ជំពូក ៤

1 (៤) យើង នេប៊ូកា‌នេសារ កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។
2 (៥) យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជា‌និច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។ 3 (៦) យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ីឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។ 4 (៧) ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប‌រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។ 5 (៨) នៅ​ទី​បំផុត លោក​ដានីអែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថាសារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធនៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប‌រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ: 6 (៩) “លោក​បេល‌ថាសារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។ 7 (១០) នៅ​ពេល​ផ្ទំ យើង​សុបិន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដូច​ត​ទៅ៖
នៅ​កណ្ដាល​ផែន‌ដី មាន​ដើម​ឈើ​មួយ​ដើម
យ៉ាង​ខ្ពស់​អស្ចារ្យ
8 (១១) ដើម​ឈើ​នេះ​ដុះ​កាន់​តែ​ធំ​ឡើងៗ
ហើយ​មាំ​ទៀត​ផង
ចុង​របស់​វា​ខ្ពស់​រហូត​ដល់​មេឃ
សូម្បី​តែ​អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែន‌ដី​ក៏​មើល​ឃើញ​ដើម​ឈើ​នេះ​ដែរ។
9 (១២) ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី
មាន​ផ្លែ​យ៉ាង​ច្រើន​បរិបូណ៌
សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​ទាំង​អស់
សត្វ​នានា​នាំ​គ្នា​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​វា
បក្សា‌បក្សី​នាំ​គ្នា​មក​ទំ នៅ​តាម​មែក​របស់​វា
ហើយ​សត្វ​លោក​ទាំង​អស់​ទទួល​អាហារ
ពី​ដើម​ឈើ​នេះ។
10 (១៣) ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​ផ្ទំ​នោះ គឺ​មាន:
ទេវទូត​ដ៏‌វិសុទ្ធ​មួយ​រូប​ចុះ​ពី​លើ​មេឃ​មក
11 (១៤) លោក​ស្រែក​យ៉ាង​ខ្លាំងៗ​ថា:
ចូរ​រំលំ​ដើម​ឈើ​នេះ និង​កាប់​មែក​វា​ចោល​ទៅ
ចូរ​លះ​ស្លឹក ជម្រុះ​ផ្លែ​របស់​វា​ឲ្យ​ខ្ចាត់‌ខ្ចាយ
ឲ្យ​សត្វ​ទាំង‌ឡាយ​រត់​ចេញ​ពី​ម្លប់​របស់​វា
ហើយ​ឲ្យ​បក្សា‌បក្សី​ទាំង‌ឡាយ
ហើរ​ចេញ​ពី​មែក​របស់​វា​ដែរ!
12 (១៥) ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី
ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា
ទុក​ចោល​ក្នុង​វាល​ស្មៅ
ឲ្យ​ជោក​ទឹក​សន្សើម​ដែល​ធ្លាក់​ពី​លើ​មេឃ
ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ។
13 (១៦) ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស
ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ
រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប។
14 (១៧) នេះ​ជា​ការ​សម្រេច​របស់​ទេវទូត
ជា​បញ្ជា​របស់​ពួក​អ្នក​ដ៏‌វិសុទ្ធ
ដើម្បី​មនុស្ស​ទាំង​អស់​ដឹង​ថា
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ
របស់​មនុស្ស​លោក
ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន
ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​លើក​អ្នក​ដែល​ទន់‌ទាប​ជាង​គេ
ឲ្យ​ឡើង​គ្រង​រាជ្យ​ក៏​បាន។
15 (១៨) នេះ​ជា​សុបិន​ដែល​យើង ស្តេច​នេប៊ូកា‌នេសារ បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថាសារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។

