ជំពូក ១២

ព្រះ‌បាទ​យ៉ូអាស​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

(២​របា‌ក្សត្រ ២៤.១-៣)

1(១១.២១) ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំ​ពីរ​វស្សា 2(១) គឺ​នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យេហ៊ូ ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌អង្គ​សោយ‌រាជ្យ​បាន​សែ‌សិប‌ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​មាតា​របស់​ស្តេច​មាន​នាម​ថា ស៊ីបយ៉ា​ជា​អ្នក​ស្រុក​បៀរ‌សេបា។ 3(២) ព្រះ‌បាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត ដូច​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​បង្ហាត់​បង្រៀន។ 4(៣) ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជាជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។

ព្រះ‌បាទ​យ៉ូអាស​ជួស‌ជុល​ព្រះ‌វិហារ

(២​របា‌ក្សត្រ ២៤.៤-១៤)

5(៤) ព្រះ‌បាទ​យ៉ូអាស​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​បូជា‌ចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​ប្រាក់​ដែល​ប្រជាជន​យក​មក​បង់​ពន្ធ​សម្រាប់​ព្រះ‌ដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ 6(៥) នោះ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួស‌ជុល​កន្លែង​បាក់‌បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់ ដែល​គេ​យល់​ថា​ចាំ‌បាច់​គួរ​តែ​ជួស‌ជុល»។ 7(៦) ប៉ុន្តែ រហូត​មក​ដល់​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស ក្រុម​បូជា‌ចារ្យ​ពុំ​ទាន់​បាន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​នៅ​ឡើយ​ទេ។ 8(៧) ព្រះ‌បាទ​យ៉ូអាស​កោះ​ហៅ​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា ព្រម​ទាំង​បូជា‌ចារ្យ​ឯ​ទៀតៗ​មក រួច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់? ចាប់​ពី​ពេល​នេះ​ត​ទៅ អស់​លោក​មិន​ត្រូវ​ទទួល​ប្រាក់​ពី​អ្នក​ស្គាល់​ទៀត​ឡើយ តែ​ត្រូវ​បង្វិល​ប្រាក់​នេះ​សម្រាប់​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​វិញ»។ 9(៨) ដូច្នេះ ពួក​បូជា‌ចារ្យ​ក៏​ឈប់​ទទួល​ប្រាក់​ពី​ប្រជាជន និង​លែង​ទទួល​បន្ទុក​លើ​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ទៀត។ 10(៩) លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​យក​ហិប​មួយ​ចោះ​រន្ធ​លើ​គម្រប រួច​ដាក់​នៅ​ខាង​ស្តាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ព្រះ‌ដំណាក់។ ពួក​បូជា‌ចារ្យ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌ដំណាក់ ក្នុង​ហិប​នោះ។ 11(១០) កាល​ណា​គេ​ឃើញ​មាន​ប្រាក់​ច្រើន​នៅ​ក្នុង​ហិប​ហើយ លោក​ស្មៀន​ហ្លួង និង​មហា‌បូជា‌ចារ្យ​ក៏​មក​ទទួល​ប្រាក់ នៅ​ក្នុង​ព្រះ‌ដំណាក់​យក​ទៅ​រាប់ រួច​ទុក​ក្នុង​ថង់​មួយ។ 12(១១) បន្ទាប់​មក លោក​ប្រគល់​ប្រាក់​នោះ​ឲ្យ​ពួក​មេ​ជាង​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ គេ​ប្រើ​ប្រាក់​នោះ​សម្រាប់​ជួល​ជាង​ឈើ និង​ជាង​សំណង់​ដែល​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ 13(១២) ព្រម​ទាំង​ជួល​ជាង​កំបោរ ជាង​ដាប់​ថ្ម ហើយ​ទិញ​ឈើ និង​ថ្ម‌ដាប់​សម្រាប់​ជួស‌ជុល​កន្លែង​បាក់‌បែក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រាក់​នេះ​ក៏​ប្រើ​សម្រាប់​ការ​ចំណាយ​គ្រប់​ប្រភេទ ក្នុង​ការ​ជួស‌ជុល​ព្រះ‌ដំណាក់​ឡើង​វិញ។ 14(១៣) ប៉ុន្តែ គេ​ពុំ​បាន​ប្រើ​ប្រាក់​ដែល​ប្រជាជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាស ប្រាក់ សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ។ 15(១៤) គេ​ប្រគល់​ប្រាក់​នេះ ឲ្យ​អស់​អ្នក​ដែល​ទទួល​បន្ទុក​លើ​ការ‌ងារ សម្រាប់​ប្រើ‌ប្រាស់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ 16(១៥) គេ​ពុំ​បាន​ត្រួត​ពិនិត្យ​អស់​អ្នក​ដែល​យក​ប្រាក់​នោះ ទៅ​បើក​ឲ្យ​ពួក​ជាង​ទេ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​បំផុត។

17(១៦) រីឯ​ប្រាក់​តង្វាយ​ដែល​ប្រជាជន​យក​មក​ថ្វាយ​ជា​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស និង​យញ្ញ‌បូជា​រំដោះ​បាប គេ​ពុំ​បាន​ទុក​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ប្រាក់​នោះ​ត្រូវ​បាន​ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ​វិញ។

ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូអាស

(២​របា‌ក្សត្រ ២៤.២៣-២៧)

18(១៧) នៅ​គ្រា​នោះ ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្ដើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក ព្រះ‌បាទ​ហាសា‌អែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។ 19(១៨) ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្តេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ព្រះ‌បាទ​យ៉ូសា‌ផាត ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​ថ្វាយ​ជា​តង្វាយ ព្រម​ទាំង​វត្ថុ​ដែល​ស្តេច​ផ្ទាល់​បាន​ថ្វាយ​ជា​តង្វាយ ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​ហាសា‌អែល ជា​ស្តេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្តេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។

20(១៩) រីឯ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូអាស និង​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ 21(២០) មេ‌ទ័ព​របស់​ស្តេច​បាន​ក្រោក​ឡើង​រួម​គំនិត​គ្នា​ក្បត់​នឹង​ព្រះ‌បាទ​យ៉ូអាស។ ពួក​គេ​ធ្វើ​គុត​ស្តេច នៅ​បេត‌មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។ 22(២១) មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​ស្តេច គឺ​លោក​យ៉ូសា​បាដ ជា​កូន​របស់​លោក​ស៊ីម៉ាត និង​លោក​យេហូ‌សេបាដ ជា​កូន​របស់​លោក​សូមែរ។ គេ​បាន​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។