ជំពូក ៨

ស្តេច​អ៊ីស្រា‌អែល​រក​យុត្តិ‌ធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម

1 ថ្ងៃ​មួយ លោក​អេលីសេ​មាន​ប្រសាសន៍​ប្រាប់​ស្ត្រី ដែល​លោក​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​រស់​ឡើង​វិញ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ចាក‌ចេញ​ពី​ទី​នេះ​ជា​មួយ​គ្រួសារ​របស់​នាង ហើយ​ទៅ​ស្នាក់​នៅ​ស្រុក​ណា ដែល​នាង​អាច​នៅ​បាន ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ស្រុក​នេះ​កើត​ទុរ្ភិក្ស ក្នុង‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ»។ 2 ស្ត្រី​នោះ​ក្រោក​ឡើង ធ្វើ​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់។ នាង​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​ភីលី‌ស្ទីន​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។ 3 លុះ​គ្រប់​ប្រាំ​ពីរ​ឆ្នាំ នាង​ក៏​ត្រឡប់​មក​ពី​ស្រុក​ភីលី‌ស្ទីន ហើយ​ចូល​ទៅ​គាល់​ស្តេច ដើម្បី​ទាម‌ទារ​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង​វិញ។ 4 ពេល​នោះ ស្តេច​កំពុង​សំណេះ‌សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អ្នក​ជំនិត​ព្រះ‌ជាម្ចាស់ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​រៀប‌រាប់​ប្រាប់​យើង​ពី​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​លោក​អេលីសេ​បាន​ធ្វើ!»។ 5 នៅ​ពេល​កេហា‌ស៊ី​រៀប‌រាប់​ថ្វាយ​ស្តេច អំពី​លោក​អេលីសេ​ធ្វើ​ឲ្យ​ក្មេង​ម្នាក់​រស់​ឡើង​វិញ ស្ត្រី​ជា​ម្ដាយ​ក៏​ចូល​មក​គាល់​ស្តេច ដើម្បី​ទាម‌ទារ​ទូល​សូម​ផ្ទះ​សំបែង និង​ដី‌ធ្លី​របស់​នាង។ កេហា‌ស៊ី​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ នេះ​ហើយ​ស្ត្រី​ដែល​ជា​ម្ដាយ ព្រម​ទាំង​កូន​របស់​នាង ដែល​លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ!»។ 6 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​នាង ហើយ​នាង​ក៏​រៀប‌រាប់​ទូល​ស្តេច​តាម​ដំណើរ​រឿង។ ពេល​នោះ ស្តេច​បញ្ជា​ទៅ​មន្ត្រី​ម្នាក់​ថា៖ «ចូរ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​នាង​ឲ្យ​នាង​វិញ ព្រម​ទាំង​ប្រគល់​ភោគ‌ផល​ពី​ស្រែ​ចម្ការ​របស់​នាង តាំង​ពី​ពេល​ដែល​នាង​ចាក‌ចេញ​ពី​ស្រុក រហូត​មក​ដល់​ពេល​នេះ​ផង»។

ព្យាការី​អេលីសេ និង​លោក​ហាសា‌អែល

7 លោក​អេលីសេ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ ព្រះ‌បាទ​បេន‌ហា‌ដាដ ជា​ស្តេច​ស្រុក​ស៊ីរី កំពុង​តែ​ប្រឈួន។ គេ​ទូល​ស្តេច​ថា៖ «អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ អញ្ជើញ​មក​ដល់​ហើយ»។ 8 ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាសា‌អែល​ថា៖ «ចូរ​នាំ​យក​ជំនូន​ទៅ​ជូន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ទូល​សួរ​ព្រះ‌អម្ចាស់​តាម‌រយៈ​លោក​ថា តើ​យើង​នឹង​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​នេះ​ឬ​ទេ?»។

9 លោក​ហាសា‌អែល​ក៏​ទៅ​ជួប​លោក​អេលីសេ ដោយ​នាំ​យក​ជំនូន​ដ៏​ល្អៗ​បំផុត ដែល​មាន​នៅ​ក្រុង​ដាម៉ាស ផ្ទុក​លើ​អូដ្ឋ​សែ‌សិប​ក្បាល ដឹក​ទៅ​ជូន។ ពេល​ទៅ​ដល់ លោក​ហាសា‌អែល​ចូល​ជួប​លោក​អេលីសេ ជម្រាប​ថា៖ «ព្រះ‌បាទ​បេន‌ហា‌ដាដ​ជា​ស្តេច​ស្រុក​ស៊ីរី ជា​កូន​របស់​លោក ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​សួរ​លោក​ថា តើ​ស្តេច​នឹង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ឬ​ទេ?»។ 10 លោក​អេលីសេ​ឆ្លើយ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​វិញ​ថា ស្តេច​នឹង​បាន​ជា​សះ‌ស្បើយ​ពិត​មែន! ប៉ុន្តែ ព្រះ‌អម្ចាស់​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌ករុណា​មុខ​ជា​សោយ​ទិវង្គត​ជាក់​ជា​មិន​ខាន»។ 11 អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ សម្លឹង​មុខ​លោក​ហាសា‌អែល​មិន​ដាក់​ភ្នែក រួច​លោក​យំ។ 12 លោក​ហាសា‌អែល​សួរ​ព្យាការី​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​យំ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ខ្ញុំ​យំ ព្រោះ​ខ្ញុំ​ដឹង​ពី​អំពើ​អាក្រក់ ដែល​លោក​នឹង​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​លោក​នឹង​ដុត​បំផ្លាញ​ទី‌ក្រុង​របស់​គេ លោក​នឹង​សម្លាប់​ពួក​យុវ‌ជន​ដោយ​មុខ​ដាវ លោក​នឹង​បោក​សម្លាប់​កូន​ក្មេង ព្រម​ទាំង​វះ​ពោះ​ស្ត្រី​មាន​គភ៌​ផង»។ 13 លោក​ហាសា‌អែល​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ប្រៀប​ដូច​ជា​ឆ្កែ តើ​ខ្ញុំ​ប្របាទ​អាច​ធ្វើ​កិច្ច‌ការ​ដ៏​សម្បើម​បែប​នេះ​កើត​ឬ?»។ លោក​អេលីសេ​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា លោក​នឹង​ឡើង​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។

