ជំពូក ២០
ព្រះបាទអេសេខ្យាសប្រឈួន ហើយព្រះជាម្ចាស់ប្រោសស្តេចឲ្យជា
(អេសាយ ៣៨.១-៨, ២របា.៣២.២៤)
1 នៅគ្រានោះ ព្រះបាទអេសេខ្យាសប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស មកគាល់ស្តេច ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្តែផ្តាំរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនរស់រានតទៅទៀតទេ ព្រះករុណាជិតសោយទិវង្គតហើយ»។ 2 ព្រះបាទអេសេខ្យាសបែរព្រះភ័ក្ត្រទៅរកជញ្ជាំង ទូលអង្វរព្រះអម្ចាស់ដូចតទៅ៖ 3 «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះអង្គគាប់ព្រះហឫទ័យប៉ុណ្ណោះ!»។ ព្រះបាទអេសេខ្យាសបង្ហូរជលនេត្រយ៉ាងខ្លាំង។
4 ពេលនោះ ព្យាការីអេសាយមិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដូចតទៅ៖ 5 «ចូរវិលទៅប្រាប់ស្តេចអេសេខ្យាស ជាអ្នកដឹកនាំប្រជារាស្ដ្ររបស់យើងថា: ព្រះអម្ចាស់ ជាព្រះរបស់ស្តេចដាវីឌ ដែលជាអយ្យកោរបស់ព្រះករុណា ព្រះអង្គមានព្រះបន្ទូលដូចតទៅ: “យើងឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងប្រោសអ្នកឲ្យបានជា ហើយនៅថ្ងៃទីបី អ្នកនឹងឡើងទៅកាន់ដំណាក់ព្រះអម្ចាស់។ 6 យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី។ យើងក៏នឹងការពារក្រុងនេះដោយយល់ដល់នាមរបស់យើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើយើង”»។
7 ព្យាការីអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមួយកញ្ចប់លាបលើដំបៅ នោះព្រះបាទអេសេខ្យាសនឹងបានរស់រានមិនខាន»។
8 ពេលនោះ ព្រះបាទអេសេខ្យាសមានរាជឱង្ការទៅកាន់លោកអេសាយថា៖ «តើមានទីសម្គាល់អ្វី ដែលនាំឲ្យយើងដឹងថា យើងនឹងបានជាសះស្បើយ ហើយឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅថ្ងៃទីបី?»។ 9 ព្យាការីអេសាយទូលស្តេចថា៖ «នេះជាទីសម្គាល់ដែលព្រះអម្ចាស់ប្រទានមកព្រះករុណា ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់នឹងសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។ 10 ព្រះបាទអេសេខ្យាសមានរាជឱង្ការថា៖ «ស្រមោលដើរទៅមុខដប់កាំ ជាការងាយស្រួលទេ។ ដូច្នេះ សូមឲ្យស្រមោលដើរថយក្រោយដប់កាំវិញ»។ 11 ពេលនោះ ព្យាការីអេសាយទូលអង្វរព្រះអម្ចាស់ ព្រះអង្គក៏ធ្វើឲ្យស្រមោលដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអខាស ដើរថយក្រោយដប់កាំ។
ព្រះបាទអេសេខ្យាសទទួលទូតរបស់ស្រុកបាប៊ីឡូន
(អេសាយ ៣៩)
12 នៅគ្រាដដែលនោះ ស្តេចស្រុកបាប៊ីឡូន គឺព្រះចៅបេរ៉ូដាក-បាឡាដន ជាបុត្ររបស់ព្រះចៅបាឡាដន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទអេសេខ្យាស ដ្បិតស្តេចជ្រាបដំណឹងថា ព្រះបាទអេសេខ្យាសព្រះអង្គប្រឈួន។ 13 ព្រះបាទអេសេខ្យាសទទួលរាជទូតស្រុកបាប៊ីឡូនឲ្យចូលសវនាការ ហើយនាំពួកគេទៅទស្សនាកន្លែងដែលស្តេចតម្កល់វត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជទ្រព្យ។ ព្រះបាទអេសេខ្យាសបង្ហាញអ្វីៗទាំងអស់ ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្តេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីសោះឡើយ។
14 បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទអេសេខ្យាស ទូលសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទអេសេខ្យាសមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។ 15 លោកអេសាយសួរព្រះបាទអេសេខ្យាសទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទអេសេខ្យាសតបវិញថា៖ «ពួកគេបានឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបានបង្ហាញភោគទ្រព្យទាំងអស់ ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
16 ពេលនោះ លោកអេសាយទូលព្រះបាទអេសេខ្យាសថា៖ «សូមព្រះករុណាព្រះអង្គព្រះសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចតទៅ: 17 ព្រះអម្ចាស់មានព្រះបន្ទូលថា នៅគ្រាខាងមុខ រាជទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងវាំងរបស់ព្រះករុណា និងភោគសម្បត្តិដែលព្រះអយ្យកោរបស់ព្រះករុណាបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ 18 គេក៏នាំរាជវង្សានុវង្សរបស់ព្រះករុណាយកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្តេចស្រុកបាប៊ីឡូនដែរ»។ 19 ព្រះបាទអេសេខ្យាសមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះ ល្អហើយ»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ក្នុងពេលយើងនៅមានជីវិត នោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។
20 រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអេសេខ្យាស និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ 21 កាលព្រះបាទអេសេខ្យាសសោយទិវង្គត ព្រះបាទម៉ាណាសេ ជាបុត្រ បានឡើងស្នងរាជ្យ។