ជំពូក ១៣

រឿង​នាង​ស៊ូសាណា

1 នៅ​ស្រុក​បាប៊ី​ឡូន មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូអាគីម។ 2 គាត់​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​នាង ស៊ូសាណា ដែល​ជា​កូន​របស់​លោក ហែលគីយ៉ាស។ នាង​មាន​រូប​ឆោម​លោម​ពណ៌​ស្រស់​ល្អ​ណាស់ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ផង។ 3 ឪពុក‌ម្តាយ​នាង​ជា​មនុស្ស​សុចរិត គាត់​បាន​អប់រំ​នាង​តាម​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ។ 4 ឯ​លោក​យ៉ូអាគីម​វិញ មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ ព្រម‌ទាំង​មាន​សួន​ឧទ្យាន​មួយ​ដ៏​ធំ​នៅ​ជិត​ផ្ទះ​ផង។ ជន​ជាតិ​យូដា​ជា​ច្រើន​តែង​តែ​មក​លេង​ផ្ទះ​គាត់ ដ្បិត​គាត់​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ។ 5 នៅ​ឆ្នាំ​នោះ​គេ​បាន​ជ្រើស‌រើស​ព្រឹទ្ធា‌ចារ្យ​ពីរ​នាក់ ក្នុង​ចំណោម​ប្រជាជន ឲ្យ​ធ្វើ​ជា​ចៅ​ក្រម។ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រឹទ្ធា‌ចារ្យ​ជា​ចៅ​ក្រម​បាន​នាំ​អំពើ​លាមក​ពី​ស្រុក​បាប៊ីឡូន​មក។ 6 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ តែង​តែ​មក​លេង​ផ្ទះ​របស់​លោក​យ៉ាអាគីម​ជា​ញឹក‌ញយ ហើយ​អស់​អ្នក​ណា​ដែល​មាន​ទំនាស់​ត្រូវ​ដោះ‌ស្រាយ រមែង​មក​រក​លោក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នៅ​ផ្ទះ​លោក​យ៉ូអាគីម​ដែរ។ 7 នៅ​ពេល​ថ្ងៃ​ត្រង់ កាល​ពួក​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នាង​ស៊ូសាណា​ក៏​ចុះ​ទៅ​ដើរ​កំសាន្ត​ក្នុង​ឧទ្យាន​របស់​ប្តី​នាង។ 8 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​បាន​ឃើញ​នាង​ដើរ​កំសាន្ត​នៅ​ទី​នោះ​ជា​រៀង​រាល់​ថ្ងៃ គាត់​មាន​ចិត្ត​ប្រតិព័ទ្ធ​លើ​រូប​នាង។ 9 គាត់​វង្វែង​ស្មារតី លែង​បែរ​មុខ​ទៅ​រក​ព្រះ‌ជាម្ចាស់ ហើយ​ឈប់​នឹក​ដល់​បទ​បញ្ជា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អង្គ។ 10 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ មាន​តណ្ហា​ពុះ​កញ្ជ្រោល​ចង់​បាន​នាង​យ៉ាង​ខ្លាំង ប៉ុន្តែ លោក​ទាំង​ពីរ​មិន​បាន​និយាយ​ប្រាប់​គ្នា អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វល់‌ខ្វាយ​ទេ។ 11 ដ្បិត​គេ​ខ្មាស មិន​ហ៊ាន​ប្រាប់​ពី​បំណង​របស់​គេ​រៀងៗ​ខ្លួន