ពាក្យលំនាំ
កណ្ឌគម្ពីរពង្សាវតារក្សត្រទី ២ រៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានក្នុងរជ្ជកាលរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល បន្តពីកណ្ឌគម្ពីរពង្សាវតារក្សត្រទី ១។
ផ្នែកទីមួយ (ចំពូក ១‑១៧) មានបរិយាយអំពីអាណាចក្រអ៊ីស្រាអែល គ្រប់គ្រងដោយស្តេចនានា ដែលមានចិត្តមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ ជាហេតុបណ្តាលឲ្យកើតវឹកវរ រំជើបរំជួលក្នុងស្រុក រហូតដល់អ៊ីស្រាអែលត្រូវបែកស្រុក។ ពីជំនាន់មួយ ទៅជំនាន់មួយ ស្តេចរបស់អាណាចក្រអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះដទៃ និងនាំប្រជារាស្ដ្រឲ្យប្រព្រឹត្តអំពើបាបសព្វបែបយ៉ាង។ ទាំងស្តេច ទាំងប្រជារាស្ដ្រតាំងចិត្តរឹងរូស មិនព្រមវិលមករកព្រះជាម្ចាស់វិញទេ។ ហេតុនេះ ព្រះជាម្ចាស់អនុញ្ញាតឲ្យព្រះចៅសាលម៉ានេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរីវាយយកក្រុងសាម៉ារី រាជធានីរបស់អាណាចក្រអ៊ីស្រាអែល។ កងទ័ពអាស្ស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី នៅឆ្នាំ ៧២២ ឬ៧២១ មុនគ្រីស្តសករាជ ហើយកៀរប្រជាជនទៅជាឈ្លើយសឹក។ ក្នុងផ្នែកនេះក៏មានរៀបរាប់អំពីប្រវត្តិ និងកិច្ចការផ្សេងៗរបស់ព្យាការីអេលីសេ ដែលជាសាវ័ករបស់ព្យាការីអេលីដែរ (ចំពូក ២‑១៣)។
ផ្នែកទីពីរ (ចំពូក ១៨‑២៥) បរិយាយអំពីប្រវត្តិរបស់អាណាចក្រយូដា ដែលនៅស្ថិតស្ថេរប្រមាណ ១៣០ ឆ្នាំទៀត។ ក្រោយមក នៅឆ្នាំ ៥៨៧មុនគ្រីស្តសករាជ ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន វាយយកបានក្រុងយេរូសាឡឹម។ កងទ័ពបាប៊ីឡូនបានកម្ទេចព្រះវិហារ ហើយកៀរស្តេច ព្រមទាំងមេដឹកនាំ និងប្រជាជនមួយចំនួនយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន(ចំពូក ២៥)។