ជំពូក ៣
ស្តេចចេញបញ្ជាឲ្យថ្វាយបង្គំរូបបដិមា
1 ព្រះចៅនេប៊ូកានេសារបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្តេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ 2 ព្រះចៅនេប៊ូកានេសារចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានា មកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្តេចបានកសាង។ 3 ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមា ដោយនាំគ្នាឈរនៅមុខរូបដែលស្តេចនេប៊ូកានេសារបានកសាងនោះ។ 4 មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! 5 ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូកានេសារបានកសាង។ 6 អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ 7 ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូកានេសារបានកសាង។
មិត្តភក្ដិលោកដានីអែលបដិសេធថ្វាយបង្គំរូបបដិមា
8 នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ 9 ពួកគេទូលព្រះចៅនេប៊ូកានេសារថា៖ «បពិត្រព្រះរាជាសូមព្រះអង្គមានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! 10 បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង។ 11 តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 12 បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលព្រះអង្គតែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។
13 ពេលនោះ ព្រះចៅនេប៊ូកានេសារព្រះអង្គខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្តេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូមក។ គេក៏នាំលោកទាំងបីមកគាល់ស្តេច។ 14 ព្រះចៅនេប៊ូកានេសារមានព្រះរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មេសាក់ និងអបេដនេកូ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? 15 ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាមទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ!»។
16 លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ទូលព្រះចៅនេប៊ូកានេសារវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ 17 បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ 18 ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្តី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។ 19 ពេលនោះ ព្រះចៅនេប៊ូកានេសារព្រះអង្គខ្ញាល់នឹងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្តេចបានផ្លាស់ប្រែ។ ព្រះអង្គក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង 20 រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 21 គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឆ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ 22 ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ 23 ពេលនោះ លោកទាំងបី គឺសាដ្រាក់ មេសាក់ និងអបេដនេកូ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
ក
ពាក្យអង្វររបស់លោកអសារីយ៉ា