ដែល​លួច​ស្រឡាញ់​នាង។ 12 រៀង​រាល់​ថ្ងៃ គេ​ទាំង​ពីរ​នាក់​តែង​ឃ្លាំ​ចាំ​មើល​នាង​រហូត។ 13 មាន​ថ្ងៃ​មួយ នៅ​ពេល​ថ្ងៃ​ត្រង់ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ចេញ​ពី​ផ្ទះ ដែល​ពោល​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «យើង​ទៅ​ផ្ទះ ដ្បិត​ដល់​ពេល​បរិភោគ​បាយ​ហើយ» ហើយ​ក៏​បែក​គ្នា​ទៅ។ 14 ប៉ុន្តែ ម្នាក់​ត្រឡប់​មក​វិញ​ហើយ​ជួប​គ្នា​នៅ​កន្លែង​តែ​មួយ។ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​សួរ​គ្នា ពី​មូល​ហេតុ​ដែល​ត្រឡប់​មក​វិញ ហើយ​ប្រាប់​ពី​គោល​បំណង​របស់​ខ្លួន ទៅ​វិញ​ទៅ​មក។ នៅ​ពេល​នោះ គេ​ព្រម‌ព្រៀង​គ្នា​រក​ឱកាស​ដើម្បី​ជួប​នាង​ស៊ូសាណា ពេល​នាង​នៅ​ម្នាក់​ឯង។ 15 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​រង់​ចាំ​ឱកាស​ល្អ ដើម្បី​ចាប់​នាង ស្រាប់​តែ​មាន​ថ្ងៃ​មួយ នាង​ស៊ូសាណា ចូល​ក្នុង​ឧទ្យាន​ដូច​សព្វ​ដង ដោយ​មាន​ស្រី​បម្រើ​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ ពេល​នោះ​ថ្ងៃ​ក្តៅ​ខ្លាំង​ពេក​នាង​ចង់​ងូត​ទឹក​ក្នុង​សួន​ឧទ្យាន។ 16 នៅ​កន្លែង​នោះ​គ្មាន​អ្នក​ណា​ផ្សេង ក្រៅ​ពី​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ដែល​ពួន​ឃ្លាំ​មើល​នាង​ឡើយ។ 17 នាង​ប្រាប់​ស្រី​បម្រើ​ទាំង​ពីរ​ថា៖ «ចូរ​ទៅ​យក​ប្រេង និង​ទឹក​អប់​មក​ឲ្យ​ខ្ញុំ រួច​ហើយ​បិទ​ទ្វារ​សួន​ផង! ព្រោះ​ខ្ញុំ​ចង់​ងូត​ទឹក»។ 18 នាង​ទាំង​ពីរ​ធ្វើ​តាម​បង្គាប់​របស់​នាង​ស៊ូសាណា គឺ​បិទ​ទ្វារ​សួន ហើយ​ចេញ​តាម​ទ្វារ​មួយ​ទៀត ដើម្បី​ទៅ​រក​អ្វី​ដែល​នាង​ស៊ូសាណា​ប្រាប់ ប៉ុន្តែ នាង​មិន​បាន​ឃើញ​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នោះ​ទេ ព្រោះ​ពួក​គេ​ពួន។ 19 កាល​ស្រី​បម្រើ​ទាំង​ពីរ​ចេញ​ផុត​ទៅ ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ក៏​ស្ទុះ​ចេញ​មក​ដើរ​យ៉ាង​លឿន តម្រង់​ទៅ​រក​នាង 20 ហើយ​និយាយ​ថា៖ «ទ្វារ​សួន​បិទ​ជិត​អស់​ហើយ គ្មាន​នរណា​មើល​ឃើញ​យើង​ទេ។ យើង​ស្រឡាញ់​នាង​ខ្លាំង​ណាស់ សូម​នាង​ព្រម​តាម​យើង​ទៅ។ 21 ប្រសិន​បើ​នាង​មិន​ព្រម​ទេ យើង​នឹង​ចោទ​ប្រកាន់​ថា នាង​បាន​សាហាយ​ស្មន់​ជា​មួយ​យុវជន​ម្នាក់! ហេតុ​នេះ​ហើយ បាន​ជា​នាង​ដេញ​ស្រី​បម្រើ​ឲ្យ​ចេញ​ទៅ»។ 22 នាង​ស៊ូសាណា