ជំពូក ១៥
ព្រះបាទអសារីយ៉ាសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៦.៣-៤, ២១-២៣)
1 នៅឆ្នាំទីម្ភៃប្រាំពីរនៃរជ្ជកាលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទអសារីយ៉ា ជាបុត្ររបស់ព្រះបាទអម៉ាស៊ីយ៉ា បានឡើងសោយរាជ្យលើស្រុកយូដា 2 ក្នុងព្រះជន្មាយុដប់ប្រាំមួយវស្សា ស្ដេចសោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យេកូលីយ៉ា ជាអ្នកក្រុងយេរូសាឡឹម។ 3 ស្តេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។ 4 ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ 5 ព្រះអម្ចាស់បានធ្វើឲ្យព្រះបាទអសារីយ៉ាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្តេចអស់ព្រះជន្ម។ ស្តេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្តេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។
6 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអសារីយ៉ា និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 7 ព្រះបាទអសារីយ៉ាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទយ៉ូថាម ជាបុត្រ ឡើងស្នងរាជ្យ។
ព្រះបាទសាការីសោយរាជ្យលើស្រុកអ៊ីស្រាអែល
8 នៅឆ្នាំទីសាមសិបប្រាំបីនៃរជ្ជកាលព្រះបាទអសារីយ៉ា ជាស្តេចស្រុកយូដា ព្រះបាទសាការី ជាបុត្ររបស់ព្រះបាទយេរ៉ូបោម ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ស្ដេចសោយរាជ្យបានប្រាំមួយខែនៅក្រុងសាម៉ារី។ 9 ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោដែរ គឺស្តេចពុំបានងាកចេញពីអំពើបាបដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 10 គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្តេច ហើយធ្វើគុតស្តេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
11 រាជកិច្ចផ្សេងៗរបស់ព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 12 ហេតុការណ៍នេះកើតមាន ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទយេហ៊ូថា៖ «កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលបានបួនតំណ»។
ព្រះបាទសាលូមសោយរាជ្យលើស្រុកអ៊ីស្រាអែល
13 ព្រះបាទសាលូម ជាកូនរបស់លោកយ៉ាបេស ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅឆ្នាំទីសាមសិបប្រាំបួន នៃរជ្ជកាលព្រះបាទអសារីយ៉ា ជាស្តេចស្រុកយូដា ព្រះអង្គសោយរាជ្យបានមួយខែ នៅក្រុងសាម៉ារី។ 14 លោកមេណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងទៀរសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។ 15 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទសាលូម និងគម្រោងការក្បត់ ដែលស្តេចរៀបចំប្រឆាំងនឹងព្រះបាទសាការី សុទ្ធតែមានកត់ត្រាទុក ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
16 គ្រានោះ ព្រះបាទមេណាហិមបានវាយយកក្រុងធីបសា និងសម្លាប់រង្គាលអ្នកក្រុងនោះ ព្រមទាំងអ្នកស្រុកដែលរស់នៅតំបន់ជុំវិញ ចាប់តាំងពីក្រុងទៀរសារហូតមក។ ស្តេចវាយប្រហារក្រុងនេះ ព្រោះគេមិនបើកទ្វារក្រុងទទួលស្តេច។ ស្តេចបានវះពោះស្ត្រីទាំងអស់ដែលមានគភ៌ នៅក្នុងក្រុងនោះចោលផង។
ព្រះបាទមេណាហិមសោយរាជ្យលើស្រុកអ៊ីស្រាអែល
