ជំពូក ១

ព្រះ‌ជាម្ចាស់​ដាក់​ទោស​ព្រះ‌បាទ​អហា‌ស៊ីយ៉ា

1 ក្រោយ​ពី​ព្រះ‌បាទ​អខាប់​សោយ​ទិវង្គត ជន​ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ 2 ថ្ងៃ​មួយ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ព្រះ‌ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្តេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​ស្ដេច​អាច​ជា​សះ‌ស្បើយ​ពី​របួស​នេះ​ឬ​ទេ?។ 3 ពេល​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់ ថ្លែង​ទៅ​កាន់​លោក​អេលី ជា​អ្នក​ស្រុក​ទីសបេ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សាម៉ារី ហើយ​សួរ​ថា “តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?”។ 4 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ លោក​អេលី​ក៏​ចាក‌ចេញ​ទៅ។ 5 ពួក​អ្នក​នាំ​សារ​វិល​មក​គាល់​ស្តេច​វិញ ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។ 6 ពួក​គេ​ទូល​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ទូល​ស្តេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​នៅ​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ 7 ស្តេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប‌រាង​ដូច​ម្ដេច?»។ 8 ពួក​គេ​ទូល​ស្តេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​ពិត​ជា​អេលី អ្នក​ស្រុក​ទីសបេ!»។

ព្រះ‌បាទ​អហា‌ស៊ីយ៉ា​រក​ចាប់​ព្យាការី​អេលី

9 ស្តេច​ក៏​ចាត់​មេ‌កង​ម្នាក់​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​លោក​អេលី។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​លោក​អេលី ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ‌កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា»។ 10 លោក​អេលី​មាន​ប្រសាសន៍​ទៅ​កាន់​មេ‌កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​លោក និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ‌កង និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ 11 ស្តេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​លោក​អេលី។ មេ‌កង​នោះ​និយាយ​ទៅ​កាន់​លោក​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ព្រះ‌រាជា!»។ 12 លោក​អេលី​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​លោក និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​របស់​លោក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ មក​ឆេះ​មេ‌កង និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។ 13 ស្តេច​ចាត់​មេ‌កង​ទី​បី​ឲ្យ​នាំ​ពល‌ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ‌កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​នៅ​មុខ​លោក​អេលី រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​អើយ! សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ និង​ពល‌ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។ 14 មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ‌កង​ទាំង​ពីរ និង​ពល‌ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ប្របាទ​ផង!»។ 15 ទេវទូត*​របស់​ព្រះ‌អម្ចាស់​ប្រាប់​លោក​អេលី​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ‌ខ្លាច​ឡើយ!»។ លោក​អេលី​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​គាល់​ស្តេច 16 ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ដែល​គេ​អាច​សួរ​បាន។ ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។

17 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​ទិវង្គត​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​អេលី​បាន​ថ្លែង។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ ដូច្នេះ ព្រះ‌បាទ​យ៉ូរ៉ាម ជា​អនុជ ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។ 18 រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា និង​អ្វីៗ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រា‌អែល។