ដក​ដង្ហើម​ធំ​ហើយ​ពោល​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ទាល់​គំនិត​ហើយ! ប្រសិន​បើ​នាង​ខ្ញុំ​ព្រម​តាម​លោក ខ្ញុំ​មុខ​ជា​ស្លាប់​ដោយ​មាន​ទោស​ផិត​ក្បត់​ពុំ​ខាន។ បើ​នាង​ខ្ញុំ​មិន​ព្រម នាង​ខ្ញុំ​ក៏​មិន​អាច​រួច​ខ្លួន​ដែរ។ 23 ណ្ហើយ! នាង​ខ្ញុំ​សុខ​ចិត្ត​ធ្លាក់​ក្នុង​អន្ទាក់​របស់​លោក ដោយ​មិន​បាន​ធ្វើ​អ្វី​ខុស​ទៅ​ចុះ ប្រសើរ​ជាង​ប្រព្រឹត្ត​ខុស​នឹង​ធម្ម‌វិន័យ​របស់​ព្រះ‌អម្ចាស់»។ 24 បន្ទាប់​មក នាង​ស្រែក​យ៉ាង​ខ្លាំង ចំណែក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ក៏​នាំ​គ្នា​ស្រែក​ចោទ​ប្រកាន់​នាង​ដែរ 25 ព្រឹទ្ធា‌ចារ្យ​ម្នាក់​រត់​ទៅ​បើក​ទ្វារ​សួន។ 26 កាល​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ​ឮ​សម្រែក​ដូច​នេះ ក៏​រត់​ទៅ​ក្នុង​សួន​មើល ហេតុ​ការណ៍​ដែល​កើត​មាន​ចំពោះ​នាង​ស៊ូសាណា។ 27 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ តំណាល​រឿង​ប្រឌិត​របស់​ខ្លួន ហើយ​ពួក​អ្នក​បម្រើ​ក៏​អៀន‌ខ្មាស ព្រោះ​គេ​មិន​ដែល​ឮ​នរណា​និយាយ​អាក្រក់ បែប​នេះ​ពី​នាង​ឡើយ។

28 លុះ​ព្រឹក​ឡើង អ្នក​ស្រុក​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​លោក​យ៉ាអាគីម​ជា​ស្វាមី​នាង ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​នាង ទៅ​តាម​គម្រោង‌ការណ៍​ដ៏​អាស្រូវ​នេះ។ 29 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ចូរ​នាំ​នាង​ស៊ូសាណា ដែល​ជា​កូន​របស់​លោក​ហែលគីយ៉ាស និង​ជា​ភរិយា​របស់​លោក​យ៉ូអាគីម​មក!»។ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​នាង​មក។ 30 នាង​ស៊ូសាណា​មក​មាន​ទាំង​ឪពុក‌ម្តាយ កូនៗ​ញាតិ‌សន្ដាន​មក​ជា​មួយ​ផង។ 31 នាង​ស៊ូសាណា​មាន​រូប​សម្ផស្ស​ល្អ​ស្អាត​ណាស់ គួរ​ឲ្យ​គយ‌គន់។ 32 ជន​ល្មើស​វិន័យ​ទាំង​ពីរ​នាក់​នោះ បញ្ជា​ឲ្យ​ព្រឹទ្ធា‌ចារ្យ​ដក​ស្បៃ​ពី​មុខ​នាង ដើម្បី​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត នឹង​គយ‌គន់​សម្រស់​របស់​នាង។ 33 ឪពុក‌ម្តាយ​កូនៗ និង​ញាតិ‌សន្ដាន ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង យំ​ទាំង​អស់​គ្នា។ 34 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ក្រោក​ឈរ​ឡើង​នៅ​កណ្តាល​អង្គ​ប្រជុំ ហើយ​ដាក់​ស្បៃ​លើ​ក្បាល​នាង។ 35 នាង​ងើប​មុខ​សម្លឹង‌មើល​ទៅ​លើ​មេឃ​ទាំង​យំ​ផង