1 ២៤ យុវជនទាំងបីនាក់ គឺជាលោកហាណានីយ៉ា លោកអាសារីយ៉ា និងលោកមីកាអែល នាំគ្នាដើរក្នុងភ្លើង ដោយច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ 2 ២៥ លោកអសារីយ៉ាឈរនៅកណ្ដាលភ្នក់ភ្លើង ហើយថ្លែងថា៖ 3 ២៦ «បពិត្រព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ។ សូមឲ្យមនុស្សលោកលើកតម្កើងព្រះនាមរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ 4 ២៧ ដ្បិតព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ ដោយព្រះហឫទ័យសុចរិត អ្វីៗដែលព្រះអង្គប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ។ មាគ៌ារបស់ព្រះអង្គទៀងត្រង់ ព្រះអង្គធ្លាប់វិនិច្ឆ័យសេចក្ដីទាំងអស់ដោយយុត្តិធម៌។ 5 ២៨ ព្រះអង្គដាក់ទោសយើងខ្ញុំ និងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធនៃបុព្វបុរសយើងខ្ញុំ ពិតជាត្រឹមត្រូវមែន គឺព្រះអង្គបានដាក់ទោសយើងខ្ញុំដោយយុត្តិធម៌ ព្រោះតែអំពើបាបរបស់យើងខ្ញុំ។ 6 ២៩ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមិនគោរពប្រណិប័តន៍ព្រះអង្គរហូតដល់ឃ្លាតចាកពីព្រះអង្គ យើងខ្ញុំនៅតែធ្វើខុសគ្រប់បែបយ៉ាង។ 7 ៣០ យើងខ្ញុំមិនបានស្ដាប់តាមព្រះអង្គ យើងខ្ញុំមិនកាន់ ហើយក៏មិនអនុវត្តតាមសេចក្តីដែលព្រះអង្គបានបញ្ជា ដើម្បីឲ្យយើងខ្ញុំបានសេចក្តីសុខសាន្ត។ 8 ៣១ ព្រះអង្គបានដាក់ទោសយើងខ្ញុំដូច្នេះ ពិតជាត្រឹមត្រូវមែន ព្រះអង្គបានដាក់ទោសយើងខ្ញុំដោយយុត្តិធម៌។ 9 ៣២ ព្រះអង្គបានប្រគល់យើងខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវដែលជាជនពាលគួរឲ្យស្អប់ ជាជនបះបោរប្រឆាំងនឹងព្រះអង្គ។ ព្រះអង្គបានដាក់ទោសយើងខ្ញុំ ឲ្យស្ថិតនៅក្រោមអំណាចរបស់ស្តេចទុច្ចរិត ជាស្តេចអាក្រក់ជាងគេនៅលើផែនដីទាំងមូល។ 10 ៣៣ ឥឡូវនេះ យើងខ្ញុំជាអ្នកបម្រើ និងអ្នកថ្វាយបង្គំព្រះអង្គ យើងខ្ញុំគ្មានសិទ្ធិនិយាយឡើយ យើងខ្ញុំត្រូវអាម៉ាស់ និងត្រូវគេត្មះតិះដៀល។ 11 ៣៤ បពិត្រព្រះអម្ចាស់ សូមនឹកគិតដល់ព្រះនាមព្រះអង្គ ហើយសូមកុំបោះបង់ចោលយើងខ្ញុំ ជារៀងរហូតឡើយ សូមកុំផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ។ 12 ៣៥ សូមកុំដកសេចក្តីមេត្តាករុណារបស់យើងខ្ញុំ ព្រោះតែលោកអាប្រាហាំ ជាមិត្តសម្លាញ់របស់ព្រះអង្គ លោកអ៊ីសាកជាអ្នកបម្រើរបស់ព្រះអង្គ និងលោកអ៊ីស្រាអែលជាអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ។ 13 ៣៦ កាលពីដើម ព្រះអង្គមានព្រះបន្ទូលសន្យានឹងលោកទាំងបីនោះថា ព្រះអង្គនឹងប្រទានឲ្យលោកមានកូនចៅដ៏ច្រើនឥតគណនា ដូចចំនួនផ្កាយនៅលើមេឃ ឬដូចចំនួនគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ 14 ៣៧ បពិត្រព្រះអម្ចាស់! ពេលនេះយើងខ្ញុំត្រឡប់ទៅជាប្រជាជនមួយដ៏តូចជាងគេបំផុត ក្នុងចំណោមប្រជាជាតិទាំងអស់ យើងខ្ញុំត្រូវអាម៉ាស់មុខនៅលើផែនដីទាំងមូលព្រោះតែអំពើបាបរបស់យើងខ្ញុំ។ 15 ៣៨ នៅថ្ងៃនេះ យើងខ្ញុំអស់ស្តេច អស់ព្យាការី អស់អ្នកដឹកនាំ យើងខ្ញុំមិនអាចថ្វាយយញ្ញបូជាសត្វទាំងមូល ថ្វាយសក្ការៈបូជាតង្វាយម្សៅ ឬគ្រឿងក្រអូបឡើយ។ យើងខ្ញុំមិនបានយកផលផ្លែដំបូងមកថ្វាយព្រះអង្គ ដើម្បីព្រះអង្គប្រណីសណ្តោសដល់យើងខ្ញុំ 16 ៣៩ សូមព្រះអង្គទទួលចិត្តសោកសង្រេង និងចិត្តសុភាពរាបសារបស់យើងខ្ញុំ ទុកជាតង្វាយដែលគាប់ព្រះទ័យព្រះអង្គ 17 ៤០ គឺតង្វាយដុតទាំងមូលមានគឺពពែឈ្មោល គោបា និងកូនចៀមដ៏ធាត់រាប់ពាន់ក្បាល។ សូមឲ្យសក្ការៈបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គ។ សូមឲ្យយើងខ្ញុំអាចដើរតាមមាគ៌ារបស់ព្រះអង្គតទៅទៀត។ ដ្បិតអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មិនត្រូវអាម៉ាស់មុខឡើយ។ 18 ៤១ ចាប់ពីពេលនេះទៅ យើងខ្ញុំសុខចិត្តដើរតាមមាគ៌ារបស់ ព្រះអង្គដោយស្មោះអស់ពីចិត្ត យើងខ្ញុំគោរពកោតខ្លាចព្រះអង្គ 19 ៤២ និង ស្វែងរកព្រះភ័ក្រ្តរបស់ព្រះអង្គផង។ សូមព្រះអង្គកុំបោះបង់ចោលយើងខ្ញុំឲ្យអាម៉ាស់មុខតទៅឡើយ សូមព្រះអង្គប្រោសប្រណីដល់យើងខ្ញុំ ដោយសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏លើសលុបផង។ 20 ៤៣ សូមព្រះអង្គរំដោះយើងខ្ញុំដោយការអស្ចារ្យ ឲ្យដូចពីដើម។ បពិត្រព្រះអម្ចាស់! សូមសម្ដែងបារមីរបស់ព្រះអង្គដើម្បីឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ 21 ៤៤ សូមឲ្យអស់អ្នកដែលឃុបឃិត ធ្វើបាបអ្នកបម្រើរបស់ព្រះអង្គត្រូវបាក់មុខ! សូមឲ្យពួកគេបាត់បង់កិត្តិយស និងអំណាចទាំងអស់សូមបំបាត់កម្លាំងរបស់ពួកគេ!។ 22 ៤៥ សូមឲ្យពួកគេទទួលស្គាល់ថា មានតែព្រះអង្គទេជាព្រះអម្ចាស់តែមួយព្រះអង្គគត់ ដែលប្រកបដោយសិរីរុងរឿង នៅលើផែនដីទាំងមូល»។ 23 ៤៦ ពួករាជបម្រើរបស់ស្តេច ដែលបានបោះយុវជនទាំងបីនាក់ក្នុងភ្នក់ភ្លើង នៅតែបន្ថែមប្រេងជ័រអុស និងចំបើងថែមទៀត ឲ្យកាន់តែខ្លាំងឡើងៗ។ 24 អណ្តាតភ្លើងឆាបឡើងកម្ពស់សែសិបប្រាំបួនហត្ថ ហើយឆេះរាលជុំវិញភ្នក់ភ្លើង ព្រមទាំងដុតបំផ្លាញជនជាតិកាល់ដេដែលនៅទីនោះ ទាំងរស់។ 25 ៤៩ ផ្ទុយទៅវិញ ទេវទូតរបស់ព្រះអម្ចាស់យាងចុះមកក្នុងភ្នក់ភ្លើង ជាមួយលោកអសារីយ៉ា និងអ្នកនៅជាមួយលោក ហើយជះអណ្តាតភ្លើងទៅក្រៅភ្នក់ភ្លើង។ 26 ៥០ ទេវទូតនោះធ្វើឲ្យផ្នែកកណ្តាលភ្នក់ភ្លើង ក្លាយទៅជាខ្យល់ដ៏ត្រជាក់ និងសន្សើម។ ដូច្នេះ ភ្លើងមិនបានប៉ះពួកគេសោះ ហើយមិនធ្វើបាបពួកគេ។ 27 ៥១ នៅពេលនោះយុវជនទាំងបីនាក់ក៏រួមគ្នាលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះអម្ចាស់ថា៖
28 ៥២ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសយើងខ្ញុំ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ សូមច្រៀង និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! សូមសរសើរព្រះនាមដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង។ សូមច្រៀង និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
29 ៥៣ សូមសរសើរតម្កើងព្រះអម្ចាស់ក្នុងព្រះវិហារដ៏វិសុទ្ធ និងប្រកបដោយសិរីរុងរឿង! សូមស្មូត និងលើកតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!
30 ៥៤ សូមសរសើរតម្កើងព្រះអម្ចាស់ ដែលគង់នៅលើខេរូប៊ីម! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បអង្វែងតរៀងទៅ!
31 ៥៥ សូមលើកតម្កើងព្រះអង្គ ដែលគ្រងរាជ្យនៅលើបល្ល័ង្ក សូមច្រៀង និងលើកតម្កើងព្រះអង្គដ៏ខ្ពង់ខ្ពស់បំផុតអស់កល្បជាអង្វែងតរៀងទៅ!
32 ៥៦ សូមសរសើរតម្កើងព្រះអង្គ នៅលើលំហអាកាសវេហាស៍ដ៏ធំធេង ដែលគ្រប់គ្រងស្ថានបរមសុខ! សូមស្មូត និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
33 ៥៧ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
34 ៥៨ ផ្ទៃមេឃ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!
