ជំពូក ១៦
ព្រះបាទអខាសសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៨.១-២៧)
1 នៅឆ្នាំទីដប់ប្រាំពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ា ស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអខាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 កាលព្រះបាទអខាសឡើងសោយរាជ្យ ព្រះអង្គមានព្រះជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូសាឡឹម។ ស្តេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេច ដូចព្រះបាទដាវីឌជាអយ្យកោឡើយ 3 ប៉ុន្តែ ស្តេចដើរតាមផ្លូវរបស់ស្តេចនានានៅស្រុកអ៊ីស្រាអែល គឺស្តេចហ៊ានរហូតដល់យកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រាអែល។ 4 ស្តេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
5 ពេលនោះ ព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី និងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ា ស្តេចស្រុកអ៊ីស្រាអែល នាំគ្នាឡើងមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធព្រះបាទអខាស តែមិនអាចយកជ័យជម្នះទេ។ 6 នៅគ្រាដដែលនោះ ព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី ដណ្ដើមយកក្រុងអេឡាតបានវិញ រួចបណ្តេញជនជាតិយូដាចេញពីក្រុងនោះ។ ជនជាតិអេដុមក៏វិលមកតាំងទីលំនៅក្នុងក្រុងអេឡាត រហូតដល់សព្វថ្ងៃ។ 7 ព្រះបាទអខាសចាត់អ្នកនាំសារឲ្យទៅទូលព្រះចៅទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរីថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនចៅរបស់ព្រះករុណា សូមព្រះករុណាយាងមករំដោះទូលបង្គំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចស្រុកស៊ីរី និងស្តេចស្រុកអ៊ីស្រាអែល ដែលលើកគ្នាមកវាយទូលបង្គំផង»។ 8 ព្រះបាទអខាសយកមាស ប្រាក់ដែលមានក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងនៅក្នុងឃ្លាំងរាជទ្រព្យ ផ្ញើទៅថ្វាយស្តេចស្រុកអាស្ស៊ីរី។ 9 ស្តេចស្រុកអាស្ស៊ីរីយល់ព្រមតាមសំណើរបស់ព្រះបាទអខាស។ ស្តេចយាងទៅវាយក្រុងដាម៉ាស ដណ្ដើមយកបានក្រុងនោះ រួចកៀរអ្នកក្រុងនោះទៅជាឈ្លើយនៅស្រុកគៀរ ព្រមទាំងធ្វើគុតព្រះបាទរេស៊ីនទៀតផង។
10 ព្រះបាទអខាសយាងទៅគាល់ព្រះចៅទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរី នៅក្រុងដាម៉ាស។ ស្តេចទតឃើញអាសនៈមួយដែលស្ថិតនៅក្រុងដាម៉ាស ស្តេចក៏ផ្ញើគំរូ និងគម្រោងសង់អាសនៈនោះ ជូនលោកបូជាចារ្យអ៊ូរី។ 11 លោកបូជាចារ្យអ៊ូរីសង់អាសនៈមួយ តាមគំរូ ដែលព្រះបាទអខាសផ្ញើពីក្រុងដាម៉ាស។ លោកបូជាចារ្យអ៊ូរីបានសង់អាសនៈនេះរួចជាស្រេច មុនពេលព្រះបាទអខាសយាងមកពីក្រុងដាម៉ាសវិញ។ 12 កាលស្តេចយាងត្រឡប់មកវិញ ទតឃើញអាសនៈនោះ ព្រះអង្គក៏យាងឡើងទៅអាសនៈ 13 រួចថ្វាយតង្វាយដុតទាំងមូល រួមជាមួយតង្វាយម្សៅ និងធ្វើពិធីច្រួចស្រា ព្រមទាំងប្រោះឈាមរបស់សត្វ ដែលស្តេចថ្វាយជាយញ្ញបូជាមេត្រីភាពផង។ 14 រីឯអាសនៈធ្វើពីលង្ហិន ដែលស្ថិតនៅខាងមុខទីសក្ការៈរបស់ព្រះអម្ចាស់ ស្តេចឲ្យគេលើកចេញពីកន្លែងដើម ដែលស្ថិតនៅចន្លោះអាសនៈថ្មី និងទីសក្ការៈរបស់ព្រះអម្ចាស់ យកទៅដាក់នៅខាងជើងអាសនៈថ្មីវិញ។ 15 ព្រះបាទអខាសចេញបញ្ជាដល់លោកបូជាចារ្យអ៊ូរីដូចតទៅ៖ «លោកត្រូវថ្វាយតង្វាយដុតទាំងមូលនៅពេលព្រឹក និងតង្វាយម្សៅនៅពេលល្ងាច លើអាសនៈធំនេះ គឺតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់ស្តេច ព្រមទាំងតង្វាយដុតទាំងមូលរបស់ប្រជារាស្ដ្រ រួមជាមួយតង្វាយម្សៅ និងពិធីច្រួចស្រា។ ត្រូវប្រោះឈាមទាំងអស់របស់សត្វ ដែលថ្វាយជាតង្វាយដុតទាំងមូល និងយញ្ញបូជានៅលើអាសនៈនេះដែរ។ រីឯអាសនៈពីលង្ហិនវិញ ទុកឲ្យយើងចាត់ចែងចុះ»។ 16 លោកបូជាចារ្យអ៊ូរីធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះបាទអខាស។
17 ព្រះបាទអខាសបានកម្ទេចបន្ទះលង្ហិនរបស់រទេះ និងយកអាងដែលនៅលើរទេះនោះចេញ ហើយលើកអាងធំដែលទ្រដោយរូបគោលង្ហិន ចុះមកដាក់លើឥដ្ឋវិញ។ 18 ព្រះបាទអខាសបានរើថែវសប្ប័ទ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ចេញ ដើម្បីផ្គាប់ព្រះហឫទ័យស្តេចស្រុកអាស្ស៊ីរី គឺថែវដែលគេសង់នៅខាងក្នុងព្រះដំណាក់ និងថែវច្រកចូលរបស់ស្តេចដែលនៅខាងក្រៅ។ 19 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអខាស និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 20 ព្រះបាទអខាសសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសេខ្យាស ជាបុត្រ ឡើងស្នងរាជ្យ។