ដ្បិត​នាង​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់។ 36 ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ប្រកាស​ថា៖ «ពេល​យើង​ទាំង​ពីរ​នាក់​ដើរ​កំសាន្ត​ក្នុង​សួន​ឧទ្យាន យើង​ឃើញ​នាង​ចូល មក​ជា​មួយ​ស្រី​បម្រើ​ពីរ​នាក់។ នាង​បាន​ឲ្យ​អ្នក​បម្រើ​បិទ​ទ្វារ​រួច​ហើយ នាង​ក៏​ឲ្យ​អ្នក​បម្រើ​ចេញ​ទៅ​វិញ។ 37 ពេល​នោះ មាន​យុវជន​ម្នាក់​ដែល​ពួន​នៅ​ក្នុង​សួន​ចូល​មក​ជិត​នាង ហើយ​រួម‌រក័​ជា​មួយ​នាង។ 38 រីឯ​យើង​ក៏​នៅ​ក្នុង​សួន ក្បែរ​កន្លែង​នោះ​ដែរ។ កាល​យើង​បាន​ឃើញ​អំពើ​លាមក​ដូច្នេះ យើង​ក៏​រត់​តម្រង់​ទៅ​គេ​ទាំង​ពីរ។ 39 យើង​បាន​ឃើញ​គេ​ទាំង​ពីរ​នាក់​រួម‌រក័​ជា​មួយ​គ្នា​មែន។ ប៉ុន្តែ យើង​មិន​អាច​ចាប់​យុវជន​នោះ​បាន​ទេ ព្រោះ​គេ​មាន​កម្លាំង​ខ្លាំង​ជាង​យើង គេ​ក៏​បើក​ទ្វារ​សួន​រត់​បាត់​ទៅ។ 40 រីឯ​យើង​ចាប់​បាន​តែ​ស្រី​នេះ ហើយ​សួរ​នាង​ថា៖ តើ​ប្រុស​នោះ​ជា​អ្នក​ណា? 41 ប៉ុន្តែ នាង​មិន​ព្រម​ប្រាប់​យើង​សោះ។ យើង​ទាំង​ពីរ​នាក់​នេះ ជា​សាក្សី​ស្រាប់»។ អង្គ​ប្រជុំ​ក៏​ជឿ​ពាក្យ​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ព្រោះ​គាត់​ជា​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជាជន​ផង និង​ជា​ចៅ​ក្រម​ផង។ អង្គ​ប្រជុំ​ក៏​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​នាង​ស៊ូសាណា។ 42 នៅ​ពេល​នោះ នាង​ស៊ូសាណា​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច! ព្រះ‌អង្គ​ជ្រាប​អ្វី​ដែល​លាក់​កំបាំង និង​ជ្រាប​គ្រប់​ហេតុ​ការណ៍​មុន​ពេល​កើត​ឡើង​ទៀត​ផង។ 43 ព្រះ‌អង្គ​ជ្រាប​ថា ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដាក់​ទោស​យើង​ខ្ញុំ។ ឥឡូវ​នេះ ទោះ​បី​នាង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទ​ប្រកាន់ តាម​គំនិត​អាក្រក់​របស់​ពួក​គេ​ក្តី ក៏​នាង​ខ្ញុំ​ត្រូវ​ស្លាប់​ដែរ។ 44 ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​នាង»។ 45 ពេល​គេ​នាំ​នាង​ទៅ​សម្លាប់​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​កុមារ​ម្នាក់ ឈ្មោះ​ដានីអែល​ភ្ញាក់​ស្មារតី មាន​ប្រាជ្ញា​វាង​វៃ​យ៉ាង​អស្ចារ្យ។ 46 កុមារ​ដានីអែល បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ខ្ញុំ​មិន​រួម​គំនិត​ក្នុង​ការ​សម្លាប់​ស្ត្រី​នេះ​ទេ!»