35 ៥៩ ទេវទូតទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
36 ៦០ ទឹកទាំងឡាយដែលនៅលើមេឃ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
37 ៦១ ហ្វូងតារារបស់ព្រះម្ចាស់! ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
38 ៦២ ព្រះអាទិត្យ និងព្រះចន្ទ ចូរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
39 ៦៣ ផ្កាយទាំងឡាយនៅលើមេឃ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
40 ៦៤ ទឹកភ្លៀង និងទឹកសន្សើម ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
41 ៦៥ ខ្យល់គ្រប់ទិសទី ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
42 ៦៦ ភ្លើង និងកម្ដៅ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
43 ៦៧ ខ្យល់ត្រជាក់ និងខ្យល់ក្តៅ នឹងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
44 ៦៨ ទឹកសន្សើម និងព្រឹល ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
45 ៦៩ ថ្ងៃ និងយប់ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
46 ៧០ ពន្លឺ និងភាពងងឹត ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
47 ៧១ អាកាសធាតុត្រជាក់ និងអាកាសធាតុរងារ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
48 ៧២ ទឹកកក និងហិមៈ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
49 ៧៣ ផ្លេកបន្ទោល និងពពក ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
50 ៧៤ ផែនដីទាំងមូល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
51 ៧៥ ភ្នំតូច ភ្នំធំទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
52 ៧៦ អ្វីៗទាំងអស់ដែលដុះនៅលើផែនដី ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
53 ៧៧ សមុទ្រ និងទន្លេទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
54 ៧៨ ប្រភពទឹកទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
55 ៧៩ ត្រីធំ ត្រីតូច និងសត្វទាំងឡាយ ដែលរស់នៅក្នុងទឹក ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
56 ៨០ បក្សាបក្សីទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
57 ៨១ សត្វព្រៃ សត្វស្រុកទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
58 ៨២ មនុស្សទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
59 ៨៣ ប្រជាជនអ៊ីស្រាអែល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
60 ៨៤ បូជាចារ្យទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
61 ៨៥ អ្នកទាំងឡាយដែលគោរពបម្រើព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
62 ៨៦ វិញ្ញាណក្ខ័ន្ធ និងព្រលឹងរបស់មនុស្សសុចរិតទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
63 ៨៧ អស់អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអស់អ្នកដាក់ចិត្តជាអ្នកក្រខ្សត់ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
64 ៨៨ លោកអណានីយ៉ា លោកអសារីយ៉ា និងមីកាអែល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ដ្បិតព្រះអង្គបានរំដោះយើងខ្ញុំឲ្យរួចពីអំណាចនៃសេចក្តីស្លាប់។ ព្រះអង្គបានសង្រ្គោះយើងខ្ញុំឲ្យរួចពីក្រញាំមច្ចុរាជ ព្រះអង្គបានរំដោះយើងខ្ញុំ ពីភ្នក់ភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គបានសង្រ្គោះយើងខ្ញុំឲ្យរួចពីភ្លើង។
65 ៨៩ សូមអរព្រះគុណព្រះអម្ចាស់ ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ស្ថិតនៅអស់កល្បជាអង្វែងតរៀងទៅ។
66 ៩០ អស់អ្នកដែលគោរពបម្រើព្រះអម្ចាស់ ជាព្រះលើព្រះទាំងឡាយ សូមស្មូត និងអរព្រះគុណព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ស្ថិតនៅអស់កល្បជានិច្ច»។
ព្រះជាម្ចាស់សង្គ្រោះមិត្តភក្ដិលោកដានីអែលពីភ្លើង
91 ពេលនោះ ព្រះចៅនេប៊ូកានេសាររន្ធត់ព្រះហឫទ័យជាខ្លាំង ព្រះអង្គប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូលព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។ 92 ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវទូត»។ 93 ព្រះចៅនេប៊ូកានេសារចូលទៅជិតឡភ្លើង មានរាជឱង្ការថា៖ «លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូក៏នាំគ្នាចេញពីក្នុងភ្លើង។
94 ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។ 95 ព្រះចៅនេប៊ូកានេសារមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ដែលបានចាត់ទេវទូត*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន! 96 ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។ 97 បន្ទាប់មក ព្រះរាជាប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ មានបុណ្យស័ក្តិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។
ស្តេចនេប៊ូកានេសារសុបិនឃើញដើមឈើមួយដ៏ធំ
98 (៤.១) «យើង នេប៊ូកានេសារ ជាព្រះមហាក្សត្រ ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
99 (២) យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
100 (៣) ទីសម្គាល់របស់ព្រះអង្គធំឧត្តុង្គឧត្ដមណាស់
បាដិហារិយ៍របស់ព្រះអង្គ
ក៏ប្រកបដោយឫទ្ធិបារមីដែរ!
ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែង
តរៀងទៅ។