លោក​ដានីអែល​កាត់​ស្រាយ​សុបិន​របស់​ស្តេច

16 (១៩) ពេល​នោះ លោក​ដានីអែល ហៅ​បេល‌ថាសារ​ក៏​តក់‌ស្លុត​អស់​មួយ​សន្ទុះ ដ្បិត​ការ​លាក់​កំបាំង​ដែល​លោក​ដឹង​នៅ​ក្នុង​ចិត្ត​គំនិត នាំ​ឲ្យ​លោក​ភ័យ​រន្ធត់​ជា​ខ្លាំង។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​សា​ជា​ថ្មី​ថា៖ «លោក​បេល‌ថាសារ​អើយ សូម​កុំ​ភ័យ​រន្ធត់ ព្រោះ​តែ​សុបិន​នេះ និង​អត្ថ‌ន័យ​របស់​វា​អី!»។ លោក​បេល‌ថាសារ​ទូល​ស្តេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា ហើយ​ឲ្យ​ន័យ​របស់​វា​ធ្លាក់​ទៅ​លើ​បច្ចា‌មិត្ត​របស់​ព្រះ‌ករុណា​វិញ! 17 (២០) ព្រះ‌ករុណា​បាន​ឃើញ​ដើម​ឈើ​ដែល​ដុះ​កាន់​តែ​ធំ​ឡើង មាំ‌មួន និង​មាន​ចុង​ខ្ពស់​ដល់​មេឃ ហើយ​អស់​អ្នក​នៅ​តាម​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី​ក៏​មើល​ឃើញ​ដែរ។ 18 (២១) ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។ 19 (២២) ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ព្រះ‌អង្គ​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ‌អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។

20 (២៣) បន្ទាប់​មក ព្រះ‌ករុណា​ឃើញ​ទេវទូត​ដ៏‌វិសុទ្ធ ដែល​ចុះ​ពី​លើ​មេឃ​មក​ពោល​ថា “ចូរ​កាប់​រំលំ​ដើម​ឈើ​នេះ​ចោល​ទៅ ប៉ុន្តែ ត្រូវ​ទុក​គល់ និង​ឫស​នៅ​ក្នុង​ដី ហើយ​យក​ច្រវាក់​ដែក និង​លង្ហិន​មក​ចង​វា ទុក​ចោល​នៅ​ក្នុង​វាល​ស្មៅ ឲ្យ​ជោក​ដោយ​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ ហើយ​ឲ្យ​វា​ស៊ី​ស្មៅ​ដូច​សត្វ​ធាតុ រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប”។ 21 (២៤) បពិត្រ​ព្រះ‌រាជា សុបិន​របស់​ព្រះ‌ករុណា​មាន​ន័យ​បែប​នេះ គឺ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្រេច​ចំពោះ​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: 22 (២៥) គេ​នឹង​ដេញ​ព្រះ‌ករុណា​ចេញ​ពី​ចំណោម​មនុស្ស ព្រះ‌អង្គ​នឹង​ទៅ​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​យក​ស្មៅ​មក​ថ្វាយ​ព្រះ‌ករុណា​សោយ​ដូច​គោ​ដែរ។ ព្រះ‌កាយ​របស់​ព្រះ‌ករុណា​នឹង​ជោក​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ​រហូត​ដល់​គម្រប់​ប្រាំ​ពីរ​ខួប គឺ​ទាល់​តែ​ព្រះ‌ករុណា​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ‌សម្បត្តិ​របស់​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ 23 (២៦) រីឯ​បញ្ជា​ឲ្យ​ទុក​គល់​ឈើ និង​ឫស​នោះ​មាន​ន័យ​ថា គេ​នឹង​ថ្វាយ​រាជ‌សម្បត្តិ​មក​ព្រះ‌ករុណា​វិញ នៅ​ពេល​ព្រះ‌ករុណា​ទទួល​ស្គាល់​ព្រះ‌ជា‌អម្ចាស់​សួគ៌។ 24 (២៧) ហេតុ​នេះ បពិត្រ​ព្រះ‌រាជា សូម​ព្រះ‌អង្គ​ប្រោស​មេត្តា​ឲ្យ​ទូល‌បង្គំ​ថ្វាយ​យោបល់​ចំពោះ​ព្រះ‌ករុណា​ដូច​ត​ទៅ គឺ​សូម​ព្រះ‌អង្គ​លះ‌បង់​អំពើ​បាប និង​កំហុស​ផ្សេងៗ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ចំពោះ​មនុស្ស​ទុរគត​វិញ ធ្វើ​ដូច្នេះ​ព្រះ‌ករុណា​នឹង​បាន​សុខ​ក្សេម‌ក្សាន្ត​ត​ទៅ​មុខ​ទៀត»។