។ 47 បណ្ដា​ជន​ទាំង​ប៉ុន្មាន ក៏​បែរ​មុខ​មក​រក​កុមារ​នោះ ហើយ​សួរ​ថា៖ «តើ​ប្អូន​ចង់​និយាយ​ពី​អ្វី?»។ 48 កុមារ​ដានីអែល ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! តើ​អ្នក​លេលា​ហើយ​ឬ បាន​ជា​ដាក់​ទោស​ស្ត្រី​អ៊ីស្រា‌អែល​ម្នាក់ ដោយ​មិន​ស៊ើប​សួរ​រក​សេចក្ដី​ពិត​ជា​មុន​ដូច្នេះ? 49 ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​កន្លែង​កាត់​ក្ដី​វិញ​ចុះ! ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដាក់​ទោស​អ្នក​ស្រី​ស៊ូសាណា»។ 50 ប្រជាជន​ទាំង‌មូល​ប្រញាប់‌ប្រញាល់​ត្រឡប់​ទៅ​វិញ ហើយ​ព្រឹទ្ធា‌ចារ្យ​ដទៃ​ទៀត​សួរ​កុមារ​ដានីអែល​ថា៖ «សូម​ចៅ​មក​អង្គុយ​កណ្ដាល​ពួក​យើង! ហើយ​ពន្យល់​ឲ្យ​ពួក​យើង​ដឹង​ផង ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រោស‌ប្រទាន​ឲ្យ​ចៅ​មាន​គំនិត​ដូច​យើង​ដែរ»។ 51 កុមារ​ដានីអែល​ប្រាប់​អស់​លោក​ថា៖ «ចូរ​បំបែក​គាត់​ទាំង​ពីរ​នាក់​នេះ​ចេញ​ពី​គ្នា! ខ្ញុំ​នឹង​សួរ​គាត់​ម្ដង​ម្នាក់»។ 52 គេ​ក៏​បំបែក​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ រួច​កុមារ​ដានីអែល​ហៅ​តា​ម្នាក់​មក​ហើយ​សួរ៖ «តា​ចាស់​ទៅ​ហើយ ប៉ុន្តែ​តា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​មុន​មក ពេល​នេះ​ទោស​នៃ​អំពើ​បាប​របស់​តា ត្រូវ​ធ្លាក់​លើ​តា​ហើយ 53 ទោះ​បី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មិន​ត្រូវ​សម្លាប់​អ្នក​គ្មាន​កំហុស និង​ជន​សុចរិត​ក្ដី ក៏​តា​តែង​តែ​កាត់​ទោស​ដោយ​អយុត្តិ‌ធម៌ គឺ​តា​ដាក់​ទោស​មនុស្ស​គ្មាន​កំហុស ហើយ​ដោះ​លែង​អ្នក​មាន​ទោស​ឲ្យ​រួច​ខ្លួន​វិញ​ដែរ។ 54 ឥឡូវ​នេះ បើ​តា​បាន​ឃើញ​អ្នក​ស្រី​ស៊ូសាណា​មែន សូម​តា​ប្រាប់​ខ្ញុំ​មក​មើល​ថា តើ​អ្នក​ទាំង​ពីរ​នោះ​ស្ថិត​នៅ​ក្រោម​ដើម​ឈើ​ណា?» តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​អំពិល»។ 55 កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក​របស់​តា តា​ត្រូវ​ទទួល​ទោស​ដល់​ជីវិត គឺ​ព្រះ‌ជាម្ចាស់​បាន​បញ្ជា​ទេវ​ទូត​របស់​ព្រះ‌អង្គ ឲ្យ​មក​ប្រហារ​ជីវិត​តា»។ 56 កុមារ​ដានីអែល​បណ្ដេញ​តា​ចេញ​ទៅ ហើយ​បញ្ជា​ឲ្យ​គេ​ហៅ​តា​នោះ​ម្នាក់​ទៀត​មក រួច​សួរ​ថា៖ «នែ៎! កំពូជ​កាណាន​អើយ! តា​មិន‌មែន​ពូជ​យូដា​ទេ! សម្រស់​របស់​អ្នក​ស្រី​ស៊ូសាណា បាន​ធ្វើ​ឲ្យ​តា​វង្វេង​ស្មារតី ហើយ​កិលេស​តណ្ហា ជំរុញ​ចិត្ត​តា​ឲ្យ​ឈ្លក់​វង្វេង​អស់។ 57 តា​ទាំង​ពីរ​នាក់​តែង​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រ្តី​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​រួម‌រ័ក​ជា​មួយ​នាង ព្រោះ​នាង​ទាំង​នោះ​ខ្លាច​តា សុខ​ចិត្ត​យល់​ព្រម​នឹង​តា។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ស្រ្តី​យូដា​ម្នាក់ ពុំ​យល់​ស្រប​តាម​អំពើ​ប្រាស​ចាក​សីល​ធម៌​របស់​តា​ទេ។ 58 ឥឡូវ​នេះ សូម​តា​ប្រាប់​ខ្ញុំ​មើល៍! តើ​តា​បាន​ឃើញ​អ្នក​ទាំង​ពីរ​រួម‌រ័ក​ជា​មួយ​គ្នា​នៅ​ក្រោម​ដើម​ឈើ​ណា?»។ តា​នោះ​ឆ្លើយ​ថា៖ «នៅ​ក្រោម​ដើម​ស្វាយ»។ 59 កុមារ​ដានីអែល​និយាយ​ថា៖ «នេះ​ជា​ពាក្យ​កុហក ដែល​ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត!។ ទេវ​ទូត​របស់​ព្រះ‌ជាម្ចាស់ កាន់​ដាវ​រ​ង់​ចាំ​ប្រហារ​ជីវិត​តា​ទាំង​ពីរ​ហើយ»។ 60 ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ដោយ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ដែល​សង្គ្រោះ​អស់​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អង្គ។ 61 បន្ទាប់​មក​អង្គ​ប្រជុំ​ក៏​បែរ​ទៅ​ប្រឆាំង​នឹង​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ព្រោះ​កុមារ​ដានីអែល​ចាប់​ពាក្យ​សម្ដី​ផ្ទាល់​របស់​គេ មក​ធ្វើ​ជា​ភស្តុ​តាង​បញ្ជាក់​ថា ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​ជា​សាក្សី​ក្លែង‌ក្លាយ​មែន។ អង្គ​ប្រជុំ​សម្រេច​ដាក់​ទោស​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ ដែល​មាន​បំណង​ប្រាថ្នា​យ៉ាង​អាក្រក់ ចំពោះ​អ្នក​ដទៃ។ 62 នៅ​ថ្ងៃ​នោះ គេ​ប្រហារ​ជីវិត​ព្រឹទ្ធា‌ចារ្យ​ទាំង​ពីរ​នាក់ ដើម្បី​ធ្វើ​តាម​ធម្ម‌វិន័យ​របស់​លោក​ម៉ូសេ រីឯ​អ្នក​ដែល​គ្មាន​កំហុស​ក៏​បាន​រួច​ជីវិត។ 63 រីឯ​លោក​ហែល​គីយ៉ាស និង​ភរិយា ក៏​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​រួម​ជា​មួយ​នាង​ស៊ូសាណា លោក​យ៉ូអាគីម​ជា​ស្វាមី​របស់​នាង និង​ញាតិ‌សន្តាន​ទាំង​ប៉ុន្មាន ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាល់​តែ​សោះ។ 64 តាំង​ពី​ថ្ងៃ​នោះ​មក ប្រជាជន​នាំ​គ្នា​លើក​តម្កើង​កុមារ​ដានីអែល។