ជំពូក ២៤
1 ក្នុងរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះបាទយ៉ូយ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្តេចស្រុកបាប៊ីឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះបាទយ៉ូយ៉ាគីមក៏បះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។ 2 គ្រានោះ ព្រះអម្ចាស់ចាត់ពួកចោរព្រៃ ជាជនជាតិខាល់ដេ ជនជាតិស៊ីរី ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះបាទយ៉ូយ៉ាគីម។ ព្រះអង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ។ 3 ព្រះអម្ចាស់ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្តេញពួកគេចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្ត
4 ហើយស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
5 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូយ៉ាគីម និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 6 កាលព្រះបាទយ៉ូយ៉ាគីមសោយទិវង្គត ព្រះបាទយ៉ូយ៉ាគីន ជាបុត្រ បានឡើងស្នងរាជ្យ។ 7 ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្ដើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
ព្រះបាទយ៉ូយ៉ាគីនសោយរាជ្យលើស្រុកយូដា
(២របា.៣៦.៩-១០)
8 កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា នេហ៊ូសតា ជាកូនរបស់លោកអែលណាតាន អ្នកក្រុងយេរូសាឡឹម។ 9 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចបិតា ឥតចន្លោះត្រង់ណាឡើយ។
10 នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន ឡើងមកច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ 11 ក្នុងពេលដែលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូកានេសារ បានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។ 12 ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហាតលិក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំងនោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។ 13 ស្តេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ព្រះអង្គវាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។ 14 ព្រះចៅនេប៊ូកានេសារ កៀរអ្នកក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួនមួយម៉ឺននាក់ យកទៅជាឈ្លើយ គឺទុកឲ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។ 15 ព្រះចៅនេប៊ូកានេសារ ក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ព ពីក្រុងយេរូសាឡឹមទៅស្រុកបាប៊ីឡូន។ 16 ស្តេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ ជាមនុស្សពេញកម្លាំងដែលអាចច្បាំងបាន នាំទៅជាឈ្លើយ នៅស្រុកបាប៊ីឡូនផងដែរ។
17 ស្តេចស្រុកបាប៊ីឡូនតែងតាំងសម្តេចម៉ាតានីយ៉ា ជាព្រះបិតុលារបស់ព្រះបាទយ៉ូយ៉ាគីន ឲ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេខ្យាស។
ព្រះបាទសេដេខ្យាសសោយរាជ្យលើស្រុកយូដា
(យេរេមី ៥២.១-៣, ២របា.៣៦.១១-១២)
18 ពេលព្រះបាទសេដេខ្យាសឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃមួយព្រះវស្សា។ ស្តេចសោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម មាតារបស់ស្តេចមាននាមថាហាមូតាល់ ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។ 19 ព្រះបាទសេដេខ្យាសប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយ៉ូយ៉ាគីមដែរ។
20 ហេតុការណ៍ទាំងនេះកើតមាន មកពីព្រះអម្ចាស់ព្រះអង្គព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។