាន​សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​ត្រចះ‌ត្រចង់

ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។

25 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់

ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​សម្តេច​យ៉ូណាថាន

ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?។

26 បង​យ៉ូណាថាន​ជា​ទី​ស្រឡាញ់​បំផុត​អើយ

ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា

ដោយ‌សារ​បាត់​បង់​រូប​បង

សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុត

គឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់

របស់​ស្រីៗ​ទៅ​ទៀត។

27 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច

ត្រូវ​ស្លាប់​ដូច្នេះ?

ហេតុ​អ្វី​បាន​ជា​គ្រឿង​សាស្ត្រា‌វុធ

ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?