25 (២៨) ក្រោយ​មក ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ដល់​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មែន 26 (២៩) គឺ​ដប់‌ពីរ​ខែ​កន្លង​មក ពេល​ស្តេច​កំពុង​តែ​យាង​ក្រសាល​ក្នុង​ព្រះ‌បរម‌រាជ​វាំង​នៅ​ក្រុង​បាប៊ីឡូន 27 (៣០) ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ‌អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ីឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិ‌យស និង​សិរី‌រុង​រឿង​របស់​យើង»។ 28 (៣១) ពេល​ស្តេច​មាន​រាជ‌ឱង្ការ​មិន​ទាន់​ចប់​ផង ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេប៊ូកា‌នេសារ​អើយ អ្នក​បាត់‌បង់​រាជ‌សម្បត្តិ​ហើយ ដូច​មាន​សេចក្ដី​ថ្លែង​ទុក​ពី​អ្នក​ស្រាប់។ 29 (៣២) គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គម្រប់​ប្រាំ​ពីរ‌រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ‌សម្បត្តិ​មនុស្ស​លោក ហើយ​ព្រះ‌អង្គ​ប្រគល់​រាជ‌សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

30 (៣៣) រំពេច​នោះ ហេតុ‌ការណ៍​ក៏​កើត​ឡើង​ចំពោះ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ​មែន។ គេ​ដេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ព្រះ‌អង្គ​សោយ​ស្មៅ​ដូច​គោ ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម​ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ ព្រះ‌កេសា​របស់​ស្តេច​ដុះ​ឡើង​ដូច​ស្លាប​ឥន្ទ្រី ហើយ​ក្រចក​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ក្រចក​សត្វ​ស្លាប។
31 (៣៤) «លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង នេប៊ូកា‌នេសារ​ងើប​មុខ​ឡើង​ទៅ​លើ​មេឃ ហើយ​យើង​ក៏​ដឹង​ស្មារតី​ឡើង​វិញ។ យើង​ក៏​អរ​ព្រះ‌គុណ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត យើង​សរសើរ និង​លើក​តម្កើង​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច។ អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច ព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ 32 (៣៥) មនុស្ស​ទាំង​អស់​នៅ​ផែន‌ដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ពួក​ទេវទូត និង​ចំពោះ​មនុស្ស​លោក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ច‌ការ​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា “ម្ដេច​ក៏​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ?” បាន​ឡើយ។
33 (៣៦) នៅ​គ្រា​នោះ យើង​បាន​ដឹង​ស្មារតី​ឡើង​វិញ គេ​ក៏​បាន​ប្រគល់​កិត្តិ‌យស រាជ‌សម្បត្តិ សិរី‌រុង​រឿង និង​ភាព​ថ្កុំ‌ថ្កើង​មក​យើង​វិញ ហើយ​ក្រុម‌ប្រឹក្សា និង​នាម៉ឺន​មន្ត្រី​របស់​យើង​ក៏​បាន​សុំ​ឲ្យ​យើង​វិល​មក​កាន់​កាប់​អំណាច គេ​លើក​យើង​ឲ្យ​គ្រង​រាជ្យ​ឡើង​វិញ ហើយ​យើង​ក៏​បាន​ថ្កុំ‌ថ្កើង​កាន់​តែ​ខ្លាំង​ឡើង។
34 (៣៧) ឥឡូវ​នេះ យើង​នេប៊ូកា‌នេសារ សូម​សរសើរ កោត​ស្ញប់‌ស្ញែង និង​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌មហា​ក្សត្រ​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម‌ត្រូវ មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​សុចរិត ហើយ​ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់»។