ជំពូក ៤
ព្យាការីអេលីសេជួយស្ត្រីមេម៉ាយម្នាក់
1 មានស្ត្រីមេម៉ាយម្នាក់ជាភរិយារបស់បុរសមួយរូប ដែលជាសមាជិករបស់ក្រុមព្យាការី បានមកជួបលោកអេលីសេ ហើយអង្វរលោកថា៖ «ប្ដីរបស់នាងខ្ញុំ ជាអ្នកបម្រើរបស់លោកស្លាប់ផុតហើយ។ លោកក៏ជ្រាបដែរថា អ្នកបម្រើរបស់លោក គោរពកោតខ្លាចព្រះអម្ចាស់ណាស់។ ឥឡូវនេះ ម្ចាស់បំណុលបានមកទាមទារយកកូនប្រុសទាំងពីរនាក់របស់នាងខ្ញុំ ទៅធ្វើជាបាវបម្រើរបស់គេ»។ 2 លោកអេលីសេមានប្រសាសន៍ថា៖ «តើនាងចង់ឲ្យខ្ញុំធ្វើដូចម្ដេចចំពោះនាង? ចូរប្រាប់ខ្ញុំមកមើល នៅក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងឆ្លើយតបថា៖ «នៅក្នុងផ្ទះនាងខ្ញុំ គ្មានអ្វីក្រៅពីប្រេងមួយកូនដបប៉ុណ្ណោះ»។ 3 លោកអេលីសេមានប្រសាសន៍ថា៖ «ចូរទៅខ្ចីដបទំនេរ ពីអ្នកជិតខាងឲ្យបានច្រើន គឺកុំខ្ចីតិចពេក។ 4 ពេលមកដល់វិញ ត្រូវនាំគ្នាទាំងម្ដាយ ទាំងកូន ចូលទៅក្នុងផ្ទះ បិទទ្វារឲ្យជិត ហើយយកប្រេងចាក់ក្នុងដបទាំងនោះ។ ដបណាពេញត្រូវទុកដោយឡែក»។ 5 នាងក៏ចាកចេញពីលោកទៅ ហើយនាំកូនចូលក្នុងផ្ទះបិទទ្វារជិត។ កូនទាំងពីរហុចដបមកឲ្យម្ដាយ រួចម្ដាយយកប្រេងមកចាក់ក្នុងដប។ 6 លុះដបទាំងអស់ពេញហើយ នាងប្រាប់កូនថា៖ «ហុចដបមួយទៀតមក!»។ កូនឆ្លើយថា៖ «អស់ដបហើយម៉ែ!»។ ពេលនោះ ប្រេងក៏ឈប់ហូរ។ 7 នាងនាំដំណឹងនេះទៅជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ លោកមានប្រសាសន៍មកកាន់នាងថា៖ «ចូរយកប្រេងនេះទៅលក់សងបំណុលគេ រីឯប្រាក់ដែលនៅសល់ ចូរទុកចិញ្ចឹមជីវិតម្ដាយ និងកូនចុះ»។
ព្យាការីអេលីសេនៅភូមិស៊ូណែម
8 ថ្ងៃមួយ លោកអេលីសេដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ជាអភិជន បានឃាត់លោក ឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។ 9 នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងច្បាស់ថាបុរសដែលតែងតែអញ្ជើញមកផ្ទះយើងជារឿយៗនោះ ពិតជាអ្នកជំនិតដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។ 10 ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែ តុ កៅអី និងចង្កៀង ទុកជូនលោកផង។ កាលណាលោកអញ្ជើញមកផ្ទះយើង លោកអាចសម្រាកក្នុងបន្ទប់នោះ»។
11 ថ្ងៃមួយ លោកអេលីសេបានអញ្ជើញមកផ្ទះនោះ លោកឡើងទៅសម្រាន្ដនៅបន្ទប់ខាងលើ។ 12 លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «ចូរទៅហៅស្ត្រីភូមិស៊ូណែមមក!»។ កេហាស៊ីចេញទៅហៅនាង ហើយនាងក៏មកឈរនៅមុខលោក។ 13 លោកអេលីសេមានប្រសាសន៍ទៅអ្នកបម្រើថា៖ «ចូរប្រាប់នាងថា បានទទួលយើងយ៉ាងរាក់ទាក់បំផុត តើយើងអាចតបស្នងអ្វីដល់នាងវិញ? តើចង់ឲ្យយើងទៅទូលព្រះរាជា ឬនិយាយជាមួយមេទ័ពជំនួសនាង?»។ នាងឆ្លើយថា៖ «នាងខ្ញុំមិនត្រូវការអ្វីទេ នាងខ្ញុំរស់នៅដោយសុខសាន្ត ក្នុងចំណោមញាតិមិត្តរបស់នាងខ្ញុំហើយ»។ 14 លោកមានប្រសាសន៍ថា៖ «បើដូច្នេះ តើត្រូវតបស្នងអ្វីដល់នាង?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ ហើយប្ដីនាងក៏ចាស់ដែរ»។ 15 លោកមានប្រសាសន៍ថា៖ «ចូរហៅនាងមក»។ កេហាស៊ីក៏ហៅនាង ហើយនាងមកឈរនៅមាត់ទ្វារបន្ទប់។ 16 លោកអេលីសេមានប្រសាសន៍ថា៖ «ឆ្នាំក្រោយក្នុងខែនេះ នាងនឹងមានកូនប្រុសពនៅក្នុងដៃ»។ នាងឆ្លើយថា៖ «ទេ លោកម្ចាស់ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
17 ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ ក្នុងខែដដែលនោះ ដូចលោកអេលីសេប្រាប់នាង។ 18 កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។ 19 ស្រាប់តែក្មេងនោះប្រាប់ឪពុកថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ ឪពុកស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្ដាយវាឆាប់ឡើង!»