ជំពូក ៦
លោកដានីអែលនៅក្នុងរូងតោ
2 (1) ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ 3(2) ស្តេចតែងតាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្តេច។ លោកដានីអែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។ 4(3) ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីអែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
5 (4) ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីអែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីអែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ 6(5) អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុចាប់កំហុសលោកដានីអែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុដែលជាប់ទាក់ទងនឹងវិន័យរបស់ព្រះគាត់»។ 7(6) បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រ ទូលថា៖ «បពិត្រព្រះមហាក្សត្រដារីយូស សូមព្រះអង្គមានព្រះជន្មគង់នៅរហូតតទៅ! 8(7) មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្តេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបម្រាមដូចតទៅ: “បពិត្រព្រះរាជា ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។ 9(8) បពិត្រព្រះរាជា ឥឡូវនេះ សូមព្រះអង្គឡាយព្រះហស្ដលេខាបញ្ជាក់បម្រាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។
10(9) ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបម្រាមនោះ។
11(10) កាលលោកដានីអែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
12(11) ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីអែលកំពុងតែទូលអង្វរព្រះរបស់លោក។ 13(12) ពួកគេនាំគ្នាចូលទៅគាល់ស្តេច ទូលអំពីរាជបម្រាមនោះថា៖ «បពិត្រព្រះរាជា! តើព្រះអង្គបានឡាយព្រះហស្ដលេខាលើបម្រាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិម៉ែដ និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។ 14(13) ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីអែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបម្រាមដែលព្រះអង្គបានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។ 15(14) កាលស្តេចព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីអែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ព្រះអង្គរិះរកមធ្យោបាយដោះលែងលោកដានីអែល។ 16(15) ប៉ុន្តែ នាម៉ឺនមន្ត្រីទាំងនោះលើកគ្នាមកទូលស្តេចថា៖ «បពិត្រព្រះរាជា! សូមព្រះអង្គជ្រាបថា តាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិពែរ្ស រាជបម្រាម និងរាជក្រឹត្យទាំងប៉ុន្មាន ដែលមានឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រមិនអាចប្រែប្រួលបានជាដាច់ខាត!»។ 17(16) ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីអែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។ 18(17) គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទម្រង់លើថ្មនោះ ពួកមន្ត្រីរបស់ស្តេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីអែលបានឡើយ។
19(18) បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ព្រះអង្គយាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ព្រះអង្គផ្ទំមិនលក់ទាល់តែសោះ។ 20(19) ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ 21(20) ព្រះអង្គចូលទៅជិតរូង ទាំងស្រែកហៅលោកដានីអែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្តុកក្តួលថា៖ «លោកដានីអែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។ 22(21) លោកដានីអែលទូលទៅស្តេចវិញថា៖ «បពិត្រព្រះរាជា សូមព្រះអង្គមានព្រះជន្មគង់នៅរហូតតទៅ! 23(22) ព្រះរបស់ទូលបង្គំចាត់ទេវទូតរបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ 24(23) ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ព្រះអង្គបញ្ជាឲ្យគេយកលោកដានីអែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ 25(24) បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីអែលយកទៅបោះនៅក្នុងរូងតោ ទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
26 (25) ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖
«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! 27 (26) យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីអែល
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ
ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ
ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
28 (27) ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក
ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ
លោកដានីអែលឲ្យរួចពីក្រញាំតោ»។
29 (28) លោកដានីអែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។