14 លោក​ហាសា‌អែល​ចាក‌ចេញ​ពី​លោក​អេលីសេ វិល​ត្រឡប់​ទៅ​រក​ម្ចាស់​របស់​ខ្លួន​វិញ។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​អេលីសេ​មាន​ប្រសាសន៍​ដូច​ម្ដេច»។ លោក​ហាសា‌អែល​ឆ្លើយ​ថា៖ «លោក​ប្រាប់​ទូល‌បង្គំ​ថា ព្រះ‌ករុណា​នឹង​ជា​សះ‌ស្បើយ​ពិត​មែន»។ 15 ស្អែក​ឡើង លោក​ហាសា‌អែល​យក​ភួយ​ជ្រលក់​ទឹក រួច​យក​ទៅ​ខ្ទប់​ព្រះ‌ភ័ក្ត្រ​ស្តេច។ ស្តេច​សោយ​ទិវង្គត ហើយ​លោក​ហាសា‌អែល​ក៏​ឡើង​សោយ​រាជ្យ​ជំនួស​វិញ។

ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២​របា‌ក្សត្រ ២១.២-២០)

16 នៅ​ឆ្នាំ​ទី​ប្រាំ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​យ៉ូសា‌ផាត បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា 17 ក្នុង​ព្រះ‌ជន្មាយុ​សាម‌សិប​ពីរ​វស្សា ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ 18 ព្រះ‌បាទ​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ព្រះ‌បាទ​អខាប់​ដែរ ព្រោះ​ព្រះ‌អង្គ​បាន​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ‌បាទ​អខាប់ ហើយ​ព្រះ‌អង្គ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់។ 19 ប៉ុន្តែ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​លុប​បំបាត់​រាជា‌ណា‌ចក្រ​យូដា​ទេ ព្រោះ​ព្រះ‌អង្គ​បាន​សន្យា​នឹង​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឡើង​សោយ​រាជ្យ​រហូត​ត​ទៅ។

20 ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន​ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្តេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។ 21 ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអៀរ ដោយ​នាំ​រទេះ​ចម្បាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្តេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចម្បាំង។ ស្តេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល‌ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។ 22 តាំង​ពី​ពេល​នោះ​មក ជន​ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន​ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីបណា​ក៏​បះ‌បោរ​ដែរ។

23 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ 24 លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

ព្រះ‌បាទ​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

(២​របា‌ក្សត្រ ២២.១-៦)

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អខាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា 26 ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ព្រះ‌អង្គ​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្តេច​មាន​នាម​ថា អថាលី ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី ស្តេច​ស្រុក​អ៊ីស្រា‌អែល។ 27 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ដើរ​តាម​មាគ៌ា​របស់​រាជ‌វង្ស​ព្រះ‌បាទ​អខាប់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ ដូច​រាជ‌វង្ស​ព្រះ‌បាទ​អខាប់​ដែរ ព្រោះ​ព្រះ‌អង្គ​បាន​រៀប​អភិ‌សេក​ជា​មួយ​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អខាប់។ 28 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដោយ​មាន​ព្រះ‌បាទ​យ៉ូរ៉ាម ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល​យាង​ទៅ​ជា​មួយ​ផង។ នៅ​ពេល​ប្រយុទ្ធ កង‌ទ័ព​ស៊ីរី​វាយ​ព្រះ‌បាទ​យ៉ូរ៉ាម​ឲ្យ​របួស។ 29 ព្រះ‌បាទ​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យីស‌រេ‌អែល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ភូមិ​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​ព្រះ‌បាទ​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា យាង​ចុះ​ទៅ​ក្រុង​យីស‌រេ‌អែល សួរ​សុខ​ទុក្ខ​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះ‌បាទ​អខាប់ ដែល​កំពុង​តែ​ប្រឈួន​យ៉ាង​ខ្លាំង។