17 នៅអំឡុងឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលព្រះបាទអសារីយ៉ា ជាស្តេចស្រុកយូដា ព្រះបាទមេណាហិម ជាកូនរបស់លោកកាឌី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ព្រះអង្គសោយរាជ្យបានដប់ឆ្នាំ នៅក្រុងសាម៉ារី។ 18 ស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ ក្នុងអំឡុងពេលសោយរាជ្យនោះ ស្តេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 19 គ្រានោះ ព្រះចៅពូល ជាស្តេចស្រុកអាស្ស៊ីរី បានវាយលុកចូលស្រុកអ៊ីស្រាអែល តែព្រះបាទមេណាហិម យកប្រាក់មួយពាន់ហាបថ្វាយព្រះចៅពូល សូមឲ្យស្តេចនោះជួយពង្រឹងអំណាចរបស់ខ្លួន។ 20 ព្រះបាទមេណាហិមទារពន្ធពីប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅថ្វាយស្តេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្តេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រាអែល វិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
21 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទមេណាហិម និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ 22 កាលព្រះបាទមេណាហិមសោយទិវង្គត ព្រះបាទពេកាយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទពេកាយ៉ាសោយរាជ្យលើស្រុកអ៊ីស្រាអែល
23 នៅឆ្នាំទីហាសិបនៃរជ្ជកាលព្រះបាទអសារីយ៉ា ស្តេចស្រុកយូដា ព្រះបាទពេកាយ៉ា ជាបុត្ររបស់ព្រះបាទមេណាហិម បានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល។ ស្តេចសោយរាជ្យបានពីរឆ្នាំ នៅក្រុងសាម៉ារី។ 24 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 25 លោកពេកាជាកូនរបស់លោករេម៉ាលីយ៉ា ហើយជាអង្គរក្សរបស់ស្តេច បានឃុបឃិតជាមួយលោកអេកុប និងលោកអើរីយេធ្វើគុតស្តេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាយ៉ា ហើយឡើងសោយរាជ្យជំនួស។
26 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកាយ៉ា និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
ព្រះបាទពេកាសោយរាជ្យលើស្រុកអ៊ីស្រាអែល
27 នៅឆ្នាំទីហាសិបពីរនៃរជ្ជកាលព្រះបាទអសារីយ៉ា ជាស្តេចយូដា ព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ាបានឡើងសោយរាជ្យ នៅស្រុកអ៊ីស្រាអែល ព្រះអង្គសោយរាជ្យបានម្ភៃឆ្នាំ នៅក្រុងសាម៉ារី។ 28 ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺស្ដេចពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត នាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តនោះឡើយ។ 29 ក្នុងរជ្ជកាលព្រះបាទពេកា ជាស្តេចស្រុកអ៊ីស្រាអែល ព្រះចៅទីកឡាត-ពីលេស៊ែរ ជាស្តេចស្រុកអាស្ស៊ីរី បានវាយដណ្ដើមយកទីក្រុងអ៊ីយ៉ូន ក្រុងអបិល-បេត-ម៉ាកា ក្រុងយ៉ាណូអា ក្រុងកាដេស ក្រុងហាស៊រ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។ 30 លោកហូសេ ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ា លោកធ្វើគុតស្តេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារីយ៉ា ស្តេចស្រុកយូដា។ 31 រីឯរាជកិច្ចផ្សេងៗរបស់ព្រះបាទពេកា និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។
ព្រះបាទយ៉ូថាមសោយរាជ្យលើស្រុកយូដា
(២របាក្សត្រ ២៧.១-៣, ៧-៩)
32 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទពេកា ជាកូនរបស់លោករេម៉ាលីយ៉ា ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារីយ៉ា ឡើងសោយរាជ្យលើស្រុកយូដា។ 33 កាលព្រះបាទយ៉ូថាមឡើងសោយរាជ្យ ព្រះអង្គមានព្រះជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ 34 ស្តេចប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអូស្យ៉ាសជាបិតាដែរ។ 35 ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះបាទយ៉ូថាមបានសង់ទ្វារខាងលើព្រះដំណាក់របស់ព្រះអម្ចាស់។ 36 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។
37 នៅគ្រានោះ ព្រះអម្ចាស់បានចាប់ផ្តើមចាត់ព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី និងព្រះបាទពេកាជាកូនរបស់លោករេម៉ាលីយ៉ា ឲ្យមកលុកលុយស្រុកយូដា។ 38 ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអខាស ជាបុត្រ ឡើងស្នងរាជ្យ។