។ 20 អ្នកបម្រើបីក្មេងនោះយកទៅប្រគល់ឲ្យម្ដាយ។ កូននោះដេកលើភ្លៅម្ដាយរហូតដល់ថ្ងៃត្រង់ រួចក៏ស្លាប់ទៅ។ 21 នាងបីកូនឡើងទៅក្នុងបន្ទប់លោកអេលីសេ នាងផ្តេកកូននៅលើគ្រែរបស់លោក រួចបិទទ្វារបន្ទប់។ នាងរត់ទៅតាមប្ដីនៅឯស្រែ 22 ស្រែកប្រាប់ថា៖ «សូមបងចាត់ក្មេងបម្រើម្នាក់ ព្រមទាំងលាមួយឲ្យមកខ្ញុំ! ខ្ញុំប្រញាប់ទៅផ្ទះអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចខ្ញុំវិលមកវិញ»។ 23 ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះលោកនៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃសប្ប័ទ*ទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។ 24 នាងឲ្យគេចងកែបលា ហើយបញ្ជាទៅក្មេងបម្រើថា៖ «ចូរដឹកលាទៅ បើខ្ញុំមិនប្រាប់ឲ្យឈប់ទេ កុំឈប់តាមផ្លូវឲ្យសោះ!»។ 25 នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំការម៉ែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ! 26 ចូររត់ទៅទទួលនាង ហើយសួរថា “នាងសុខសប្បាយឬទេ? ប្ដីរបស់នាងសុខសប្បាយឬទេ? កូនរបស់នាងសុខសប្បាយឬទេ?”»។ នាងឆ្លើយថា៖ «សុខសប្បាយជាទេ!»។ 27 កាលនាងទៅដល់ភ្នំការម៉ែល ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ នាងក្រាបសំពះឱបជើងលោក។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ ព្រះអម្ចាស់បានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។ 28 នាងពោលឡើងថា៖ «លោកម្ចាស់! នាងខ្ញុំពុំបានសុំកូនពីលោកទេ នាងខ្ញុំជម្រាបលោកម្ចាស់ហើយថា សូមកុំធ្វើឲ្យនាងខ្ញុំខកចិត្តឡើយ»។
29 លោកអេលីសេមានប្រសាសន៍ទៅកាន់កេហាស៊ីថា៖ «ចូររៀបចំខ្លួន ហើយយកដំបងរបស់ខ្ញុំចេញដំណើរទៅចុះ!។ ប្រសិនបើជួបអ្នកណាម្នាក់តាមផ្លូវ ចូរកុំជម្រាបសួរគេ ហើយបើនរណាជម្រាបសួរអ្នក កុំតបវិញឡើយ។ ត្រូវយកដំបងរបស់ខ្ញុំដាក់លើមុខកូនក្មេងនោះ»។ 30 ប៉ុន្តែ ម្ដាយរបស់ក្មេងនោះពោលថា៖ «នាងខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា នាងខ្ញុំមិនចាកចេញពីលោកទេ!»។ លោកអេលីសេក្រោកឡើង ដើរតាមនាងទៅ។ 31 កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបលោកអេលីសេជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។
32 កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។ 33 លោកអេលីសេចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ លោកនៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូលអង្វរព្រះអម្ចាស់។ 34 បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។ 35 លោកអេលីសេចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្តាស់ប្រាំពីរដង រួចបើកភ្នែក។ 36 លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតលោកអេលីសេ លោកប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។ 37 នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។
បបរមានជាតិពុល
38 លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។ 39 មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាង ក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។ 40 បន្ទាប់មក គេដួសបបរជូនក្រុមព្យាការីគ្រប់គ្នាៗ។ ពេលក្រុមព្យាការីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគទេ។ 41 លោកអេលីសេប្រាប់គេឲ្យយកម្សៅមកជូនលោក លោកបង់ម្សៅនោះទៅក្នុងថ្លាង ហើយមានប្រសាសន៍ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
ព្យាការីអេលីសេចែកអាហារដល់មនុស្សមួយរយនាក់
42 មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកមានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។ 43 ប៉ុន្តែ អ្នកបម្រើរបស់លោកឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ លោកមានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។ 44 អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។